លោក សួន សេរីរដ្ឋា ត្រូវបានលើកលែងទោសក្រោយជាប់ពន្ធ​នា​គាររយៈពេល​១ឆ្នាំ

ប្រធា​នគណ​បក្ស​អំណា​ចខ្មែរលោក សួន សេរីរដ្ឋា

អតីតប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា ត្រូវបាន​ដោះលែងឲ្យមាន​សេរីភាព​វិញហើយ។

យោងតាមដីការបង្គាប់ឲ្យដោះលែងដែល​ចុះហត្ថលេខាដោយលោក រៀល សុភិន ព្រះរាជាអាជ្ញារង​សាលា​ដំបូងរាជធានី​ភ្នំពេញ លោក សួន សេរីរដ្ឋា ត្រូវបាន​ព្រះមហាក្សត្រចេញព្រះរាជក្រឹតលើកលែងទោស​និងត្រូវដោះលែងឲ្យមាន​សេរីភាព​វិញហើយនៅ​យប់នេះ។

លោក សួន សេរីរដ្ឋា ពេលនេះ បាន​ចាក​ចេញ​ពីពន្ធនាគារត្រលប់ទៅ​លំនៅដ្ឋាន​របស់​លោកហើយ។

លោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទ១៣ខែសីហា​ឆ្នាំមុន ក្រោយពេលដែល​លោក​បាន​បង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោក​ដែល​មាន​លក្ខណៈវាយប្រហារដល់កងទ័ព។

លោកត្រូវបាន​តុលាការកម្ពុជាសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់​​១០លាន​រៀល ពីបទញុះញង់កុំឲ្យយោធិន​ស្ដាប់បង្គាប់​ ធ្វើ​ឲ្យខូចទឹក​ចិត្តកងទ័ព និងបទញុះញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ការដោះលែងលោក​ សួន​ សេរីរដ្ឋា នេះ ធ្វើឡើងស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន​បាន​បង្ហើបពីលទ្ធភាពលើកលែងទោសដល់សកម្មជននយោបាយនៅពេលលោក​ជួប​ជាមួយ​ក្រុម​កម្មករនៅខេត្តកណ្តាលកាលពីព្រឹក​មិញនេះ។

ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ អ្នកវិភាគបញ្ហាសង្គម សកម្ម​ជនដីធ្លី អ្នកសារព័ត៌មាន​ និង​ អ្នកនយោបាយ ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាពវិញជាបន្តបន្ទាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ