អ្នកសារព័ត៌មានមីយ៉ាន់ម៉ា​នៅតែ​រងទុក្ខ​បុកម្នេញទោះបីបក្ស​អ្នកស្រី អង់សាន ​ស៊ូជី​ ដឹកនាំ​ប្រទេស​

លោក U Wa Lone អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានរ៉យទ័រដែលជាប់ពន្ធនាគារពីរនាក់ត្រូវបានគេអមដំណើរពីតុលាការនៅទីក្រុងយ៉ានហ្គនកាលពីថ្ងៃចន្ទ ទី០៩ កក្កដា ២០១៨ (រូបភាព៖ nytimes.com)

អ្នកសារព័ត៌មានមីយ៉ាន់ម៉ា​ ធ្លាប់សង្ឃឹមនៅពេល​ដែល​គណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​​របស់​អ្នកស្រី​ អង់សាន ​ស៊ូជី​ ឈ្នះឆ្នោត ពួកគេ​នឹង​អាច​បំពេញ​វិជ្ជាជីវៈរបស់​ខ្លួន​​ដោយ​មិន​មាន​ការធ្វើ​បាបឬគំរាម​គំហែងក្រោម​រូបភាព​ណាមូយពី​សំណាក់​រដ្ឋាភិបាលនោះទេ។

​ប៉ុន្តែក្រោយ​ឈ្នះឆ្នោត​ក្នុងរយៈពេល​ជិត​៣ឆ្នាំមកនេះ អ្នកសារព័ត៌មាន​នៅ​តែទទួលរងការ​ធ្វើ​ទុក្ខ​បុកម្នេញពី​សំណាក់​អាជ្ញាធរមីយ៉ាន់​ម៉ា​ដដែល ពោលគឺមិនមាន​អ្វី​ខុសគ្នា​ពីកាល​ដែល​ប្រទេស​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ទាំងស្រុងរបស់ក្រុម​យោធា​នោះ​ទេ​។

ក្នុងពេល​ធ្វើ​យុទ្ធនាការណ៍ឃោសនាបោះឆ្នោត គណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​​របស់​អ្នកស្រី ​អង់សាន ​ស៊ូជី​ បានប្ដេជ្ញា​ថា​នឹង​ធ្វើឲ្យប្រសើរឡើងនូវសេរីភាព​សារព័ត៌មាន​ក្រោយពីគណបក្សខ្លួនឈ្នះឆ្នោត​ដឹកនាំប្រទេស។

ក្នុងរបាយការណ៍របស់​អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែល​ចេញផ្សាយ​កាល​​ពីខែ​ឧសភាកន្លងទៅ​ អ្នកសារព័ត៌មាន​មីយ៉ាន់ម៉ា​​ជាង​៧០ភាគរយក្នុង​ចំណោមអ្នកសារព័មាន​​២០០នាក់ ​ដែល​ត្រូវបាន​សម្ភាន៍ដោយង្គការនេះ បាន​លើកឡើងថា​កិច្ចខិតខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការ​ការពារ​អ្នកសារព័ត៌មាន​គឺនៅក្នុង​កម្រិតមួយដែល​តិចតួច​ខ្លាំងណាស់។

តាមការចុះផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​ AP គិតត្រឹមពេល​ដែល​គណបក្សអ្នកស្រី អង់សាន ​ស៊ូជី ឈ្នះឆ្នោត​កាលពីខែ​វិច្ឆិកាឆ្នាំ២០១៥ ដល់​ខែ​កក្កដា​ឆ្នាំ២០១៧ មាន​បណ្ដឹង​ចំនួន​ជិត​៦៧ ត្រូវ​បាន​ប្ដឹង​​លើ​អ្នកសារព័ត៌មាន ក្រោយ​ច្បាប់ទូរគមនាគមន៍ដ៏ចម្រូងចម្រាស​ ដែល​ពួកយោធាធ្លាប់​ប្រើ​ដើម្បី​កាត់​ទោស​ប្រឆាំងនឹង​អ្នក​គាំទ្រ​ចលនាប្រជាធិបតេយ្យកន្លងមក។

លើសពី​នេះទៅ​ទៀត​សេរីភាព​សារព័ត៌​មាន​​ ត្រូវបាន​គេមើលឃើញ​ថា​កាន់​មាន​ភាព​អាក្រក់​ទៅៗនៅពេល​ដែល​មានការបង្ក្រាប​ដោយ​ពួកយោ​ធា​ទៅលើ​​ជ​ន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាឃីន​កាលពីខែសីហា​ឆ្នាំ២០១៧កន្លងទៅ។

នៅពេល​នោះ​អ្នកសារព័ត៌មា​ន​​​មិនត្រូវ​បាន​អនុញ្ញាត្ត​ឲ្យចូល​ទៅយក​ព័ត៌មាន​នៅក្នុង​ហេតុការណ៍បង្រ្កាប​​ដោយហឹង្សា​នោះ​ទេ។

ភ្លាម​ៗក្រោយ​ពីការហាម​ឃាត់​អ្នកសារព័ត៌មាន​មិនឲ្យទៅ​យក​ព័ត៌មាន​នៅកន្លែងកើតហេតុ​ លោក Christophe Deloire លេខា​ទូទៅនៃ​​អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន កាលពីខែ​កញ្ញា​ឆ្នាំមុន បាន​សរសេរលិខិតចំហរមួយផ្ញើរទៅកាន់​អ្នកស្រី​ អង់សាន ស៊ូជី ដោយរំលឹកពីការសន្យា​របស់​អ្នកស្រី​ពីការប្ដេជ្ញារបស់ខ្លួន​ជម្រុញឲ្យមាន​សេរីភាព​សារព័ត៌មាននៅចំពោះមុ​ខអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនកាល​ពីឆ្នាំ២០១១កន្លងទៅ​​។​

លោក Christopher Sidoti លោក Marzuki Darusman និងលោកស្រី Radhika Coomaraswamy សមាជិកនៃបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យនៅមីយ៉ាន់ម៉ាចូលរួមសន្និសីទសារព័ត៌មានមួយស្តីពីការផ្សព្វផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួននៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសថ្ងៃទី 27 ខែសីហាឆ្នាំ 2018 (រូបភាព៖ Denis Balibouse)

ប៉ុន្តែតាម​អ្វី​ដែល​លោក​សង្កេត​កន្លងមក រដ្ឋាភិបាល​មីយ៉ាន់​ម៉ាមិន​បាន​ធ្វើឲ្យសេរី​ភាព​សារព័ត៌មាន​មាន​ភាពប្រសើរឡើងនោះទេ​។ លោកទោះ​​​បីជាមានការ​ក្រើ​នរំលឹក​យ៉ាងនេះក្តី អ្នកស្រីអង់ ​សានស៊ូជី ហាក់​មិន​បាន​ចាប់​អារម្មណ៍នឹង​រឿងនេះ​ទេ​។​

មិនត្រួវតែ​មិន​ខ្វាយ​ខ្វល់នឹងការអំពាវនេះទេ រដ្ឋាភិបាល​ដែល​ដឹក​នាំដោយគណបក្សអ្នកស្រី អង់​សាន ​ស៊ូ​ជី​ ហាក់​កំពុង​ដើរ​បញ្រ្ចាសទៀតផង​ ព្រោះ​កាលពីចុងខែធ្នូឆ្នាំ២០១៧កន្លងទៅ អ្នកសារព័ត៌មាន​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រពីរនាក់​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារតែ​ពួកគេ​បាន​ធ្វើ​រឿង​ស៊ើបអង្កេត​ទាក់​ទង​នឹង​ការសម្លាប់​ជន​ជាតិរ៉ូហ៊ីងយ៉ាង១០នាក់​នៅក្នុងភូមិមួយ​នៅរដ្ឋ​រ៉ាឃីន។

ពួកគេត្រូវបានចោទ​ប្រកាន់​ពីបទរំលោភច្បាប់​ស្ដីពីការសម្ងាត់របស់​រដ្ឋ ដោយពួកគេបាន​ប្រមូល​ព័ត៌មាន​ទាក់​ទងនឹងសន្តិ​សុខ​ជាតិ ។

ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​បាន​អះអាងការពារ​ បុគ្គលិក​របស់​ខ្លួន​ទាំងពីរនាក់​ថាមិន​បាន​ប្រព្រឹត្តដួច​ការ​ចោទប្រកាន់​នោះ​ទេ។

នៅថ្ងៃ​ច័ន្ទនេះ តុលាការប្រទេសមីយ៉ាន់ម៉ាបាន​ពន្យា​រពេល​ប្រកាស​សាល​ក្រម​លើករណី​អ្នកទាំង​នេះ ប៉ុន្តែត្រូវបាន​លើកទៅថ្ងៃទី៣ខែកញ្ញា​វិញដោយសារ​តែ​ចៅក្រម​កាន់​សំណុំ​រឿងនេះ​មាន​ជំងឺ​។ ប្រសិន​បើ​តុលាការរក​ឃើញថាមាន​ទោស អ្នកទាំងពីរអាចប្រឈម​នឹងការ​ជាប់​ទោស​រហូត​ដល់​១៤ឆ្នាំ។

ក្រុម​អ្នកការពារ​សិទ្ធិអ្នកសារព័ត៌មាន​ជាច្រើន បាន​លើកឡើង​ថា​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយគណបក្សរបស់អ្នកស្រី អង់សាន ស៊ូជី​ អាច​ធ្វើ​ឲ្យស្ថានភាព​សេរីភាព​សារព័ត៌មាន​ប្រសើរឡើងវិញបាន​ ដោយការស្នើសុំឲ្យមាន​ការកែប្រែច្បាប់ទូរគមនាគមន៍ដែល​ធ្វើឡើងដោយពួកយោធា។

សម្រាប់​ករណី​អ្នកសារព័ត៌មាន​ទាំងពីរនាក់ ប្រសិន​បើ​តុលាការដាក់​ទោសពួកគេ រដ្ឋាភិបាល​ក៏អាចជួយពួកគេបាន​ដែរតាម​រយៈការចេញ​លិខិតលើកលែង​ទោស​ដែល​ធ្វើ​ឡើងដោយប្រធានាធិបតី ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ដ៏ស្មោះស័្មគ្រ​បំផុត​អ្នកស្រី អង់សាន ស៊ូជី។

ទោះជាយ៉ាងណាក៏ដោយ​​ អ្វីៗអាចនឹង​មិន​ងា​យស្រួល​ដូចការលើកឡើង​នោះ​ទេ សម្រាប់​​គណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​របស់​អ្នកស្រី អង់​សាន ​ស៊ូជី ព្រោះថា​ក្រុម​យោធានៅតែមាន​គ្រឹះរឹង​មាំ​នៅប្រទេស​មីយ៉ាន់ម៉ា។

តំបន់​ដែល​មាន​ជំលោះប្រដាប់​អាវុធ​ភាគច្រើន​នៅតែ​ស្ថិតក្រោម​ការគ្រប់​គ្រង​របស់ក្រុម​យោធា ហើយរដ្ឋាភិបាល​ស៊ី​វិល​មិន​បាន​លូក​ដៃចូល​ឲ្យជ្រៅ​នោះ​ទេ។​ ម្យ៉ាងទៀត​ក្នុងរដ្ឋសភា ក្រុម​យោធានៅតែកាន់កាប់សមាជិក​រហូតដល់​២៥ភាគរយ។ រឿងទាំងនេះអាច​ជាហេតុផល​​ដែល​ធ្វើ​ឲ្យរដ្ឋា​ភិបាលដែលដឹកនាំដោយគណបក្ស​សម្ព័នជាតិដើម្បីប្រជាធិបតេយ្យ​របស់​អ្នកស្រី អង់​សាន ​ស៊ូជី ពិបាក​ក្នុងការ​ធ្វើកំណែទម្រង់​ណាមួយ​ដែល​ប៉ះពាល់​ដល់ក្រុម​យោធា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ