សាលាដំបូងលើកពេលសវនាការលើមន្ត្រីអាដហុក

អតីតមន្រ្តីអាដហុកលោក នី ចរិយា (ឆ្វេង) និងមន្ត្រីការពារសិទ្ធិមនុស្សអាហុក លោក ណៃ វ៉ង់ដា (កណ្ដាល) លោក យី សុខសាន្ត (ស្ដាំ)

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងរបស់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៣ រូប ដោយសំអាងថា អវត្តមានសាក្សីពីររូបឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ និងម្នាក់ទៀតឈ្មោះ ទ្រី ឈួន។​​​

នៅព្រឹកនេះ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត លោកណៃ វ៉ង់ដា   និងអតីតមន្រ្តីអាដហុកលោក នី ចរិយា ទៅតុលាការចូលរួមសវនាការ តាមការកោះហៅរបស់ចៅក្រម ក្នុងសំណុំរឿងចោទថា ​​សម​គំនិត និងសូក​ប៉ាន់​សាក្សី។

ក្នុងបន្ទប់សវនាការមេធាវីការពារក្ដី បានស្នើទៅចៅក្រមឲ្យលើកពេលសវនាការថ្ងៃក្រោយវិញ ដោយថា សវនាការមិនមានកូនក្ដីចំនួន ២ រូបទៀត និងសាក្សីសំខាន់ ២  រូប ដែលបានចោទប្រកាន់ទៅលើកូនក្ដីរបស់លោក។ ក្រោយពីមានការសំណើនេះ  ចៅក្រមជំនុំជម្រះ បាន​សម្រេចលើកពេលទៅថ្ងៃទី១៨ ខែកញ្ញាវិញ  ដោយសារ មូលហេតុមិនមានសាក្សី។ ​

ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការ លោក យី សុខសាន្ត លើកឡើងថា លោកចង់ឲ្យសាក្សីដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចូលរួមសវនាការដែរ ដោយសារ សាក្សីទាំងនោះ បានចោទប្រកាន់ទៅលើរួបលោក និងមន្ត្រីការពារសិទ្ធិផ្សេងទៀត។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត (ស្ដាំ)
មូលហេតុដោយសារជនជាប់ចោទ និងសាក្សីជាច្រើនមិនទទួលបានដីកាពីតុលាការ។ សាក្សីដែលចោទមកលើពួកយើងដែលជាជនជាប់ចោទ ពីព្រោះសាក្សីទាំងនោះ ទម្លាក់កំហុសមកលើពួកយើងដែលធ្វើការងារសង្គមស៊ីវិលខាងមនុស្សធម៌

មន្ត្រីការពារសិទ្ធិមនុស្សអាហុក លោក យី សុខសាន្ត

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការលើកពេលសវនាការនេះថារឿងត្រឹមត្រូវ។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត
សាក្សីសំខាន់ៗដែលដើមចមឲ្យមានករណីនេះ កើតឡើងគឺអវត្តមាន អញ្ចឹងបើសវនាការនេះ ដំណើរខ្ញុំគិតថាវាខ្វះនៃធាតុផ្សំក្នុងការជជែកដេញដោលជាពិសេស គឺសាក្សីសំខាន់ដែលដើមចមឲ្យអ្នកទាំង ៥ នាក់ ជាប់ពន្ធនាគារ ១៤ ខែ កន្លងមកនេះ។ អញ្ចឹងការលើកពេលនេះ ក៏ជាការល្អមួយដែរ ដើម្បីថ្ងៃក្រោយសង្ឃឹមថាអ្នកទាំងនោះនឹងចូលក្នុងសវនាការ ដើម្បីជជែកដេញដោលរកភាពស្អាតស្អំអ្នកទាំងអស់គ្នាគឺភាពយុត្តិធម៌អ្នកទាំង ៥ នាក់នោះ

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត

សវនាការនៅថ្ងៃនេះ មានការឃ្លាំមើលពីតំណាងស្ថានទូតរួមមាន  ស្ថានទូតអាមេរិក ស៊ុយអ៊ែត   EU UN អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងៗទៀត ។ ក្រៅពីនោះ ក៏មានមន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយចូលរួមក្នុងសវនាការនេះដែរ។

កាលពីថ្ងៃអាទិត្យម្សិលមិញអង្គការអន្តរជាតិចំនួន​  ៥ បានទទូចឲ្យតុលាការកម្ពុជាទម្លាក់ការចោទប្រកាន់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ដោយថា ការចោទប្រកាន់របស់តុលាការ កាលពីពេលកន្លងទៅ គឺជាការចោទប្រកាន់ដែលមានចរិតនយោបាយ និងជាការយាយីដល់សិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។

មន្ត្រីអាដហុក៤រូប​និងអគ្គលេខាធិការរង គ.ជ.ប ១រូប ជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ ក្រោម​​ការ​ចោទ​ថា បាន​សម​គំនិត និង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា។

អ្នកទាំង៥រូបត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែមិថុនាឆ្នាំមុន រហូតដល់នៅក្នុងខែសីហាឆ្នាំ២០១៨នេះ ចៅក្រមចាប់ផ្តើម​កោះហៅអ្នកទាំងនេះចូលរួមសវនាការបន្តបន្ទាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ