​គ្រឹះស្ថាន​ហិរញ្ញវត្ថុស្នើ​ឲ្យអាជ្ញាធរពាក់ព័ន្ធជួយ​ពង្រឹងការពារ​​សន្តិសុខ

ធនាគារ អ.អេច.ប៊ី ឥណ្ដូឆៃណា ក្រោយពេលមានករណីប្លន់ ថ្ងៃទី ២៣ សីហា ២០១៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន អំពាវនាវ​ទៅអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយ​ពីវិធានការណ៍ការពារនានាឲ្យបាន​ទូលំទូលាយ ក៏ដូចជាជួយការពារ​​សុវត្ថិភាពគ្រឹះស្ថានរបស់​ខ្លួន​ផងដែរ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានចោរមួយក្រុម បានចូលប្លន់លុយ១០ម៉ឺនដុល្លារ ពីធនាគារ​ឯកជនមួយឈ្មោះ ​ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។

អនុប្រធានទទួលបន្ទុក​ផ្នែកនីតិកម្មនៅធនាគារអេស៊ីលីដា លោកស្រី ប៊ុត ប៊ុនសីហា មានប្រសាសន៍ថា ធនាគារអេស៊ីលីដា​កន្លងមក​បានស្នើទៅក្រសួង​មហាផ្ទៃ​ដាក់​ម្លាំងប្រដាប់អាវុធ និងកងសន្តិសុខប្រមាណជាង២ពាន់​នាក់នៅទូទាំងប្រទេស​ ដើម្បីដាក់ពង្រាយនៅតាមស្នាក់ការកណ្តាល និងសាខាទាំង​អស់ ឲ្យ​ជួយ​ការពារ​សុវត្ថិភាពអតិថិជន និងស្ថាប័ន​រួចហើយ។

ទោះជាបែបនេះក្តី លោ​​កស្រី ប៊ុនសីហា អំពាវនាវទៅសមត្ថកិច្ចពាក់ព័ន្ធជួយផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយពីមធ្យោបាយ​បង្ការនានា​។

ខាង​អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចផ្សេង​ៗ ប្រសិនជាគាត់មានមធ្យោបាយ ឬក៏ផ្សព្វផ្សាយ​ផ្សេងៗដល់ពួកយើងវិញ​ ដើម្បីការពារ​សុវត្ថិភាពឲ្យបានល្អជាងមុន​

អនុប្រធានទទួលបន្ទុក​ផ្នែកនីតិកម្មនៅធនាគារអេស៊ីលីដា លោកស្រី ប៊ុត ប៊ុនសីហា

នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក យុន សុវណ្ណា មានប្រសាសន៍ថា ករណីក្រុមចោប្លន់ធនាគារ​កាលពីម្សិលមិញនេះជា​រឿង​ចំឡែកមួយ។ លោកថានឹង​យកទៅធ្វើការពិភាក្សាជាមួយធនាគារជាតិ រួមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋាភិបាល ដើម្បីឲ្យជួយការពារសុវត្ថិភាពមីក្រូហិរញ្ញវត្ថុឯកជននៅថ្ងៃខាងមុខ​ និងដោះស្រាយ​បានទាន់ពេលវេលា។

យើងនឹងបន្តធ្វើការ ហើយនឹង​ពិភាក្សាគ្នាបន្ថែមរាល់កង្វល់ ហើយ​និងការព្រួយបារម្ភរាល់ការប្រឈមនានា ត្រូវ​បានដោះស្រាយ​ទាន់សភាពការ

នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក យុន សុវណ្ណា

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា មីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ត្រូវ​ចេះរកវិធីការពារទ្រព្យសម្បត្តិរបស់ខ្លួន និងរបស់អតិថិជនដែលបានផ្ញើ ដោយថាមិនចាំបាច់មានការណែនាំពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋនោះទេ។

ស្ថាប័នគួរតែគិតគូខ្លួនឯង ទ្រព្យសម្បត្តិខ្លួនឯង គិតគូខ្លួនឯងទៅ ចាំបាច់គេណែនាំ។​ ផ្ទះយើងដេកមិនយាម ចោរចូលលួចមាន់ស៊ីអស់ឥឡូ

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ

យ៉ាងណាក៏ដោយ ក្រោយពីមានករណីក្រុមចោរចូលប្លន់ធនាគារ​ ឥណ្ដូឆៃណា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​បើកកិច្ចប្រជុំបន្ទាន់ជាមួយលោក​ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២ផងដែរ ដើម្បី​បានប្រាប់ទៅ​សមត្ថកិច្ចទាំងអស់​​មិនត្រូវបន្ទោសគ្នាទៅវិញមក ឬដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ ដោយថា ត្រូ​វរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ។

គេហទំព័រ​អគ្គស្នងការនគរបាលជាតិ ​ចុះផ្សាយ​ឲ្យដឹងថាកាលពីម្សិលមិញ​ក្រុម​ចោរ​​មាន​គ្នា​ ៥​នាក់ ​ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​ដើរចូល​ទៅក្នុង​ធនាគារឥណ្ដូឆៃណា និងបានប្លន់​យក​ប្រាក់​អស់​​ ​១០​ម៉ឺន​ដុល្លារអាមេរិក ហើយបានរត់គេចខ្លួនបាត់ ប៉ុន្ដែ ករណីនេះ អាជ្ញាធរអះអាងថា មិនបានបង្ករបួសស្នាមដល់បុគ្គលិក​ធនាគារនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ