លោក ហ៊ុន សែន អំពាវនាវទៅគ្រប់រោងចក្រត្រូវបង្កើតគិលានដ្ឋានព្យាបាលជំងឺកម្មករ

លោក ហ៊ុន សែន ជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី ០៨ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទៅភាគីពាក់ព័ន្ធរួមទាំងម្ចាស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងទាំងអស់ត្រូវបង្កើតគិលានដ្ឋានឲ្យបានគ្រប់រោងចក្រដើម្បីធានាពីសុវត្ថិភាពរបស់កម្មករ។

ក្នុងជំនួបជាមួយក្រុមកម្មករក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃនេះលោក ហ៊ុន សែន បានថ្លែងថា នៅអាណត្តិថ្មីនេះ ប្រជាពលរដ្ឋរួមទាំងក្រុមកម្មករបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ដែលលោកថា រដ្ឋាភិបាលថ្មីត្រូវតែខិតខំធ្វើ កំណែទម្រង់ដើម្បីឲ្យជីវភាពរបស់ប្រជាពលរដ្ឋ និងកម្មករកាន់តែល្អប្រសើរជាងមុន។

ក្នុងឱកាសនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំឮកទៅភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ ដោយបង្កើតគិលានដ្ឋាន កែលំអរបរិស្ថានក្នុងរោងចក្រឲ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ចំពោះការដឹកជញ្ជូនកម្មករផងដែរ។

ថៅកែត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ គ្រប់ទីកន្លែងទាំងអស់ ដែលមិនទាន់មានគិលានដ្ឋាន ត្រូវធ្វើគិលានដ្ឋានឲ្យគ្រប់រោងចក្រ មិនទាន់មានកន្លែងសម្រាប់ទទួលទានអាហារនៅក្នុងរោងចក្រ ត្រូវខិតខំបង្កើតឲ្យមានក្នុងរោងចក្រ ត្រូវខិតខំកែលំអរបរិស្ថានក្នុងរោងចក្រ ដើម្បីបញ្ចប់ការដួលសន្លប់កម្មករ ត្រូវធានាសុវត្ថិភាពចំពោះកម្មករទាំងក្នុងការងាររោងចក្រ និងទាំងការដឹកជញ្ជូនផងដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានសាទរចំពោះសារអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ ប៉ុន្តែ លោក អាត់ ធន់ ថាដើម្បីឲ្យប្រសាសន៍នោះមានប្រសិទ្ធិភាពលុះត្រាតែរដ្ឋាភិបាលដាក់វិធានការតឹងរឹងឲ្យមន្រី្តដែលពាក់ព័ន្ធចុះតាមដាន និងអង្កេតតាមបណ្តារោងចក្រជាប្រចាំ ដោយតម្រូវឲ្យថៅកែរៀបចំរោងចក្រស្របទៅតាមស្តង់ដារ ទើបអាចកាត់បន្ថយបញ្ហាបាន។

បើគ្រាន់តែអំពាវនាវក្រុមហ៊ុនមិនងាយធ្វើតាមទេ អញ្ចឹងគាត់មានមន្រ្តីក្រសួង មន្រ្តីបរិស្ថាន មន្រ្តីនគរបាល អីហ្នឹង ខ្ញុំគិតថាបើខាងរដ្ឋាភិបាលដាក់វិធានការតឹងរឹងឲ្យមន្រ្តីទាំងអស់ហ្នឹង ចុះទៅធ្វើការអង្កេតតាមនៅតាមរោងចក្រទាំងអស់ ហ្នឹងឲ្យគាត់រៀបចំកែប្រពន្ធរោងចក្រហ្នឹងឲ្យទៅតាមសុវត្ថិភាពស្តង់ដារ វានឹងអាចកាត់បន្ថយបញ្ហាបាន ប៉ុន្តែបើគ្រាន់តែលើកឡើង​ គាត់អត់មានប្រើវិធានការ ហើយមន្រ្តីមួយចំនួននៅតែបន្តកាងពីក្រោយក្រុមហ៊ុន ហើយពេលក្រុមហ៊ុនធ្វើខុសមិនមានការពិន័យ និងចាត់វិធានការទេ ខ្ញុំគិតថាវាមិនអាចទៅរួចទេ

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់

លោក អាត់ ធន់ និយាយថា បើតាមរបាយការណ៍ដែលលោកទទួលបានពីអង្គការ ILO គឺមានរោងចក្រជាង១១០០ក្រុមហ៊ុន ក្នុងនោះ៩០០ក្រុមហ៊ុនមានសិទ្ធិនាំចេញផ្ទាល់ ហើយថា ភាគច្រើនក្រុមហ៊ុនធំៗមានស្តង់ដារបានរៀបចំឲ្យមានពេទ្យប្រចាំការក្នុងរោងចក្រ ខណៈរោងចក្រជាច្រើនទៀត គឺពុំមានគិលានដ្ឋាន ទារកដ្ឋាន និងមិនបានរៀបចំឲ្យមានបរិយាកាសល្អនោះទេ។

របាយការណ៍បេឡាជាតិសន្ដិសុខសង្គមចេញផ្សាយពេលថ្មីៗនេះ បង្ហាញថា ចំនួនកម្មកររោងចក្រកាត់ដេរដួលសន្លប់នៅឆ្នាំ ២០១៧បានកើនឡើង៣៨ភាគរយបើធៀបនឹងឆ្នាំ ២០១៦។ ដោយរបាយការណ៍នេះបញ្ជាក់ថា កម្មកររោងចក្រចំនួន១ ៦០៣នាក់បានដួលសន្លប់ខណៈពេលកំពុងធ្វើការនៅឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹងឆ្នាំមុនចំនួន ១ ១៦០នាក់។

របាយការណ៍ប្រចាំឆ្នាំរបស់ ប.ស.ស នេះផងដែរបង្ហាញថា មានការថយចុះ ៥៦ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងកម្មករកាត់ដេរនៅឆ្នាំ ២០១៧ បើប្រៀបធៀបនឹងឆ្នាំ ២០១៦ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ