លោក ហ៊ុន សែន បង្ហើបពីលទ្ធភាពលើកលែងទោសអ្នកនយោបាយនៅថ្ងៃបុណ្យជាតិ

លោក ហ៊ុន សែន ជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ព្រឹកថ្ងៃទី ២៣ សីហា ២០១៨ (រូបភាព៖ FN)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើបពីលទ្ធភាពលើកលែងទោសដល់សកម្មជននយោបាយ​ចំ​នួន ​​១​២​​នាក់ ប៉ុន្តែ លោក​ក៏​​​​ព្រ​មានចា​​ប់​​អ្នកទើប​នឹង​ត្រូវដោះ​លែ​ង​​​ប​ញ្ចូ​​ល​គុកវិញ បើពួកគេបានប្រព្រឹត្តកំហុស ខណៈក្រុមប្រ​ទេ​ស​​លោ​​ក​​សេរី​កំពុង​ដាក់​សម្ពាធ​ឲ្យស្តារប្រជាធិបតេយ្យឡើងវិញ។

ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករនៅខេត្តកណ្តាលនាថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានបង្ហើបថា រ​ដ្ឋមន្ត្រីក្រ​សួង​​យុ​ត្តិ​​​ធ​ម៌កំពុងពិនិត្យលទ្ធភាពលើកលែងទោ​​សដល់សកម្មជ​ន​ន​​យោ​​បា​យ​ចំនួន ១២នាក់ ដែលថា អាច​នឹងត្រូវធ្វើ​ឡើង​ក្នុ​ង​ពិធីបុណ្យជាតិខាង​មុ​ខ​។ ប៉ុន្តែ​ មេដឹកនាំរូបនេះបានប្រតិកម្មទៅនឹងអ្នកដែលអំ​ពាវនាវ​ឲ្យសហ​គម​ន៍​​អ​ន្តរ​ជាតិដាក់សម្ពា​ធ​ដល់​រដ្ឋាភិ​បា​​​​​ល​​​​ ។

បើអានោះវានៅតែស្រែក យើងតម្រូវឲ្យអ្នកនៅក្នុងឃុំឃាំងធ្វើលិខិតជាថ្មីថ្កោលទោសអានោះ ​ព្រោះ​​​​អានោះ​វា​ចង់​ឲ្យ​អ្នក​នៅទីនេះជាប់គុក។ អញ្ចឹងទេ តម្រូវថា នេះ ខ្ញុំសុំមិនមែនអន្តរ​​ជាតិគាប​ស​ង្កត់​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បើតាមនាយករដ្ឋមន្ត្រី ការបន្ធូបន្ថយ និងលើកលែង​ទោស​ដល់ទណ្ឌិត នឹងត្រូវធ្វើឡើង​ ៤​ដង​ក្នុងឆ្នាំនេះ ដូ​ច​​ជាពីធីបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យឯករា​ជ្យជាតិ និង​បុ​ណ្យប​​ញ្ចប់​សង្គ្រា​ម​តាម​នយោ​បា​​យ​​​ឈ្នះៗរបស់លោក ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​នៅ​ចុងឆ្នាំ​នេះ។

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង​នៅ​ឯ​ក្រៅ​ប្រទេស បានអំពាវនាវម្តងហើយម្តងទៀត ឲ្យស​ហគមន៍​អន្តរជាតិជួយសង្គ្រោះ​លទ្ធិប្រជាធិបតេ​យ្យនៅ​កម្ពុជាឡើងវិញ តាមរយៈការ​ដាក់សម្ពា​ធទៅរដ្ឋាភិបា​ល​ដែ​​ល​ដឹ​កនាំ​ដោយ​លោក ហ៊ុន សែន។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានស្វាគមន៍ទៅនឹងការពិចារ​ណាលើកលែ​ង​ទោ​​​​​ស​ដល់​សកម្មជន​នយោបាយនេះ ប៉ុន្តែ លោកថា បើរដ្ឋាភិបាលមា​នចេតនាពិតប្រា​កដចង់ផ្សះផ្សាជា​តិ​ឡើ​​​​ង​​វិញ ​មិន​គួរ​យក​ការ​រិះគន់​មក​ធ្វើ​ជា​ឧបករណ៍រារាំងនោះទេ។

ខ្ញុំយល់ថា បើចង់ឲ្យមានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដើម្បីធ្វើដំ​ណើរអភិវឌ្ឍប្រទេ​សតទៅ​មុខ​ទៀ​ត ខ្ញុំជឿ​ថា ការគិតក្នុងការដោះលែង ដើម្បីបន្ធូរបន្ថយកម្តៅនយោបាយនឹងជារឿងល្អបំផុតហើយ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន មេដឹកនាំ និងសកម្មជនបក្សប្រឆាំង ដែលកំពុងឃុំខ្លួននៅពន្ធនាគារមាន ១៦រូប ក្នុ​ង​​នោះ ១៥រូប ឃុំ​នៅ​ពន្ធនាគារព្រៃស រាជធានីភ្នំពេញ និងប្រធានគណបក្ស លោក កឹម សុខា ឃុំនៅ​ពន្ធ​នា​​គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានព្រមានផងដែរថា អ្នកដែលទើបចេញពីគុក អាចនឹងត្រូវចាប់​ដា​ក់​ព​ន្ធ​នា​​គារវិញ ប្រសិន​បើពួកគេនិយាយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

អ្នកដែលបានចេញពីគុកហើយក៏កុំព្រហើនពេកដែរ។កុំស្មានថាគេ​មិនហ៊ា​នចាប់បញ្ចូ​លគុកវិ​ញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ទោះបី​លោក ហ៊ុន​ សែន មិនបញ្ចេញឈ្មោះ ប៉ុន្តែ ទំនងសំដៅដល់​អ្នកតាមដាន និងវិភា​គបញ្ហា​ស​​ង្គ​ម ​លោក គឹម សុខ ដែល​ទើប​ចេញ​ពីពន្ធនាគារព្រៃស ហើយបានបន្តវិភាគពីបញ្ហាសង្គម។

លោក គឹម សុខ អះអាងថា អ្វីដែលលោកបានវិភាគ ​ក្នុងបំ​ណ​ង​​​ឆ្លុះ​បញ្ចាំងការពិតក្នុងសង្គម ជំរុញ​ឲ្យ​មា​​​ន​នីតិរដ្ឋ ក្នុង​សង្គម​ប្រជាធិបតេយ្យ គ្មានបំណងចង់បំបាក់មុខរដ្ឋា​ភិបា​ល​ឡើ​យ។

និយាមនីតិរដ្ឋសកល គឺថា ដរាបណា​យុត្តិធម៌មិននៅពីលើច្បាប់ទេ នោះច្បាប់គ្រាន់តែជា​ឧបករណ៍​នៃអំណា​​ច។ ការព្រមានដែលគេឮសុះសាយតាមហ្វេសប៊ុក​ថ្មីៗហ្នឹ​ង តើអាហ្នឹ​ងវាឆ្លុះប​ញ្ចាំងពីគោ​លការណ៍​អ​នុ​​វ​​ត្ត​​ប្រជាធិបតេយ្យ នីតិរដ្ឋ​ទេ?

​អ្នកតាមដាន និងវិភា​គបញ្ហា​ស​​ង្គ​ម ​លោក គឹម សុខ

ទោះជាយ៉ាងណា របត់នយោបាយនៅកម្ពុជា រួមទាំង​ដំណើរការបោះឆ្នោតដែល​ដំណើរការទៅ​ទាំងច​ម្រូង​ច​​ម្រាស​នោះ ជំ​រុ​ញ​ឲ្យ​ក្រុមប្រទេសលោកសេរីប្រកាសមិ​នទទួលស្គា​ល់ និងព្រមានផ្តាច់ប្រព័ន្ធ​អនុគ្រោះព​ន្ធ​ពី​​ក​ម្ពុជា និង​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​ផ្សេង​ទៀត បើគ្មានដំណោះស្រាយនយោបាយ ឈានស្តារប្រជា​ធិ​បតេ​យ្យឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ