តុលាការបន្តសួរ James Ricketson ជុំវិញថវិកាផ្ដល់ដល់កូនចិញ្ចឹមនៅកម្ពុជា

លោក James Ricketson បានជាប់ពន្ធនាគារនៅប្រទេសកម្ពុជាតាំងពីខែមិថុនាឆ្នាំ២០១៧។ រូបភាព៖ ABC News

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបន្តសវនាការសួរដេញដោលអ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលីម្នាក់ ពាក់ព័ន្ធនឹងប្រភពថវិកាដែលបានយកទៅជួយក្មេងៗក្រីក្រ និងគ្រួសារកូនចិញ្ចឹមរបស់លោកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។

ក្នុងបន្ទប់សវនាការសួរដេញ​ដោល  លោក James Ricketson បានប្រាប់ទៅចៅក្រម​ថា ថវិកាដែលប្រើសម្រាប់ជួយដល់ក្មេងៗក្រីក្រនិងកូនចិញ្ចឹមនោះ គឺសារព័ត៌មាន ABC ប្រចាំនៅអូស្រ្តាលី និងខាង Al Jazeera អ្នកផ្តល់ឲ្យលោក​ដោយលោកផលិតព័ត៌មានឲ្យស្ថាប័នទាំងនេះ។

លោកបន្តថា ចាប់តាំងពីលោកបានចូលមកប្រទេសកម្ពុជា លោកបានជួយក្មេងជាច្រើននាក់ដោយផ្ដល់ប្រាក់សម្រាប់ឲ្យពួកគេសិក្សា  ប៉ុន្តែសម្រាប់កូនចិញ្ចឹមវិញ លោកបានផ្ដល់ថវិកាក្នុងមួយខែជាង ១០០ ដុល្លារដល់គ្រួសារ ហើយក៏ទិញដីទុកឲ្យពួកគេផងដែរ។

ខ្ញុំបានជួយគ្រួសារឬក្មេងក្រីក្រជាច្រើនដោយផ្ដល់ប្រាក់សម្រាប់ការសិក្សា ហើយខ្ញុំគិតថាការជួយរបស់ខ្ញុំជារឿងល្អ។ ក្នុងនោះខ្ញុំជួយក្មេង ១៥ នាក់ដល់ប្រាក់សម្រាប់ឲ្យពួកគេបានចូលសិក្សានិងគ្រួសាររបស់ពួកគេដែលរស់នៅ

លោក Ricketson​  ប្រាប់ទៅចៅក្រមថា​ លោកត្រូវស្វែងរកថវិកាជាង ១៤ ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយក្មេង និងគ្រួសារក្រីក្រនៅកម្ពុជាផងដែរ។  បន្ទាប់ពីសាកសួរពេញមួយព្រឹកចៅក្រមសម្រេចផ្អាកសវនាការ ហើយថា នឹងបន្តទៀតនៅរសៀលនេះ ដោយសួរដេញដោលផ្តោតលើករណីចោទថា លួចប្រមូលព័ត៌មានពីកម្ពុជា។​

លោក​ Ricketson​ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​សកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ​។ ក្រោយពីមានការចាប់ខ្លួនលោក​ Ricketson​  រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានសរសេរលិខិតមួយផ្ញើទៅ​រដ្ឋមន្ត្រីការបរទេសកម្ពុជា​លោក ប្រាក់ សុខុន ក្នុងបំណងស្វែងរក ការសម្របសម្រួលឲ្យមានការ​ដោះលែងលោកJames Ricketson ។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ