អង្គការ UNESCO និងរដ្ឋាភិបាលបង្កើតកម្មវិធីបង្រៀនយុវជនបោះបង់ការសិក្សាតាមប្រព័ន្ធអនឡាញ

លោក ហង់ ជួនណារ៉ុង ពិធី​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​សាកល្បង​កម្មវិធី​សិក្សា​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​សម្រាប់​យុវជន​ ថ្ងៃទី ០៨ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងអប់រំ)

អង្គការ UNESCO និងក្រសួងអប់រំយុវជននិងកីឡា​រួមជាមួយក្រសួងការងារបង្កើតកម្មវិធីបង្រៀនជំនាញតាមប្រព័ន្ធអនឡាញដើម្បីផ្ដល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាអាចបន្តរៀនសូត្របានទៀត ដោយការចាប់យកជំនាញច្បាស់លាស់មួយសម្រាប់ធ្វើការនាពេលអនាគត។

ក្នុងពិធីប្រកាសសម្ពាធដាក់ឲ្យអនុវត្តសាកល្បងគម្រោងកម្មវិធីអប់រំកម្រិតមូលដ្ឋាន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក  ហង់ ជួនណារ៉ុន ថ្លៃងថា យុវជនដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ អាចបន្តការសិក្សា ហើយអាចបន្តទៅថ្នាក់បណ្ដុះបណ្ដាលផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈដែលជួយបង្កើនសមត្ថភាពរបស់ពួកគេបន្ថែមទៀត។

លោកបន្តថា យុវជនមានលទ្ធភាពពង្រឹងសមត្ថភាព និងចំណេះដឹងដែលមានស្រាប់ឲ្យកាន់តែប្រសើរជាងមុន ដើម្បីសម្រេចគោលដៅនិងក្ដីស្រមៃរបស់ខ្លួន ហើយកាត់បន្ថយភាពក្រីក្រដោយទទួលបានការងារសមរម្យជួយលើកកម្ពស់ជីវភាពគ្រួសារផងដែរ។

អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍ យុវជននិងជាអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជននិងកីឡា លោក ចឹក លីម មានប្រសាសន៍ថា ក្នុងកម្មវិធីសិក្សាថ្មីឈ្មោះ«BEEP»នេះ យុវជនអាចរៀននៅផ្ទះតាមប្រព័ន្ធអនឡាញ ប៉ុន្តែក្នុងករណីយុវជនមិនយល់ចំពោះមេរៀនដែលខ្លួនកំពុងរៀននៅត្រង់ចំណុចណាមួយនោះ ពួកគេអាចទៅជួបជាមួយគ្រូផ្ទាល់ដើម្បីសួរត្រង់ចំណុចទាំងអស់នោះបាន។

លោកបន្តថា មុខវិជ្ជាដែលបានដាក់ឲ្យយុវជនសិក្សានោះមានចំនួន ១១ មុខ ក្នុងចំណោមមុខវិជ្ជាទាំងអស់ ​ក៏មានមុខវិជ្ជាគោលសំខាន់ ២ ដែលយុវជនត្រូវសិក្សានោះ គឺគណិតវិទ្យានិងភាសាខ្មែរ ។

នេះជាមុខវិជ្ជាគោលដែលសិស្សមានបំណងចង់ចូលសិក្សាកម្មវិធីBEEPហ្នឹងគឺគាត់ត្រូវតែរៀន ទី២គឺមានមុខវិជ្ជាមុខវិជ្ជាបច្ចេសទេសមួយចំនួនផ្សេងទៀត ដូចជា ទេសចរណ៍ សហគ្រិនភាព ភាសាអង់គ្លេស ហើយICT នេះជាមុខវិជ្ជាឯកទេស បច្ចេកទេសមួយដែលអាចឆ្លើយតបជាមួយនឹងការចាប់អារម្មណ៍និងតម្រូវការជាក់ស្ដែងរបស់យុវជនហើយនឹងមានមុខបន្ថែមមួយចំនួនទៀត ដែលអនុវត្តន៍ដោយក្រសួងការងារនិងបណ្ដុះបណ្ដលវិជ្ជាជីវៈគឺមានមុខវិជ្ជា គីមីវិទ្យា រូបវិទ្យា គណិតវិទ្យាកម្រិតទី២ និងមុខវិជ្ជាសម្រាប់ផ្ដល់ចំណេះដឹងនិងជំនាញអំពីការរៀបចំឥរិយាបថយ៉ាងដូចម្ដេចដើម្បីឲ្យគាត់រៀបចប់ទៅគាត់ត្រូវធ្វើយ៉ាងដូចមេច

អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍ យុវជននិងជាអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជននិងកីឡា លោក ចឹក លីម

លោកបន្តថា កម្មវិធីនេះនឹងចាប់ផ្ដើមអនុវត្តន៍សាកល្បងនៅមណ្ឌលសិក្សាចំនួន ១០ កន្លែង គឺ រាជធានីភ្នំពេញចំនួន ៥​មណ្ឌល    និងខេត្តសៀមរាបចំនួន ៥ មណ្ឌល។ លោកបន្តថា  យុវជនដែលខេត្តសៀមរាបអាចចុះឈ្មោះសិក្សានៅមណ្ឌលជាតិយុវជនកម្ពុជា  ហើយសម្រាប់នៅរាជធានីភ្នំពេញយុវជនអាចចុះឈ្មោះនៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា។

តំណាងអង្គការយូណេស្គូលោក សេនតូ ឃែទ្រី មានប្រសាសន៍ថា ការបង្កើតកម្មវិធីនេះឡើង ដើម្បីជួយជំរុញឲ្យយុវជនដែលបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ មានឱកាសកាន់តែច្រើន​ក្នុងការទទួលបានការអប់រំឡើងវិញ។ លោកបន្តថា កន្លងមកសិស្សដែលបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យតិចតួចដែលវិលមករកការអប់រំជាថ្មី។​

បើតាមរបាយការណ៍របស់អង្គការ Aide et Action (AEA)ចេញផ្សាយ​ឆ្នាំ២០១៧ បាន​ឲ្យ​ដឹង​ថា​ កុមារ​កម្ពុជា​ជាង​២៥ម៉ឺន​នាក់​បាន​បោះ​បង់​ការ​សិក្សា​របស់​ខ្លួន​នៅ​កម្រិត​បឋម​សិក្សាដើម្បីទៅជួយបំពេញការងារឪពុកម្តាយដោយសារជីវភាពក្រីក្រ    ខណៈអង្គការមួយនេះបានជួយ​កុមារ​កម្ពុជា​ក្រីក្រប្រមាណ៦ម៉ឺននាក់ឲ្យ​​ត្រឡប់​ទៅ​សាលា​រៀន​វិញក្នុងរយៈពេល៤​ឆ្នាំ​ចុងក្រោយ​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ