បក្សរាជា​និយម​ព្រមានមន្រ្តីខ្លួន​មិនឲ្យរត់ការ​រក​តំណែង​ ក្រោយ​លោក ហ៊ុន សែន បង្ហើប​ឲ្យ​ដឹង

ប្រធានគណៈកម្មការដោះស្រាយកិច្ចការទូទៅរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី (រូបភាព៖ ដើមអម្ពិល)

បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា មានមន្រ្តីមួយចំនួនក្នុងគណបក្សហ៊្វុនស៊ិនប៉ិច និងបក្សមួយផ្សេងទៀត កំពុងរត់ការយកលុយដើម្បីទទួលបានតួនាទីនោះ កាលពីម្សិលមិញនេះ គណបក្សហ៊្វុនស៊ិនប៉ិចបានព្រមានទៅមន្រ្តីរបស់ខ្លួន មិនឲ្យធ្វើបែននោះទេ ដោយថា ករណីនោះវាពុំមែនជានយោបាយរបស់បក្ស និងជាសកម្មភាពពុករលួយ។

គណបក្ស​រាជា​និយមួយ​នេះ បាន​ព្រមាន​ទៅ​មន្ត្រី​របស់​ខ្លួន​បែប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកម្មករនៅរាជធានីភ្នំពេញកាលពីម្សិលមិញ បាន​បង្ហើប​ឲ្យ​ដឹង​ថា គណបក្សចំនួនពីរ កំពុងរត់ការយកលុយ ដើម្បីបានតួនាទីណាមួយដែលរដ្ឋាភិបាលប្រគល់ជូនក្នុងអណត្តិថ្មីនេះ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​សំដៅ​ទៅ​ដល់​គណបក្សខ្មែររួប​រួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងមន្រ្តីមួយចំនួនក្នុងជួរគណបក្សហ៊្វុនស៊ិនប៉ិច។

ប៉ុន្តែ មានពីរគណបក្សកំពុងតែរត់ការយកលុយ។ ទី១ គណបក្សខ្មែររួបរួម[ជាតិ] ទី២ មានមនុស្សមួយចំនួនក្នុងហ៊្វុនស៊ិនប៉ិច​កំពុងរត់ការយកលុយ។ សុំផ្តាំទៅមួយឆាវដំបូងនេះ មានតែគណបក្សប្រជាជនទាំងអស់នៅក្នុងរដ្ឋាភិបាល អត់មាន​លាយឡំ ប៉ុន្តែ បន្តទៅចាំខ្ញុំពិនិត្យទៅដល់គណបក្សមួយចំនួនដែលមាន​ធនធានមនុស្សគ្រាន់បើ។ ខ្ញុំអាចអញ្ចើញគេឲ្យមកធ្វើជា​រដ្ឋលេខធិការ ឬអនុរដ្ឋលេខធិការ ឬទីប្រឹក្សាររាជរដ្ឋាភិបាល ខ្ញុំនឹងពិនិត្យតាមក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប៉ុន្តែ ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៥ ខែសីហា ប្រធានគណៈកម្មការដោះស្រាយកិច្ចការទូទៅរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី បានហាមឃាត់ដាច់ខាតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​នៃគណបក្សនេះ ដោយមិនឲ្យយកលុយរត់ការដើម្បីបានតំណែង ឬតួនាទីណាមួយនោះឡើយ និងព្រមានថា បើបុគ្គលណាជាប់ពាក់ព័ន្ធករណីនេះ ត្រូវទទួលទោសចំពោះមុខច្បាប់។

វីអូឌី​បាន​ស្វែង​រក​ការ​បក​ស្រាយ​ពី​គណបក្ស​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ផង​ដែរ ប៉ុន្តែ លេខ​ទូរស័ព្ទ​របស់​លោក និង​អ្នក​នាំ​ពាក្យ​​គណបក្ស​នេះ ពុំ​អាច​ទាក់​ទង​បាន​នោះ​ឡើយ។

បើតាមលទ្ធផលបណ្តោះអាសន្នដែលចេញដោយ គ.ជ.ប. បង្ហាញថា ​គណបក្សប្រជាជនកម្ពុជាទទួលបាន​សំឡេង​ច្រើន​ជាងគេនៅគ្រប់រាជធានី-​ខេត្ត ពោលគឺគណបក្សកាន់អំណាចមួយនេះ ទទួលបានសំឡេង ៤,៨៨៩,១១៣។

ចំណែឯ គណបក្សដែលបានសំលេងលំដាប់ទី២ និងទី៣ គឺគណបក្សហ៊្វុនស៊ីនប៉ិចទទួលបាន ៣៧៤,៥១០សំឡេង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន​ ៣០៩,៣៦៤សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ