លោក ហ៊ុន សែន ព្រមានចាប់លោក គឹម សុខ ដាក់ពន្ធនាគារបើមិនបង់លុយ

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក គឹម សុខ ដាក់ពន្ធនាគារម្ដងទៀត ប្រសិនបើអ្នកវិភាគនយោបាយរូបនេះមិនសងប្រាក់ចំនួន ៨០០លានរៀលឲ្យទៅគណបក្សកាន់អំណាចទេនោះ។

ក្នុងពិធីជួបជាមួយក្រុមកម្មករកាលពីម្សិលមិញនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មេដឹកនាំគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្រាប់ឲ្យមេធាវីរបស់លោក ទាមទារប្រាក់សំណងជំងឺចិត្ត ៨០០លានរៀល ឬស្មើនឹង២០ម៉ឺនដុល្លារ ពីលោក គឹម សុខ ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយទើបបានចេញពីពន្ធនាគារ កាលពី២សប្ដាហ៍មុន។

លោកថ្លែងទៀតថា ទោះជាលោក គឹម សុខ បានអនុវត្តទោសរួចរាល់ហើយក៏ដោយ ប៉ុន្ដែ អ្នកវិភាគរូបនេះមិនទាន់បានសងប្រាក់សំណងទៅគណបក្សប្រជាជននោះទេ ខណៈលោក ហ៊ុន សែន បន្ទោសថា លោក គឹម សុខ បានប្រើពាក្យសម្ដីបន្តុះបង្អាប់លើរដ្ឋាភិបាលរបស់លោក ក្រោយចេញពីពន្ធនាគារ។

អ្នករួចទោសតាមរយៈការសុំលើកលែងទោសរបស់នាយករដ្ឋមន្ដ្រីថ្វាយទៅព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស សំណងទាំងឡាយមិនត្រូវបានសងទេ។ ក៏ប៉ុន្ដែ ផ្ទុយទៅវិញ អ្នករួចទោសដោយសាលាក្រមផុតរលត់ ត្រូវតែសងលុយជំពាក់គេ។ អញ្ចឹងអ្នកណាដែលរួចទោសបែបនេះ ដែលជំពាក់គណបក្សប្រជាជន ៨០០លានរៀល ត្រូវរកលុយសង។ បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន

កាលពីថ្ងៃទី១៧ខៃសីហាកន្លងទៅថ្មីៗនេះ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់អនុវត្តទោស១៨ខែរួចរាល់ ក្រោមការចោទរបស់រដ្ឋាភិបាលពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ក្រៅពីនេះ លោក កឹម សុខ ក៏នៅជាប់បណ្ដឹងមួយទៀត ដែលថា លោកបានចោទរដ្ឋាភិបាលថា បានបង្កើតប្រព័ន្ធសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។

យ៉ាងណាក៏ដោយ ក្រោយចេញពីពន្ធនាគារ លោក គឹម សុខ បានបញ្ជាក់ជំហរថា លោកនៅតែបន្ដការវិភាគវែកញែកស្របទៅតាមច្បាប់ដើម្បីជំរុញយុត្តិធម៌សង្គម និងយន្ដការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ