កម្មករនាំគ្នាបិទផ្លូវបន្ទាប់ពីរង់ចាំដំណោះស្រាយជិត១សប្ដាហ៍​

កម្មករ-កម្មការិនី បិទផ្លូវទាមទារតវ៉ារឿងប្រាក់ឈ្នួល ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹកសង្កាត់កាកាប (រូបភាព៖ ហ្វេសប៊ុក CAM POST)

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្រេចនាំគ្នាតវ៉ាបិទផ្លូវមុខរោងចក្រនៅថ្ងៃនេះ ដោយសាររង់​ចាំដំណោះស្រាយ​យូរថ្ងៃពេក។

ក្រុមកម្មកររាប់សិបនាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹកសង្កាត់កាកាប បាននាំគ្នាតវ៉ារយៈពេល៦ថ្ងៃមក​ហើយ ដើម្បីទាមទារទៅភាគីពាក់ព័ន្ធជួយដោះស្រាយសំណង ក្រោយថៅកែសម្លាប់ខ្លួនដោយមិនបើកប្រាក់ឈ្នួលជូនពួកគេ។

កម្មករម្នាក់អ្នកស្រី សៀវ ស៊ីម ប្រាប់វីអូឌីថា កម្មករសម្រេចនាំគ្នាបិទផ្លូវ ដោយសារការតវ៉ារយៈពេលប៉ុន្មានថ្ងៃមកនេះ គ្មានភាគីពាក់ព័ន្ធណាចេញមុខរកដំណោះស្រាយជូនពួកគាត់។ អ្នកស្រីបន្តថា កម្មកររំពឹងលើប្រាក់ខែនេះហើយសម្រាប់ចាយវាយប្រចាំថ្ងៃ ដូចជាបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង បង់ធនាគារ និងថ្លៃកូនរៀនជាដើម។

រយៈពេលពីថ្ងៃទី១មកដល់ថ្ងៃនេះហ្នឹងគឺយើងសល់លុយផិតផើយ។ ហើយពួកយើងមិនដឹងបានលុយពីណាមក ដោះស្រាយចំណាយទេ។ អញ្ចឹងហើយបានជាពួកខ្ញុំចេះតែភ័យចេះតែគិតខ្លាច​ថ្នាក់លើគេអត់ដឹង។ អញ្ចឹងខ្ញុំសូមឲ្យសម្តេចជួយ ដល់បងប្អូនកម្មករផង ព្រោះអីជិតដល់ថ្ងៃបង់លុយថ្លៃផ្ទះជួលឲ្យ តែបងប្អូនកម្មករអត់មានទេ សង្ឃេមតែប្រាក់ខែហ្នឹងហើយ

កម្មករម្នាក់អ្នកស្រី សៀវ ស៊ីម

បើតាមកម្មករឲ្យដឹងថា នៅថ្ងៃនេះក្រុមកម្មករបាននាំតវ៉ាបិទផ្លូវជាងកន្លះម៉ោង និងបានបើកវិញបន្ទាប់ពីមន្រ្តីក្រសួងការងារបានចុះទៅដល់ហើយសន្យាជួយដោះស្រាយសំណងជូនពួកគេ។

អគ្គលេខាធិការរង នៃគណៈកម្មាធិការទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្ម លោក វង្ស សុវណ្ណ ដែលចុះដោះស្រាយផ្ទាល់មានប្រសាសន៍ថា មន្រ្តីក្រសួងកំពុងសហការជាមួយរដ្ឋបាលរោងចក្ររៀបចំឯកសារពាក់ព័ន្ធប្រាក់ឈ្នួលរបស់កម្មករទាំងនោះដាក់ជូនរដ្ឋាភិបាលដើម្បីស្នើសុំប្រាក់បុរេប្បទានយកមកដោះស្រាយជូនពួកគេ។​ ប៉ុន្តែលោកមិនបានកំណត់ពេលវេលាជាក់លាក់ក្នុងការផ្តល់សំណងនោះទែ។

យើងកំពុងរៀបចំឯកសារហ្នឹងដើម្បីស្នើសុំរាជរដ្ឋាភិបាល ដាក់សម្តេចតេជោហ៊ុនសែនយើងហ្នឹង ដើម្បីសុំប្រាក់ បុរេប្បទាន។ ឥលូវយើងរៀបនេះ សុំឲ្យធ្វើតារាងប្រាក់ឈ្នួលឲ្យលម្អិតច្បាស់លាស់ ដើម្បីជៀសវាងការខុសឆ្គង ហើយដាក់ឆ្លងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាបន្តបន្ទាប់ទៀត។ អញ្ចឹងគឺថា ខ្ញុំមិនអាចកំណត់ពេលវេលាជាក់លាក់បានទេ ប៉ុន្តែក្រុមការងារយើងនឹងខិតខំបំធ្វើការងារនេះឲ្យបានឆាប់

អគ្គលេខាធិការរង នៃគណៈកម្មាធិការទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្ម លោក វង្ស សុវណ្ណ

កាលពីខែកុម្ភៈកន្លងទៅនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយ​បញ្ហា​ក្រុម​កម្មករ​ជា​បន្ទាន់ បន្ទាប់​ពី​ថៅកែ​រោងចក្រ​កាត់​ដេរ​នានា​បាន​រត់ចោល ដោយ​លោក​ប្រកាសផ្តល់ថវិកាជាង៤លានដុល្លារដើម្បីទូទាត់សំណងជូនកម្មករទាំងនោះ។​

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានសារទរចំពោះយន្តការដោះស្រាយរបស់រដ្ឋាភិបាលនេះ ប៉ុន្តែលោកក៏បានស្នើទៅមន្រ្តីក្រសួងការងារដែលចុះដោះស្រាយនោះត្រូវដោះស្រាយឲ្យប្រាកដប្រជា និងមានតម្លាភាពផងដែរ ដើម្បីកុំឲ្យកម្មករខកចិត្តចំពោះការដោះស្រាយនេះ។

លោក អាត់ ធន់ បន្តថា ក្រៅពីទទួលប្រាក់បុរេប្បទានពីរដ្ឋាភិបាល កម្មករក៏មានសិទ្ធលក់សម្ភាររបស់ក្រុមហ៊ុនដើម្បីទូទាត់សំណងបន្ថែមទៀតផងដែរ។

បើតាមច្បាប់កាលណាថៅកែចុះបញ្ចីនៅក្រសួងពាណិជ្ជកម្មជាសហកម្មសិទ្ធ ទទួលខុសត្រូវមានកំរិតអញ្ចឹង ក្នុងក្របខណ្ឌថវិកាដែលគេបានផ្តល់ដំបូង ឬក៏ដើមទុនធ្វើវិនិយោគហ្នឹងយ៉ាងម៉េច? គេចំនេញភាគហ៊ុនភាគលាភដូចម៉េចហ្នឹង? គឺគេដោះដូរវាដើម្បីទូទាត់សងកម្មករអញ្ចឹងទៅ។ បើអត់ទេសម្ភារទ្រព្យសម្បត្តិអាចលក់ទូទាត់សំណងជូនកម្មករបាន

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់

កម្មករឲ្យដឹងថា រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មានកម្មករសរុប២៧០នាក់ និងមានថៅកែជាជនជាតិកូរ៉េខាងត្បូងបានចង់កសម្លាប់ខ្លួនក្រោយថ្ងៃបោះឆ្នោត ហើយថៅកែរោងចក្រនេះជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ចម្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ