អង្គការអន្ដរជាតិមួយជំរុញឲ្យបន្ថែមសម្ពាធលើរដ្ឋាភិបាលទោះដោះលែងអ្នកជាប់ឃុំ​

លោក អ៊ួន ឈិន លោក យាង សុធារិន្ទ និងអ្នកស្រី ទេព វន្នី

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយបានជំរុញឲ្យបន្ថែមសម្ពាធលើរដ្ឋាភិបាលកម្ពុជា បើទោះបីជាអ្នកជាប់ឃុំ​មួយចំនួន រួមមានអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃម្សិលមិញ អង្គការអន្ដរជាតិ Civil Rights Defenders ដែលមានមូលដ្ឋាននៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត បានស្វាគមន៍ចំពោះការដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់  អ្នកព័ត៌មានវិទ្យុអាស៊ីសេរី និងអ្នកទោសមនសិការផ្សេងៗទៀត។ ប៉ុន្ដែ អង្គការមួយនេះថា ពួកគេទាំងនេះ មិនគួរត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោសតាំងពីដំបូងមកម្ល៉េះ ដោយហេតុថា អ្នកស្រី ទេព វន្នី បានចូលរួមការតវ៉ាដោយសន្ដិវិធីប្រឆាំងនឹងការរំលោភយកដីសហគមន៍របស់ពួកគាត់។

មួយថ្ងៃប៉ុណ្ណោះក្រោយការដោះលែងអ្នកស្រី ទេព វន្នី អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២នាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក៏ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំផងដែរ កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីពួកគេរងការចោទថា បានលួចផលិតព័ត៌មានបញ្ជូនទៅសហរដ្ឋអាមេរិក និងបង្កអសន្ដិសុខដល់ស្ថិរភាពជាតិ។

ប៉ុន្ដែ បើតាមសេចក្ដីថ្លែងការណ៍ អង្គការ Civil Rights Defenders ទទូចឲ្យសហគមន៍អន្ដរជាតិដាក់សម្ពាធបន្ថែមទៀតមកលើរដ្ឋាភិបាល ជុំវិញការធ្វើឲ្យធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយថា រដ្ឋាភិបាលមួយនេះមិនអាចយកជីវិត និងសេរីភាពរបស់ពលរដ្ឋ មកធ្វើជាខែលដើម្បីបន្ថយការរិះគន់លើការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយ និងបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនឡើយ។

អង្គការមួយនេះក៏ស្នើដល់សហភាពអឺរ៉ុបឲ្យបន្ដការស៊ើបអង្កេតថែមទៀតចំពោះការអនុវត្តរបស់កម្ពុជា ជុំវិញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន និងប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀង «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ