សមាជិកសភាអូស្ដ្រាលីមួយរូបបានជំរុញទៅរដ្ឋាភិបាលរបស់ខ្លួនឲ្យកៀងគរភាគីហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឲ្យបើកកិច្ចប្រជុំឡើងវិញ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។
ក្នុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃចន្ទម្សិលមិញ សមាជិកសភាសហព័ន្ធមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill បានស្នើទៅរដ្ឋាភិបាលលោក Malcolm Turnbull ឲ្យធ្វើការជាមួយបណ្ដាប្រទេស និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ជួបប្រជុំគ្នាពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
លោក Julian Hill ក៏ទាមទារឲ្យរដ្ឋាភិបាលអូស្ដ្រាលីឈប់ចុះកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនជាមួយកម្ពុជា និងស្នើដាក់ទណ្ឌកម្មជាក់លាក់លើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដូចជា ថ្កោលទោសការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដា ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការលើមន្ដ្រីជាន់ខ្ពស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ។
លោក Julian Hill ថ្លែងក្នុងកិច្ចប្រជុំសភានោះថា៖
សមាជិកសភាសហព័ន្ធមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ច្រានចោលការលើកឡើងរបស់សមាជិកសភាអូស្ដ្រាលីរូបនេះ ដោយថា គ្មានបរទេសណាមួយអាចបំពានអធិបតេយ្យ និងឯករាជ្យភាពកម្ពុជាបានទេ។
លោកថា គណបក្សប្រជាជន ដែលជាគណបក្សទទួលបានសំឡេងច្រើនជាងគេនៅអាណត្តិនេះ មិនខ្វល់ការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅនោះទេ ដោយលោកសំអាងលើរបាយការណ៍របស់ គ.ជ.ប ដែលថា មានពលរដ្ឋកម្ពុជាដល់ទៅ៨៣ភាគរយ បានចេញទៅបោះឆ្នោត និងបានសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថាការស្នើរបស់លោក Julian Hill បង្ហាញថា សហគមន៍អន្ដរជាតិកំពុងយកចិត្តទុកដាក់ជុំវិញការបោះឆ្នោតនៅកម្ពុជា ដែលបញ្ចប់ទៅកាលពីថ្ងៃទី២៩កក្កដាកន្លងទៅថ្មីៗនេះ។ លោកថា វិធានការជាក់លាក់មួយចំនួន នឹងអាចកើតមានឡើង បន្ទាប់ពីកម្ពុជាបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួន។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី
បន្ទាប់ពីកម្ពុជាបញ្ចប់ការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ ក្រុមប្រទេសលោកសេរីមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងរិះគន់ការបោះឆ្នោតនេះថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានបង្ហាញនូវការខកចិត្ត ខណៈប្រទេសខ្លះ ក៏កំពុងពិចារណាទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើកម្ពុជាផងដែរ៕