ពលរដ្ឋខ្មែរ​នៅបារាំងនឹងធ្វើបាតុកម្មទាមទារដោះលែងអ្នកជាប់ឃុំនិងប្រឆាំងលទ្ធផលបោះឆ្នោត​

បាតុកម្មស្នើឲ្យដោះលែងលោក កឹម សុខា ថ្ងៃទី ២៩ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Samathida Kem)

ក្រុមអ្នកគាំអតីតបក្សប្រឆាំងអះអាងថា នឹងធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងនាដើមខែក្រោយ ដើម្បី​ជំរុញទៅរដ្ឋាភិបាលដោះលែង អ្នកទោសនយោបាយ នឹងប្រឆាំងលទ្ធផលបោះឆ្នោត។

តាមសេចក្តីជូនដំណឺងបានឲ្យដឹងថា សហគមន៍ខ្មែរនៅប្រទេសបារាំងនឹងធ្វើមហាបាតុកម្ម​នៅថ្ងៃទី០១ ខែកញ្ញាខាងមុខ ចាប់ពីម៉ោង១៤និង៣០នាទី ដល់ម៉ោង១៧និង៣០នាទី​ នៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ទីក្រុងប៉ារីស ១៦   ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់​ ជាពិសេសលោក កឹម សុខា និងប្រឆាំង​លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៩ខែកក្កដាជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មទៅនឹងប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងលទ្ធផលបោះឆ្នោតថា ជាការរំលោភសិទិ្ធម្ចាស់ឆ្នោតជាង៨៣ភាគរយដែលទៅបោះឆ្នោត។

ចំណែកការទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ ជាសិទ្ធិសម្រេច​របស់តុលាការ ដោយថា រដ្ឋាភិបាលមិនមានសិទ្ធិជ្រៀតជ្រែកកិច្ចការតុលការបានទេ។

រឿង​នេះផុតដៃពីរដ្ឋាភិបាល ឥឡូវ​កំពុងដំណើរការក្នុងនីតិវិធី​​តុលាការ ទោះ​បី​នា​យករដ្ឋមន្ត្រីមានអំណាច​យ៉ាងណាក៏មិនអាច​បញ្ជាតុលាការថាឲ្យដោះលែង ឬចាប់នរណាបានទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា ការធ្វើបាតុកម្មរបស់ខ្មែរនៅក្រៅប្រទេស​ទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយទាំងអស់ ជាពិសេសលោក កឹម សុខា នឹងទទួលបានផលវិជ្ជមាន។

ការបោះឆ្នោតគាត់ឈ្នះហើយ អ្វីៗគាត់ទទួលបានហើយ គាត់លែងទុកអ្នកទោសនយោបាយ​ទៀតហើយ មានន័យថា គាត់អាច​ដោះលែង ទោះបីជាទុកអត់ចំនេញ បើសិនជាដោះលែងគាត់ចំនេញជាង គឺជាយុទ្ធសាស្ត្ររបស់គេ ដែលគេព្យា​យាមធ្វើតាំងពីមុនបោះឆ្នោត ហើយក្រោយបោះឆ្នោត

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ

អ្វីដែលគួរឲ្យកត់សំគាល់ នៅអំឡុង​ខែសីហានេះ ព្រះមហាក្សត្របានត្រាស់បង្គាប់លើកលែងទោសដល់សកម្មជនដីធ្លីបឹងកក់៤រូប ក្នុងនោះមានឈ្មោះ​ អ្នកស្រី ទេព វន្នី  និង​អតីតបុគ្តលិកវិទ្យុអាសរីពីររូប អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន រួមទាំងអតីតប្រធានគណបក្សអំណាច​ខ្មែរ លោក សួន សេរីដ្ឋា ជាដើម​។​

ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករនៅខេត្តកណ្តាលនាថ្ងៃ២៣ខែសីហានេះ លោក ហ៊ុន សែន បានបង្ហើបថា រ​ដ្ឋមន្ត្រីក្រ​សួង​​យុ​ត្តិ​​​ធ​ម៌កំពុងពិនិត្យលទ្ធភាពលើកលែងទោ​​សដល់សកម្មជ​ន​ន​​យោ​​បា​យ​ចំនួន ១២នាក់ផ្សេងទៀត​ ដែលថាអាច​នឹងត្រូវធ្វើ​ឡើង​ក្នុ​ង​ពិធីបុណ្យជាតិខាង​មុ​ខផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ