សាលាដំបូងសម្រេច​ឲ្យសកម្មជនដីធ្លីបឹងកក់៦នាក់​​ជាប់ទោស​៦ខែ តែ​ទោសនេះត្រូវបានព្យួរ

អ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីផ្សេងទៀត

តុលាការសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃនេះ បាន​សម្រេ​ចផ្តន្ទាទោស​ស្រ្តី​ជាសកម្មជន​ដីធ្លី​ចំនួន​៦នាក់ ឲ្យ​ជាប់​ពន្ធនាគាររយៈពេល​៦ខែ ប៉ុន្តែ​ពួកគេ​មិនត្រូវបាន​ឃុំ​ខ្លួននោះទេ ដោយត្រូវ​ព្យួរទោសទាំងអស់គ្នា​​។​

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបើកសវនាការលើកសំណុំរឿងសកម្មជនដីធ្លីចំនួន៦ ទាក់ទិនបទចោទប្រកាន់«ជេរប្រមាថ និងគំរាមថានឹងសម្លាប់» ដែលប្ដឹងដោយអតីត​ស្ត្រី​បឹងកក់ម្នាក់ឈ្មោះ លី មុំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ។

ក្រោយ​ពេលបើកសវនាការជាង ២ ម៉ោង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលុបចោលបទចោទប្រកាន់មួយពីបទជេរ​ប្រមាថ​ជា​សាធារណៈ ។ ទោះជាយ៉ាងណា ពួកគេទាំង ៦ នាក់ ត្រូវចៅក្រមកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែពីបទ «គំរាម​ថានឹង​សម្លាប់» ប៉ុន្តែទោសនេះ ត្រូវបានព្យួរមិនអនុវត្តនៅក្នុងពន្ធនាគារឡើយ។

ថ្លែង​ប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ទេព វន្នី លើកឡើងថា អ្នកស្រីនិងសកម្មជនដីធ្លីផ្សេងទៀតនឹងប្ដឹងជំទាស់ចំពោះសេចក្ដីសម្រេចរបស់ចៅក្រមសាលាដំបូងនេះ​ ទៅសាលាឧទ្ធរណ៍បន្តទៀត។ អ្នកស្រីបន្តថា ការសម្រេចនេះ មិនបានផ្ដល់យុត្តិធម៌ឲ្យពួកគាត់គេ ព្រោះ​ពួកគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់អ្នកស្រី លី មុំនោះទេ។

ខ្ញុំនៅតែបន្តដាក់[ពាក្យប្ដឹងជំទាស់]ទៅសាលាឧទ្ធរណ៍ប្ដឹង[ជំទាស់] ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកខ្ញុំថា មិនបានធ្វើ។ អញ្ចឹងពួកខ្ញុំចង់ឲ្យលុបបំបាត់ទោសទាំង ៦ ខែនឹងទៀត

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

គួររំលឹកថា អ្នកស្រី ទេព វន្នី ត្រូវបានព្រះមហាក្សលើកលែងទោសកាលពីថ្ងៃទី ២០ ខែ សីហា បន្ទាប់ពីអ្នកស្រីជាប់ពន្ធនាគារអស់រយៈពេល ២ឆ្នាំ កន្លងមក។

ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​លីកាដូ លោក អំ សំអាត ដែលបានចូលរួមស្ដាប់សវនាការ នៅថ្ងៃនេះ លើកឡើងថា ទោះបីជាតុលាការសម្រេចមិនឃុំខ្លួនសកម្មជនដីធ្លីទាំង៦ នាក់នៅក្នុងពន្ធនាគារក៏ដោយ ប៉ុន្តែលោកថា ការសម្រេចបែបនេះ ក៏ជាការដាក់សម្ពាធដល់ពួកគេដែរ។

ដូចខ្ញុំលើកឡើងអញ្ចឹងថា បញ្ហានេះ ជាបញ្ហាដីធ្លីដែលកើតឡើង។ ហើយពួកគាត់បើនិយាយពីរឿងអយុត្តិធម៌ ពួកគាត់រងភាពអយុត្តិធម៌ជាបន្តបន្ទាប់ ហើយការជាប់ពន្ធនាគារជាបន្តបន្ទាប់ហើយ ។ ហើយទោះ​បីជាលើកនេះ ការមិនផ្ដន្ទាទោស ៦ ខែ មិនបានដាក់ពន្ធនាគារ​ ដោយគ្រាន់ព្យួរក៏ដោយ ក៏វានៅតែជាសម្ពាធមួយ ហើយក៏ជារឿងអយុត្តិធម៌បន្ថែមទៀតដែរ ។ បើតាមគំនិតខ្ញុំតែម្ដង បើមានការលើកលែងការចោទប្រកាន់សម្រាប់ពួកគាត់ទាំងអស់តែម្ដងទៅ វាជាការល្អសម្រាប់រឿងនេះ

ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​លីកាដូ លោក អំ សំអាត

សកម្មជនដីធ្លីនៅ​តំបន់​បឹង​កក់​ទាំង​៦នាក់​ដែល​ត្រូវតុលាការផ្តន្ទាទោសនៅថ្ងៃនេះរួមមាន​​ ឈ្មោះ ទេព វន្នី ដែល​ទើប​តែចេញពីពន្ធនាគារកាលពីយប់ថ្ងៃចន្ទ, អ្នកស្រី​ ហេង មុំ, ង៉ែត ឃុន, ឆេង លាភ, គង់ ចន្ថា, និង តុល​ ស្រីពៅ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ