ចិន​ថា​នឹង​ចែក​រំ​លែក​បទ​ពិ​សោធន៍​គ្រប់​គ្រង​ប្រទេស​ដល់រដ្ឋាភិបាលថ្មីរបស់​​កម្ពុ​​ជា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង (រូបភាព៖ ហ្វេសប៊ុក លោក​ ហ៊ុន សែន)

មហាអំណាចយក្សចិនប្រកាស​ជំហរថា​នឹងចែ​​ករំ​​លែ​​​​ក​​​ប​ទ​ពិសោ​ធន៍​ផ្នែក​​គ្រ​ប់​​គ្រង​​ប្រទេ​​ស​ដល់​កម្ពុ​​ជា ​​​​​​បន្ទាប់ពីប​ក្ស​​​កា​​ន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះការ​បោះឆ្នោ​តដោយ​គ្រ​​ប់​គ្រ​ងបាន​អា​​​ស​នៈទាំងអស់ក្នុងសភានៅ​អាណត្តិថ្មី​នេះ។​

កាលពីថ្ងៃពុធ ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ បានដកស្រង់សម្តី ប្រធានាធិតីចិន លោក ស៊ី ជីនពីង មកចុះ​ផ្សា​​យថា ចិននឹ​ង​បន្ដ​រឹតចំណងកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោ​ធន៍ដល់កម្ពុជា ខាង​ផ្នែក​គ្រប់​គ្រ​ង​​​ប្រ​​ទេស ដឹកនាំបក្ស និងជួយគាំទ្រដល់ការអភិវឌ្ឍជាតិ។

បក្សកុម្មុយនីស្ដចិន ផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះចំណងកិច្ចសហប្រតិការមិត្តភាព​ជាមួ​យ គណបក្សប្រជាជនកម្ពុជា ហើយមានឆន្ទៈជួយ​លើក​កម្ពស់​ដល់ផ្នែកនយោបា​យស្ដីពីទំ​នា​ក់ទំន​ង​ទ្វេភាគី […] ពង្រឹងបទ​ពិសោធន៍​ចែករំលែ​កផ្នែកគ្រ​ប់គ្រ​ង​ប្រ​ទេស និងដឹក​នាំប​ក្ស […] ដើម្បីផល​ប្រយោ​ជន៍​ប្រជាពលរដ្ឋ និង ប្រទេសទាំងពីរ

លោកប្រធានាធិបតីចិន ស៊ី ជីនពីង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ​​សុខ ឥសាន ហៅជំហរបស់ចិននេះថា ​ជាសន្តាន​ចិត្តដ៏​ល្អរបស់​ចិនសម្រាប់​ក​ម្ពុជា។

ប៉ុន្តែនៅពេលសួរថា តើបក្សកាន់ណាចបារម្ភពីឥទ្ធិពលចិន​នេះ អាចនឹង​ទា​ញកម្ពុ​ជាឲ្យ​​វិ​​​ល​ទៅ​រករបបកុម្មុ​យ​​នីស្ត​​ផ្តាច់ការ ដូចពីអតីតកាលឬទេ? អ្នកនាំពាក្យរូបនេះឆ្លើយថា វាអា​​ស្រ័យ​លើជំហរបស់​ក​ម្ពុ​ជា​ខ្លួនឯ​ង​​តែប៉ុណ្ណោះ ។

ប្រទេសជាមិត្តគេឲ្យបទពិសោធន៍ អាហ្នឹងជាសន្តានចិត្តល្អរបស់គេ ក៏ប៉ុន្តែចំពោះកា​រទទួល​យ​កបា​​ន​ ឬមិនបានរបស់យើង វាស្របតាមសភាពការណ៍ជាក់ស្តែងរបស់យើង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ​​សុខ ឥសាន

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សរសេរនៅលើទំព័រ​ហ្វេសប៊ុក របស់លោក ​នៅសប្តាហ៍នេះថា ចិនបានសម្រេចមហិច្ឆតាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច​ និងនយោបាយនៅកម្ពុជា។

ចំណែក​អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ បានសរសេរ​នៅលើទំព័រហ្វេសប៊ុក របស់​លោក​ដែរ ថា ចិនកំពុង​ប្រើ​​យុ​ទ្ធ​សាស្ត្រធំៗ៣ដើម្បីទន្ទ្រានទីផ្សារនិងពង្រីកឥទ្ធិពល​លើទឹកដីកម្ពុជា​។

លោ​ក​​​ថា​​​​យុ​​ទ្ធ​​សា​ស្ត្រ​ទី១ ចិនឆក់យកបេះដូងកម្ពុជា តាមរយៈកសាងភាព​ល្អូក​ល្អឺ​នជា​​មួយ​រដ្ឋាភិបាល។ យុទ្ធសាស្ត្រទី២ ចិនចាក់បញ្ចូលឈាម តាមរយៈផ្តល់កម្ចីសាធារណៈដល់កម្ពុជា និង​ទី៣ចិនត្រួ​​​ត​​​​ត្រា​គ្រោ​ង​ឆ្អឹង របស់​កម្ពុ​ជា គឺត្រួតត្រាហេដ្ឋារច​នាសម្ពន្ធ័សំ​ខាន់ៗមានកំពង់​ផែស​មុទ្រ​ជា​ដើ​ម​។

លោក ង៉ែត ជូ បានលើកជា ​ឧទា​​ហ​​​រ​ណ៍ថា មហាអំណាចយ​ក្សចិន បានធ្វើរួច​ហើយទៅលើបណ្តាប្រ​ទេស​មួ​យ​​ចំ​​នួន ​ដូចជារឹប​អូស​យក​កំពង់​ផែ​​សមុទ្រនៅស្រីលង្កា និងនៅប្រេស៊ីល។

ភ្លាមៗក្រោយប្រកាសលទ្ធផល​បោះឆ្នោត​ទាំងប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីចិន បានប្រកាសសាទរជ័យជម្នះ​គណបក្សកាន់អំណាច​របស់លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ខណៈដែល​សហរដ្ឋអាមេរិក​បាន​ព្រមានពង្រីក​ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ