ពលរដ្ឋនៅ​បន្ទាយមានជ័យ​ស្នើ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ត​បណ្ដាញ​ទឹក​ស្អាត​ឡើង​វិញ

ប្រជាពលរដ្ឋរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជំរុញទៅអាជ្ញាធរ​ឲ្យ​ជួយអន្តរាគមន៍ទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតតភ្ជាប់បណ្ដាញ​ទឹកឲ្យពួកគេប្រើប្រាស់ឡើងវិញ (រូបភាព៖ ពលរដ្ឋនៅស្រុកមង្គលបូរី)

ប្រជាពលរដ្ឋរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជំរុញទៅអាជ្ញាធរ​ឲ្យ​ជួយអន្តរាគមន៍ទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតតភ្ជាប់បណ្ដាញ​ទឹកឲ្យពួកគេប្រើប្រាស់វិញ ដោយមិនត្រូវចំណាយប្រាក់បន្ថែម ដោយថា ប្រព័ន្ធទឹកស្អាតរបស់ពួកគេកន្លងមក ត្រូវ​បាន​កាត់​ផ្ដាច់​បន្ទាប់ពីអាជ្ញាធរធ្វើផ្លូវជាតិលេខ៥។

តំណាងប្រជាពលរដ្ឋភូមិវត្តថ្មី លោក ហ៊ុន រ៉ូ ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់នៅភូមិចំនួន៤ នៃឃុំភ្នំតូច មិនមានទឹកស្អាតប្រើប្រាស់ជាង ១​ខែ​មកហើយ ដោយក្រុមហ៊ុនកាត់ផ្ដាច់ប្រព័ន្ធទឹកស្អាតចាប់តាំងពីអាជ្ញាធរធ្វើផ្លូវជាតិ៥​។ អ្នក​ភូមិ​រូប​នេះ បាន​ប្រាប់​ថា ក្រុមហ៊ុន​មិនទាន់តភ្ជាប់បណ្ដាញ​ទឹក​ស្អាត ឲ្យពួកគាត់ប្រើប្រាស់វិញនោះទេ។

លោកបន្តថា ក្រុមហ៊ុនបានទាមទារឲ្យពួកគាត់បង់ប្រាក់ចំនួន ៦០ ០០០​រៀល (ប្រាំមួយម៉ឺនរៀល) ក្នុងមួយគ្រួសារ  ដោយថា ប្រសិន​បើ​ពួកគាត់ចង់ប្រើប្រាស់ប្រព័ន្ធទឹកស្អាតវិញ។

លោកបន្តថា កន្លងមក ពួកគាត់បាននាំគ្នា​ទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំ និងស្រុកឲ្យជួយដោះស្រាយ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ មិនទទួលបានលទ្ធផលអ្វីនោះឡើយ។

អញ្ចឹង ពួកខ្ញុំអត់ទឹកជាង ១ខែហើយ កុំបានទឹកភ្លៀងមិនដឹងថា បានទឹកណាប្រើប្រាស់ បើក្រុមហ៊ុនធ្វើអញ្ចឹង ហើយគាត់អត់ដោះស្រាយបញ្ហាហ្នឹងផង។ រហូតដល់ពួកខ្ញុំជូនញត្តិហ្នឹង​ទៅដល់ខាងមន្ទីរខេត្តទៅទៀត មន្ទីរនិយាយតែមាត់ តែអត់ធ្វើ។ ខាងស្រុកដូចគ្នា ហើយខាងឃុំហាក់ដូចជាព្រងើយកង្តើយ​តែម្ដង។ ខ្ញុំជម្រាបជូនជាព័ត៌មានអញ្ចឹងតែម្ដង

តំណាងប្រជាពលរដ្ឋភូមិវត្តថ្មី លោក ហ៊ុន រ៉ូ

ប្រជាពលរដ្ឋម្នាក់​ទៀត លោក លឹម ប៊ុនលី មានប្រសាសន៍ថា ភាគីខាងក្រុមហ៊ុនទឹកស្អាតបានចុះទៅប្រាប់ពួកគាត់ថា ទោះបីជាមានការធ្វើផ្លូវ ពួកគាត់​នៅតែមានទឹក​ប្រើប្រាស់ដដែល ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមហ៊ុននេះ តម្រូវ​ឲ្យ​អ្នក​ភូមិ​​បង់ប្រាក់​ជា​ថ្មី​ដើម្បី​ត​បណ្ដាញ​ទឹក​ឡើង​វិញ។

មកផ្ដាច់ អត់ប្រាប់ពីបញ្ហាអីដល់គេផង គេសួរ ដើម្បីតភ្ជាប់បណ្ដាញវិញ មកជម្រិតទារ ៦០ ០០០រៀល។ អញ្ចឹង គឺហាក់ដូចជាបណ្ដោយឲ្យក្រុមហ៊ុនឯកជនមកធ្វើអាជីវកម្មលើប្រជាពលរដ្ឋទាំងស្រុងទាំងបំពាន

ប្រជាពលរដ្ឋម្នាក់​ទៀត លោក លឹម ប៊ុនលី

ជំទប់ទី២នៃឃុំភ្នំតូច លោក យូរ ហៃ បាន​ច្រានចោលការចោទប្រកាន់ពីក្រុមប្រជាពលរដ្ឋ ដោយលោកថា កន្លងមក អាជ្ញាធរតែងតែជួយប្រជាពលរដ្ឋចំពោះរឿងនេះ ប៉ុន្តែ ភាគីក្រុមហ៊ុនមិនព្រម។ លោកបន្តថា បច្ចុប្បន្ននេះ អាជ្ញាធរកំពុងពិភាក្សាដើម្បីដោះស្រាយ ដោយស្នើទៅភាគីខាងផ្គត់ផ្គង់ទឹកស្អាតនោះ ចុះតម្លៃមកត្រឹម ៣០០០០​រៀលវិញ។

អត់ទេ! អាជ្ញាធរគាត់ពន្យាយាមដោះដែរ មិនមែនថា មិនដឹងទេ ដោះឲ្យរហូត ក៏ប៉ុន្តែ ខាងរដ្ឋាករទឹក គាត់ដូចមិនជួយ​គិតគួរ អ្នកដែលគ្រប់គ្រងខាងទឹកហ្នឹង ​ដូចថា គាត់មិនជួយគិតដល់ប្រជាពលរដ្ឋខ្ញុំអញ្ចឹង។ អញ្ចឹង ប្រជាពលរដ្ឋគាត់ចេះតែ​ទទូចសុំឲ្យរហ័សដោះស្រាយ ដើម្បីឲ្យគាត់បានប្រើប្រាស់ទឹក

ជំទប់ទី២នៃឃុំភ្នំតូច លោក យូរ ហៃ

ពាក់ព័ន្ធរឿងនេះ ប្រធានទឹកស្អាតប្រចាំតំបន់ លោក ទុំ បូផល ប្រសាសន៍ថា ក្រុមហ៊ុនទាមទារឲ្យប្រជាពលរដ្ឋបង់ប្រាក់មួយគ្រួសារ ៦០ ០០០​រៀល ក្រុមហ៊ុនបានទិញសម្ភារៈដើម្បីជួសជុលដាក់ទុយោជាថ្មីអស់ច្រើន ប៉ុន្តែ រដ្ឋាភិបាលមិនបានជួយផ្ដល់សំណងខូចខាតដល់ក្រុមហ៊ុនខ្លះទេ ទោះបីជាមានការស្នើសុំពីភាគីក្រុមហ៊ុនក៏ដោយ។

ដោយសារ​គម្រោងពង្រីកផ្លូវជាតិនេះ ពួកខាងទឹកស្អាតជាជនរងគ្រោះដែរ តែអត់បានទទួលសំណងពីរាជរដ្ឋាភិបាល ឬក៏ពីខាងក្រសួងហិរញ្ញវត្ថុទេ ឬក៏ក្រសួងសាធារណការ ឬ​ក៏អ្នកម៉ៅការ​ក្រុមហ៊ុនសាងសង់​ផ្លូវជាតិទេ។ អញ្ចឹង ក្រុមហ៊ុនទិញទុយោ​ថ្មី បណ្ដាញថ្មី លើសពីការសាងសង់ដំបូងទៀត ហើយឲ្យគាត់ចូលរួមចំណែកម្នាក់ ៦០ ០០០រៀល តិចតួចទៀត ទិញគ្រឿងចាប់​ដាក់ឲ្យគាត់ប្រើ

ប្រធានទឹកស្អាតប្រចាំតំបន់ លោក ទុំ បូផល

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿង​នេះទេ ដោយ​ ករណីស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច។

ប៉ុន្តែ នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក នុប សុធនវិចិត្រ បដិសេធ​បក​ស្រាយ​ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ ដោយថា លោកមិនបានដឹងរឿងនេះច្បាស់​ទេ។

បើតាមតំណាងប្រជាពលរដ្ឋ អះអាងថា ប្រជាពលរដ្ឋដែលមិនទាន់មានទឹកស្អាតប្រើប្រាស់មានចំនួន ៤ភូមិ ក្នុងនោះមាន ភូមិភ្នំតូចត្បូង ភូមិភ្នំតូចជើង ភូមិវត្តថ្មី និងភូមិថ្នល់បត់ នៃឃុំភ្នំតូច ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ