ព្រឹត្តិការណ៍រយៈពេល១ឆ្នាំពាក់ព័ន្ធការឃុំខ្លួនលោក កឹម សុខា

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ១ឆ្នាំមកហើយ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចោទថា អតីតគណបក្សប្រឆាំងមានចេតនាធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

ព្រឹត្តិការណ៍ក្រោយការបោះឆ្នោតឃុំ-សង្កាត់

របត់នយោបាយថ្មីៗនិងប្រតិកម្មរិះគន់ចំពោះការគោរពសិទ្ធិមនុស្សរបស់កម្ពុជាបានធ្លាក់មកជាហូរហែរ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ ដែលលទ្ធផលនាពេលនោះបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានរបូតអាស​នៈជាច្រើន ហើយគណបក្សសង្គ្រោះជាតិបានកើនជាង ២ពាន់អាសនៈ។

លទ្ធផលបោះឆ្នោតឃុំសង្កាត់នេះ ត្រូវបានអ្នកតាមដានសង្គម និងនយោបាយវិភាគថា គណបក្សទាំងពីរនឹងប្រកួតប្រជែងគ្នាខ្លាំង សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨។

ប៉ុន្ដែ ជោគវាសនាអតីតគណបក្សប្រឆាំង និងថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ បានប្រឈមនឹងបញ្ហាជាច្រើននៅមុនការបោះឆ្នោតជាតិមកដល់ ដូចជា ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំជាបន្ដបន្ទាប់ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅនៅក្រៅប្រទេស ហើយលោក កឹម សុខា ទៀតសោត ក៏រងការចោទថា មានរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាស់ជាមួយនារីម្នាក់ និងត្រូវសំងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សអស់រយៈពេល ៦ខែទៀតផង។

ក្នុងពិធីមួយកាលពីខែសីហាឆ្នាំ២០១៧នោះ លោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន បានចោទប្រកាន់ជាសាធារណៈលើអតីតបក្សប្រឆាំងថា បានប្រព្រឹត្តអំពើ​ «ក្បត់ជាតិ» ដោយថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ជុំវិញវីដេអូឃ្លីបដែលលោក កឹម សុខា បានថ្លែងនៅប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០១៣។ ប៉ុន្ដែ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ថា គ្មានមូលដ្ឋានទាល់តែសោះ។

ក្រោយការថ្លែងរបស់លោក ហ៊ុន សែន មិនដល់កន្លះខែផង អាជ្ញាធរកម្ពុជា និងកងកម្លាំងមកពីកងអង្គរក្សលោកនាយករដ្ឋមន្ដ្រី បានធ្វើការឡោមព័ទ្ធផ្ទះលោក កឹម សុខា ទាំងកណ្ដាលយប់ និងចាប់ខ្លួនលោកនៅយប់ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧។ ការចាប់ខ្លួននេះ បានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវិធានការអនុវត្តច្បាប់នៅកម្ពុជា ខណៈដោយរដ្ឋាភិបាលចាត់ទុកថា នេះជាករណីបទល្មើសជាក់ស្ដែង និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពជាតិ។

ទីបំផុតទៅ អតីតគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ហើយអាសនៈទាំងអស់របស់គណបក្សនេះ ក៏ត្រូវបានបែងចែកឲ្យទៅគណបក្សផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ។

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​

សំណុំរឿងប្រឆាំងលោក កឹម សុខា

ចំណែកសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងលោក កឹម សុខា ឯណេះវិញ ក៏នៅតែបន្ដទៅមុខ ដោយតុលាការថាកំពុងបន្ដនីតិវធីស៊ើបសួររបស់ខ្លួន និងបានបដិសេធសំណើសុំនៅក្រៅឃុំជាច្រើនលើក បើទោះបីជាក្រុមមេធាវីការពារអះអាងថា សុខភាពលោក កឹម សុខា កាន់តែទន់ខ្សោយក៏ដោយ។

ជាក់ស្ដែង តុលាការកំពូល កាលពីថ្ងៃទី២២ខែសីហា បានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ដោយទាត់ចោលសំណើសុំនៅក្រៅជុំទី២ របស់លោក កឹម សុខា ខណៈលោកបានជាប់ឃុំក្នុងពន្ធនាគារជិត​ ១ឆ្នាំមកហើយ។

ប៉ុន្ដែ តាមការគ្រោងទុក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការមួយទៀតពាក់ព័ន្ធនឹងនីតិវិធីពន្យារពេលឃុំខ្លួនលោក កឹម សុខា ដែលនឹងធ្វើឡើង​នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នាចុងខែសីហា។ ការបើកសវនាការនេះ គឺដើម្បីពិនិត្យថាតើ លោក កឹម សុខា ត្រូវពន្យារពេលឃុំខ្លួន ៦ខែទៀត ឬអនុញ្ញាតឲ្យនៅក្រៅឃុំ។

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ភាពចម្រូងចម្រាស់ជុំវិញការអនុវត្តច្បាប់ប្រឆាំងលោក កឹម សុខា

VOD បានទាក់ទងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ប៉ុន្ដែ លោកបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មានឡើយ។

បាទ លោកសួរទៅអ្នកនាំពាក្យចុះ ខ្ញុំមិនអាចឆ្លើយបានទេ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី

ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ឲ្យដឹងថា តុលាការកំពុងបន្ដនីតិវិធិស៊ើបសួររបស់ខ្លួន។

មេធាវីម្នាក់ដែលការពារឲ្យលោក កឹម សុខា គឺលោក ផែង ហេង ពន្យល់ថា សវនាការនៅថ្ងៃទី៣០សីហានេះ គឺជានីតិវិធីរបស់ចៅក្រមស៊ើបសួរ ដែលនឹងត្រូវសម្រេចថាតើ ​គួរដោះលែង ឬបន្ដឃុំខ្លួន ដើម្បីបន្ដនីតិវិធីស៊ើបរបស់តុលាការ។ មេធាវីរូបនេះសង្ឃឹមថា កូនក្ដីរបស់លោកនឹងអាចមានសេរីភាពវិញនាពេលឆាប់ៗខាងមុខ។

ថ្ងៃ៣០នេះ គឺជានីតិវិធីរបស់ចៅក្រមស៊ើបដោយសារគាត់អស់ពេលឃុំខ្លួនបណ្ដោះអាសន្នតទៅទៀតហើយ ប្រសិនជាគាត់មិនមាននីតិវិធី […] យើងនឹងលើកអង្គហេតុ ក៏ដូចជាទឡ្ហីករណ៍ សំអាងទៅចៅក្រម បើសិនជាចៅក្រមគាត់យល់ឃើញដូចមេធាវីលើក អាហ្នឹងខ្ញុំគាត់នឹងដោះលែងនៅថ្ងៃហ្នឹង

មេធាវីម្នាក់ដែលការពារឲ្យលោក កឹម សុខា គឺលោក ផែង ហេង

ប៉ុន្ដែ ក្នុងសេចក្ដីសម្រេចមួយ​ កាលពីខែមេសាឆ្នាំ២០១៨ ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយបញ្ហាឃុំខ្លួនដោយបំពាន ឬ UN Working Group on Arbitrary Detention បានថ្កោលទោសវិធានការចាប់ខ្លួនលោក កឹម សុខា ថា ធ្វើឡើងដោយបំពានច្បាប់ និងមានហេតុផលនយោបាយ ដូចជាថា ការចាប់ខ្លួននេះធ្វើឡើងដោយគ្មានដីកាពីតុលាការ និងរំលោភបំពានលើអភ័យឯកសិទ្ធិសភា។

ចំពោះការថ្លែងរបស់លោក កឹម​ សុខា ក្នុងវីដេអូឃ្លីប កាលពី៥ឆ្នាំមុននោះ គឺជាសិទ្ធិបញ្ចេញមតិក្នុងកិច្ចការសាធារណៈ និងថា មិនបង្កើតជាបទល្មើស «សមគំនិតជាមួយបរទេស» ដូចមានចែងត្រង់មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជានោះទេ។

ក្រុមការងារនៃអង្គការសហប្រជាជាតិក៏រិះគន់ថា តុលាការកម្ពុជាបានរំលោភសិទ្ធិរបស់ជនជាប់ចោទ ដូចជា លោក កឹម សុខា ភាគច្រើនមិនបានចូលរួមសវនាការប្រឆាំងនឹងខ្លួន សាក្សីដែលស្នើឡើងដោយក្រុមមេធាវីមិនត្រូវបានកោះហៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តែងផ្ញើសារគំរាមជាបន្ដបន្ទាប់ដែលប៉ះពាល់ដល់គោលការណ៍វិមតិសង្ស័យ ហើយតុលាការទៀតសោតបានបដិសេធសំណើសុំនៅក្រៅឃុំជាច្រើនលើក ទោះបីជាលោក កឹម សុខា​ មានជំងឺប្រចាំកាយក៏ដោយ។

អង្គការសហប្រជាជាតិបន្ដទៀតថា បើសិនជាករណីលោក កឹម សុខា ជាបទល្មើសជាក់ស្ដែងមែននោះ តុលាការមិនចាំបាច់ប្រើពេលវេលាយូរ ដើម្បីធ្វើការស៊ើបអង្កេតនោះទេ ហើយថានេះក៏បង្ហាញថា សវនាការប្រឆាំងលោក កឹម សុខា មានភាពយឺតយ៉ាវ និងមិនផ្ដល់យុត្ដិធម៌នោះឡើយ។

ក្រុមការងារនៃអង្គការសហប្រជាជាតិក៏ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ផងដែរ ដោយថា ការបន្ដឃុំខ្លួនបណ្ដោះអាសន្ន បានរំលោភទៅលើគោលការណ៍របស់អង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឲ្យឃុំខ្លួនអ្នកទោសយូរពេក និងគ្មានកាលកំណត់៕

លោក កឹម សុខា និងលោក ហ៊ុន សែន (FreshNews)
លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ