អតីតថ្នាក់​ដឹកនាំ​បក្ស​រាជា​និយម​៤រូប​ស្នើ​ទៅ​មេ​បក្ស​បំភ្លឺ​ជុំវិញ​ការ​បញ្ចប់​តួនាទី

មន្ដ្រីជាន់ខ្ពស់ចំនួន ៤រូប​របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច

អតីតថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៤រូប បាន​ស្នើទៅមេដឹកនាំរបស់​ពួកគេ ឲ្យ​បំភ្លឺជុំវិញការបញ្ចប់តួនាទី ខណៈ​ដែល​ពួកគេអះ​អាង​ថា មិនបានធ្វើខុស​លក្ខខន្តិកៈបក្ស ឬខុសច្បាប់នោះទេ​។

មន្ដ្រីជាន់ខ្ពស់ចំនួន ៤រូប​របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច រួមមាន​ លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស៊្រឺ និង​លោក ញ៉េប ប៊ុនជិន ​សុទ្ធ​តែ​កាន់​តំណែង​ជា​អនុ​ប្រធាន​គណបក្ស និងលោក វ៉ាន់ សុផាន់ណា ជា​អគ្គ​លេខាធិការ​បក្ស ត្រូវ​បាន​បញ្ចប់ពីតួនាទី​កាលពីថ្ងៃទី១៨ ខែសីហា​កន្លង​មក​ថ្មីៗ​នេះ។

ក្នុង​សន្និសីទសារព័ត៌មាន​នាព្រឹកថ្ងៃ​នេះ អតីត​អនុ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី បានថ្លែ​ងថា ការបញ្ចប់ពួកគេពីតួនាទីនេះ ជារឿង​អយុត្តិធម៌ ដោយថា មិនបាន​បញ្ជាក់ពីមូលហេតុច្បាស់លាស់។ ករណីនេះ លោក​បាន​ស្នើទៅមេដឹកនាំបក្ស​ទាំង​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ និង​ព្រះ​អង្គ​ម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ឲ្យ​បំភ្លឺជុំវិញការបញ្ចប់តួនាទីពួកគេ។

ខ្ញុំនឹងសួររកហេតុផល​​​សុំការបំភ្លឺពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី ដើម្បីឲ្យលោកបំភ្លឺហេតុផលអ្វី ហើយបើមានគណៈកម្មការវិន័យ​ប្រជុំ ខ្ញុំក៏សុំឯកសារ​មក​ដែរ ដើម្បឲ្យយើងខ្ញុំអស់ចិត្ត

អតីត​អនុ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី

ទោះជាបែបនេះក្តី​ មន្ត្រីទាំង ៤រូប​ដែលអះអាងថា ​ធ្វើការនៅគណបក្សហ៊្វុនស៊ិនប៉ិចប្រហែលជា ៣០ឆ្នាំមកហើយ​នោះ បាន​បញ្ជាក់ថា ប្រហែល​ជាមិន​ចូល​ធ្វើនយោបាយជាមួយគណបក្សនេះ​​បន្តទៀតទេ ដោយសារមានវ័យចំណាស់ និងខ្លះទៀតដល់ពេលចូលនិវត្តន៍ជាដើម។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ បាន​ប្រាប់​វីអូឌី​​ថា ដើមចមដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់តំណែងមន្ត្រី ៤រូបរបស់បក្ស ដោយសារពួកគេធ្វើខុស​នឹងវិន័យបក្ស​។

បិតា[សម្តេច​ក្រុមព្រះ​]លោកស្វែងយល់ជាមួយព្រះប្រធានស្តីទី លោកក៏ស្វែងយល់ឃើញថា បើគ្មានវិន័យ គឺត្រូវ​​សម្រេច​ព្រះទ័យថា បញ្ចប់សមាជិកភាព

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ សង្កេត​ឃើញ​ថា​ ចាប់ពីសម្តេច​ក្រុមព្រះបង្កើតគណបក្សហ៊្វុនស៊ិនប៉ិច គឺបក្សនេះមានចំណុចខ្សោយមួយចំនួនដូចជា ពុករលួយ និង​ដណ្តើមអំណាច​គ្នាក្នុង​បក្ស។ លោក​វិភាគថា បើនៅតែបែកបាក់ផ្ទៃក្នុង នឹងធ្វើឲ្យបក្សនេះ បាត់ឈ្មោះពីឆាកនយោបាយ​។

ខ្ញុំជឿថា គណបក្សនេះ ប្រសិនជាមានការបែកបាក់គ្នាបន្តទៀត អាច​នឹង​មិនមានប្រជាប្រិយភាព ហើយអាចនឹងបាត់ឈ្មោះគណបក្ស[ហ៊្វុនស៊ិនប៉ិច​]ពីប្រទេសកម្ពុជា​

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ

គណបក្សហ៊្វុនស៊ិនប៉ិច បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំជាបន្ត​បន្ទាប់ ក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែងតែងព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជាប្រធានស្តីទីគណបក្ស។

ការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​រាជា​និយម​មួយ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មុន​ការបោះ​ឆ្នោត​សភា​អណត្តិ​ទី​៦ ដែល​នាំ​ទៅ​រក​ការ​ចោទ​សួរ​អំពី​​ស្ថានភាព​សុខភាព​របស់​ទ្រង់។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ស្ថិត​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ១៨​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ ប៉ុន្តែ គណបក្ស​នេះ ក៏​ដូច​ជា​គណបក្ស​ ១៨​ផ្សេង​ទៀត ​ពុំ​បាន​ឈ្នះ​អាសនៈ​សូម្បី​តែ​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ