លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកនឹងខិតខំបម្រើប្រជារាស្ត្រ និងអភិវឌ្ឍប្រទេសបន្តទៀត បន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីកាលពីពីរថ្ងៃមុន។
លោក ហ៊ុន សែន ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលទើបតែត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ឈ្នះអាសនៈទាំង ១២៥នៅក្នុងការបោះឆ្នោតកាលពីចុងខែកក្កដានោះ បានសរសេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា លោកនឹងមិនធ្វើឲ្យប្រជាពលរដ្ឋខកបំណងឡើយ និងថា ជ័យជម្នះរបស់គណបក្សលោក គឺជាជ័យជម្នះរួមរបស់កម្ពុជាទាំងមូល។
ការប្រកាសរបស់លោក ហ៊ុន សែន បែបនេះ គឺបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ដែលថា គណបក្សប្រជាជនកម្ពុជាក្ដោបក្ដាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា នីតិកាលទី៦នេះ។
ប៉ុន្ដែ ក្រុមអ្នកវិភាគនយោបាយ និងឃ្លាំមើលការបោះឆ្នោតវិញយល់ថា សភាដឹកនាំដោយបក្សតែមួយបែបនេះ មិនអាចធ្វើឲ្យកម្ពុជាមានការរីកចម្រើនលឿនដូចសភាពហុបក្សនោះទេ៕