ព័ត៌មានថ្មី៖ តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក កឹម សុខា

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

តុលាការកំពូលនៅថ្ងៃពុធនេះ បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំ របស់អតីតមេដឹក​នាំបក្ស​ប្រ​ឆាំ​​ង​​​​លោក កឹម សុខា និងបង្គាប់ឲ្យបន្តឃុំខ្លួននៅក្នុងពន្ធនាគារដដែល។

លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ គិតមកដល់ថ្ងៃពុធ​នេះ មេ​ដឹ​ក​​​​​​នាំ​​បក្សប្រឆាំងធ្លាប់ធ្វើការផ្នែកសិទ្ធិមនុស្សរូបនេះ បានជាប់ពន្ធនាគារជិត១ឆ្នាំហើយ​។

ប៉ុន្តែ​សំណុំរឿងដ៏ចម្រូងចម្រាសននេះ ត្រូវបាន​មេធាវីការពារក្តីប្តឹងជំទាស់ជា​បន្តបន្ទាប់រហូតដ​ល់តុលា​ការ​កំពូ​ល​បើកសវនាការនៅថ្ងៃពុធនេះ ទាក់ទិនទៅនឹងបណ្តឹងសុំនៅក្រៅឃុំ។

ក្រោយបិទបញ្ចប់សាវនាការ មេធាវីការពារក្តី លោក ផែង ហេង ប្រាប់អ្ន​ក​សារ​​ព័​ត៌​មា​នថា តុលាការកំពូល បា​ន​សម្រេចត​ម្ក​​ល់សា​លដីកាសាលា​ឧទ្ធរណ៍ ទុកជាបានការ និងបង្គាប់ឲ្យបន្តឃុំខ្លួនកូនក្តីរបស់លោក គឺលោក កឹម សុខា ទោះបីជាមេធាវីលើកឡើងថា បញ្ហា​ជំងឺកៀបសរសៃរប​ស់កូនក្តី ត្រូ​វការចេញ​ទៅ​វះកា​ត់នៅ​ក្រៅ​​​ប្រទេសក៏ដោយ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា មេបក្សរបស់ខ្លួន ហាក់បាន​ត្រូវចាប់ ធ្វើជាចំណាប់ខ្លំាង ដើម្បីជាថ្នូរអ្វីមួយជាមួយសហគមន៍អន្តរជាតិ។ ប៉ុន្តែលោកជឿងថា តាមប្រតិកម្ម​ពីរ​យៈ​ស​​​​ហគ​មន៍​អន្ត​រ​ជាតិ លោក កឹម​ សុខា អាចនឹងត្រូវដោះលែងឆាប់ៗ។

ជាទូទៅខ្ញុំយល់ថា គណបក្សកាន់អំណាច ឲ្យតែកាលណាលោកមានស្អី​កៀបជាប់នៅ​នឹងដៃហើ​យ​​ប៉ុ​ណ្ណោះហើយ មិនមានអ្វីត្រូវដោះលែងដោយមិនមានថ្នូរទៅនឹងអ្វីមួយនោះទេ ជាមួយនឹ​ងអន្តរជា​តិនោះ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក កឹម សុខា ពីបទ«ក្បត់ជាតិ»តាម​បណ្តឹងរបស់រដ្ឋា​ភិ​បា​ល។ ប៉ុន្តែកា​រចោទ​ប្រ​​កាន់​​នេះ​​ជំរុញឲ្យ​សហគមន៍អន្តរជាតិលោកសេរី វាយត​ម្លៃថា ជាចេតនា​នយោ​បា​យ​​​​​ចង់បំបាត់​សំ​ឡេ​​ង​ប្រ​ឆាំ​ង និងជំរុញឲ្យដោះលែងវិញ ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

អ្នកតាមដាននយោបាយ និងវិភាគបញ្ហាសង្គមលោក គឹម សុខ វិភាគថា ការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ កើតចេញពីការភ័យខ្លាចបាត់បង់អំណាច របស់ដៃគូប្រកួត។

អ្នកវិភាគរូបនេះ យល់ថា លទ្ធភាពនៃការដោះលែងលោក កឹម​សុខា អាចត្រូវការពេលបន្ថែមទៀត ដើម្បីឲ្យអ្នក​គាំទ្រលោក កឹម សុខា និងអ្នកគាំទ្រលោក សម រង្ស៊ី វាយប្រហារគ្នាកាន់តែខ្លាំង ឈានដល់​ការបែកបាក់។

គោលដៅរបស់គេ គេមិនគ្រាន់តែចង់ធ្វើជានាយករដ្ឋមន្ត្រីទេ គោលដៅរបស់គេគឺគេចង់​ឈ្នះឲ្យ​បានយូរ ​ហើយ​បើការចង់ឈ្នះឲ្យបានយូលុះត្រាតែគេបំបែកសម្ព័ន្ធភាព ដែលជា ការពេញចិត្ត រវាងលោក សម រង្ស៊ី និងលោ​​ក កឹម សុខា ។ដូច្នេះបើនៅក្នុងកាលៈទេសៈដែលអ្នកទាំង ពីរនៅរឹងមាំ នៅឡើយទេ ការដោះ​លែ​​ង​​លោក កឹម សុខា ពុំមានសង្ឃឹមទេ ឬក៏សង្ឃឹមតិចតួចណាស់

អ្នកតាមដាននយោបាយ និងវិភាគបញ្ហាសង្គមលោក គឹម សុខ

នៅថ្ងៃនេះដែរ ការិយាល័យឧត្តមស្នងការអ​ង្គការសហប្រជាជា​តិប្រចាំកម្ពុជា បានសរសេរនៅ​លើគេ​ហព័​រ​រ​ប​ស់ខ្លួន អំពាវនាវឲ្យលែងលោក កឹម សុខា និងសកម្មជននយោបាយ​ផ្សេងទៀត ដោយថា ចាត់ទុកថា​ កា​របន្ត​ឃុំ​ខ្លួនអ្នក​ទាំ​ង​នោះ​ធ្វើឡើ​ង​ដោយ​បំពាន​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ