ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់មួយដែលកំពុងកើតឡើងនៅរដ្ឋ ឃឺរ៉ាឡា (Kerala) ភាគខាងជើងនៃប្រទេសឥណ្ឌា បានកើងឡើងរហូតដល់ជាង៣០០នាក់។
ប្រមុខរដ្ឋឃឺរ៉ាឡាលោក Pinarayi Vijayan បានសរសេរនៅលើTwitter របស់លោកកាលពីយប់ម្សិលមិញថាមនុស្ស៣២៤នាក់បានស្លាប់ ចាប់តាំងពីមានទឹកជំនន់ជន់លិចរដ្ឋនេះ។ លោក Pinarayi Vijayan បានឲ្យដឹងថាគ្រោះទឹកជំនន់នេះជាទឹកជំនន់ដ៏សែនអាក្រក់មួយដែលកើតឡើងក្នុងរដ្ឋរបស់លោកក្នុងរយៈពេលមួយសតវត្សមកនេះ។
តាមលោក Pinarayi Vijayan ពេលនេះទំនប់ចំនួន៨០ត្រូវបានបើកដើម្បីរំដោះទឹក ហើយប្រជាជននតំបន់នេះចំនួន២២៣១៣៩នាក់ត្រូវបានជម្លៀសទៅជំរំជាង១៥០០។
ជាធម្មតាភ្លៀងតែងធ្លាក់ច្រើននៅរដ្ឋឃឺរ៉ាឡានារដូវវស្សា ប៉ុន្តែភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងជាងធម្មតារាប់សិបដងចាប់តាំងពីថ្ងៃទី១៤សីហាមកដោយសារតែតំបន់នេះបានរងប្រព័ន្ធសម្ពាធទាប។ តាមអាជ្ញាធរឥណ្ឌា រដ្ឋនេះនឹងប្រឈមនឹងធ្លាក់ខ្លាំងទៀតនៅចុងសប្តាហ៍នេះ៕