គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃនេះ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍នៃការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦  នៅថ្ងៃពុធនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនេះ គឺបន្ទាប់ពីគ្មានពាក្យបណ្ដឹងដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវដោះស្រាយបន្ដទៀតនោះទេពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន។

ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនេះ នឹងចាប់ផ្ដើមពីម៉ោង ៧និង៣០ល្ងាច តាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា FM 96M Hz វិទ្យុជាតិកម្ពុជា AM 918KMz វិទ្យុវត្តភ្នំ FM 105.70MHz វិទ្យុ និងទូរទស្សន៍អនឡាញរបស់ គ.ជ.ប។

គ.ជ.ប បញ្ជាក់ទៀតថា លទ្ធផលបោះឆ្នោតផ្លូវការ គឺជាការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ដ្រ និងចំនួនអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលនីមួយៗ។

ប៉ុន្ដែ បើតាមលទ្ធផលបណ្តោះអាសន្នដែលចេញដោយ គ.ជ. ប បង្ហាញថា ​គណបក្សប្រជាជនកម្ពុជាទទួលបាន​សំឡេង​ច្រើន​ជាងគេនៅគ្រប់រាជធានី-​ខេត្ត ពោលគឺគណបក្សកាន់អំណាចមួយនេះទទួលបានសំឡេង ៤,៨៨៩,១១៣។ ចំណែឯ គណបក្សដែលបានសំលេងលំដាប់ទី២ និងទី៣ គឺគណបក្សហ៊្វុនស៊ីនប៉ិចទទួលបាន ៣៧៤,៥១០សំឡេង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន​ ៣០៩,៣៦៤សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ