មន្ត្រីជំនាញ​ទទួលស្គាល់​ថា​បទល្មើសផលិតផល​​ក្លែងក្លាយ​មានការ​កើនឡើង​

ទីតាំង​២​កន្លែង​ដែល​បាន​លួច​វេច​ខ្ចប់​ ផលិត​ប៊ី​ចេ​ង​ក្លែងក្លាយ​ និង​រំលោភ​កម្មសិទ្ធិបញ្ញា​ ហើយ​ត្រូវបាន​សម្រេច​រឹបអូស​ប៊ី​ចេ​ង​ក្លែងក្លាយ​ជិត​ ២០​តោន​ និង​ម្ចាស់​ទីតាំង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាក់សួរ​តាម​នីតិវិធី​ច្បាប់​នៅ​ក្រសួងមហាផ្ទៃ​ផង​ដែរ ថ្ងៃទី ២៧ សីហា ២០១៨ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

មន្ត្រីជំនាញអះអាងថា បទល្មើសផលិត​ផល​​ក្លែងក្លាយពិតជា​មានការកើនឡើងមែន ប៉ុន្តែសមត្ថកិច្ចកំពុងតែ​ចាត់​វិធាន​ការដោយ​យក​ចិត្តទុកដាក់។

អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ  លោក ទូច យុទ្ធា មានប្រសាសន៍ថា មានក្រុមខិលខូចមួយចំនួនបានបង្កើតទីតាំង​ផលិតផលិតផលក្លែងក្លាយ​ជា​ច្រើននៅឆ្នាំនេះ។

ខ្ញុំមិនអាចសន្យាជាភាគរយបានទេ ក៏ប៉ុន្តែខ្ញុំដឹងថាកើន ព្រោះខ្ញុំអ្នកប្រយុទ្ធប្រឆាំងផ្ទាល់ខ្ញុំដឹងថាវាមានការកើនឡើង

អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ លោក ទូច យុទ្ធា

មន្ត្រីជំនាញរូប​នេះ បញ្ជាក់ថាសមត្ថកិច្ចជំនាញកំពុង​សហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បី​ទប់ស្កាត់បទ​ល្មើសនេះ​ឲ្យមានប្រសិទ្ធិភាព ដើម្បីជួយការពារសុខភាពប្រជាពលរដ្ឋ​។

កាលពីម្សិលមិញ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ឆែកឆេរ​ផ្ទះ​២​កន្លែងផ្សេងគ្នា​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​២​ ខ័​ណ្ឌ​ឫស្សី​កែវ​ និងភូមិទួលពង្រ សង្កាត់ចោមចៅ រាជធានី​ភ្នំពេញ​ ហើយបាន​រឹបអូសបានប៊ីចេងក្លែងក្លាយសរុប​ជាង៣៧តោន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើមចមដែលនាំឲ្យមាន​បទល្មើសផលិតផលក្លែងក្លាយកើនឡើង ដោយសារការអនុវត្តច្បាប់របស់អាជ្ញាធរនៅ​មាន​​   ភាពខ្វះចន្លោះ​។ លោកបន្ត​ថា បើមិនទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពទេ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងមុខមាត់កម្ពុជាលើ​ឆាកអន្តរជាតិផងដែរ ។

មាត្រា៦៤ និងមាត្រា៦៥ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម​ និងការប្រកួតប្រជែងមិនស្មោះត្រង់ បានចែងថា ជនណាដែលក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសណាមួយផ្សេងទៀតដែលបានចុះបញ្ជីនៅកម្ពុជា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ២០លានរៀល។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ កាលពីឆ្នាំមុន ស្ថាប័ននេះ​បានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​​ចំនួន​ប្រមាណ​៦០០តោន។ គណៈកម្មការ​នេះ ទទួល​ស្គាល់ថារផលិត ការចរាចរណ៍ផលិតផលក្លែងក្លាយ​នៅតែបន្តដែល​តម្រូវឱ្យ​មាន​វិធាន​​ការ​ជា​បន្ត​បន្ទាប់​ទៀត។

របាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលកាលពីឆ្នាំ២០១៦ បានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែម ដែល​មកពីការប​រិភោគចំណីអាហារមានសារធាតុគីមី ក្នុងរយៈពេល៣ឆ្នាំ មានការកើនឡើងជិត២ដង បើ​ប្រៀបធៀប​ទៅ​នឹងឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ