តុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ បើកសវនាការជំនុំជម្រះក្តីលើស្រ្តីពីរនាក់ដែលជាជនសង្ស័យសម្លាប់លោក គីម ជុងណាម ជាបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
តាមការចុះផ្សាយរបស់សារព័ត៌មាន Straitstimes របស់សឹង្ហបុរី តុលាការកំពូលម៉ាឡេស៊ីនឹងសម្រេចនៅថ្ងៃនេះថាស្រ្តីជនជាតិវៀតណាម និង ស្រ្តីជនជាតិឥណ្ឌូនេស៊ីដែលជាជនសង្ស័យទាំងពីរនាក់នោះនឹងត្រូវលើកលែង ឬបន្តអនុវត្តន៍ទោស។
ស្រ្តីទាំងពីរនាក់អាចនឹងប្រឈមនឹងទោសប្រហារជីវិតប្រសិនណាបើតុលាការឃើញថាពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ។ ទោះបីជាមានការចោទប្រកាន់យ៉ាងណាក៏ដោយ ក៏ស្រ្តីទាំងពីរនេះតែងតែបដិសេធថាខ្លួនមិនបានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។
លោកគីម ជុងណាម ត្រូវបានឃាតករសម្លាប់នៅព្រលានយន្តហោះទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ ដោយឃាតករបានប្រើសារពុលម្យ៉ាងឈ្មោះVX ដែលជាសារធាតុមួយដែលអង្គការសហប្រជាជាតិហាមមិនឲ្យមានការប្រើប្រាស់៕