អង់គ្លេសជំរុញជាថ្មីឲ្យកម្ពុជាឈប់រឹតត្បិតផ្នែកនយោបាយ ខណៈ លោក កឹម សុខា មិនត្រូវបានដោះលែង

អនុរដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសទទួលកិច្ចការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field

អង់គ្លេសបានបន្ដជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរឹតត្បិតទាំងឡាយលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងដោះលែងលោក កឹម សុខា​ ឲ្យមានសេរីភាពវិញ ប៉ុន្ដែ តុលាការកំពូលបានសម្រេចផ្ទុយពីនេះ។

ការជំរុញជាថ្មីនេះ គឺធ្វើឡើងតាមរយៈអនុរដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសទទួលកិច្ចការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field ដែលបានមកបំពេញទស្សនកិច្ចជា​លើក​ដំបូង​នៅ​ប្រទេសកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ សីហា។

ក្នុងដំណើរទសន្សកិច្ចនេះ លោក Mark Field បានជួបជាមួយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក​ ហង់ ជួនណារ៉ុន ​និងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង ដោយបានលើកឡើងផងដែរអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ កាលពីថ្ងៃទី២៩ខែកក្កដា។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញ លោក Mark Field បានថ្លែងថា ក្នុងជំនួបជាមួយលោក ហ៊ុន សែន លោកបានគូសបញ្ជាក់ពី​គោលបំណងរបស់អង់គ្លេស ដែលចង់ឃើញមានការដោះលែងប្រធានអតីតបក្សប្រឆាំង លោក កឹម សុខា បន្ទាប់ពីអ្នកទោសមួយចំនួនត្រូវបានដោះលែង និងលើកលែងការចោទប្រកាន់នោះ។

ប៉ុន្ដែ ការលើកឡើងរបស់លោក Mark Field មិនមានលទ្ធផលអ្វីនោះទេ បន្ទាប់ពីតុលាការកំពូល កាលពីម្សិលមិញ បានសម្រេចបន្ដឃុំខ្លួនលោក កឹម សុខា ដដែល ខណៈលោកបានជាប់ឃុំក្នុងពន្ធនាគារជិត ១ឆ្នាំមកហើយ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Griffith Asia នៅប្រទេសអូស្ដ្រាលី អ្នកស្រី Lucy West ប្រាប់សារព័ត៌មាន Asian Correspondent ថា ការដោះលែងអ្នកទោសនយោបាយជាបន្ដបន្ទាប់នេះ គឺគ្រាន់តែដើម្បីបន្ថយកម្ដៅនយោបាយ និងសម្ពាធអន្ដរជាតិ ដែលបានព្រមានដាក់ទណ្ឌសេដ្ឋកិច្ចមកកម្ពុជាប៉ុណ្ណោះ។

អ្នកស្រី Lucy West បន្ដថា លោក កឹម សុខា ទំនងជានឹងអាចមានសេរីភាពវិញ ប៉ុន្ដែ មិនមែនដោះលែងភ្លាមៗ​នោះ​ទេ និងថា អ្នកដែលត្រូវដោះលែងបន្ទាប់នោះ គឺអាចជាអ្នកកាសែតអូស្ដ្រាលី លោក James Ricketson ដែលបានជាប់ឃុំក្នុងប្រទេសកម្ពុជាជាង ១ឆ្នាំមកហើយ ក្រោមការចោទប្រកាន់ថា បាន​ប្រមូល​ព័ត៌មាន​បង្កអន្តរាយ​ដល់​ការ​ការពារ​ជាតិ។

មួយថ្ងៃប៉ុណ្ណោះក្រោយការដោះលែងអ្នកស្រី ទេព វន្នី អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២នាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ក៏ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំផងដែរ កាលពីថ្ងៃទី២១ សីហា បន្ទាប់ពីពួកគេរងការចោទថា បានលួចផលិតព័ត៌មានបញ្ជូន​ឲ្យ​រដ្ឋ​បរទេស​ ដែល​បង្កអសន្ដិសុខដល់ស្ថិរភាពជាតិ។

ប៉ុន្ដែ ក្នុងពិធីជួបជាមួយកម្មករនៅថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន  បានបង្ហើបឲ្យ​ដឹង​ពី​គម្រោងសុំលើកលែងទោសដល់អ្នកទោសបក្សប្រឆាំង ១២រូបទៀត។ លោកអះអាងថា ការស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោសនេះ គឺជាការសណ្ដោសប្រណីរបស់លោកចំពោះពួកគេ និងមិនមែនមកពីសម្ពាធពីអន្ដរជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ