ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញជាថាថ្មីម្ដងទៀតដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកទោសនយោបាយ អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សឲ្យមានសេរីភាពឡើងវិញ។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Ravina Shamdasani លើកឡើងក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពីប្រទេសកម្ពុជាដែលចេញនៅថ្ងៃនេះថាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានគេឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ។
អ្នកស្រីក៏បានអំពាវនាវផងដែរដល់រដ្ឋាភិបាលកម្ពុជាឲ្យលុបចោលផងដែរនូវបំរាមទៅលើអតីតមន្រ្តីបក្សប្រឆាំងមិនឲ្យធ្វើសកម្មភាពនយោបាយ ហើយត្រូវការពារនិងពង្រីកលំហសម្រាប់សង្គមស៊ីវិល។
កាលពីដើមខែមីនាកន្លងទៅ មន្ដ្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein ក៏ធ្លាប់បានអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយនិងអ្នកការពារសិទ្ធិមនុស្សក្នុងកិច្ចប្រជុំកិច្ចមួយដែលផ្ដោតសំខាន់លើរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សលើសកលលោក៕