តុលាការសម្រេច​បន្ដឃុំខ្លួនលោក កឹម សុខា ដូចការបង្ហើបរបស់លោកនាយករដ្ឋមន្ដ្រី

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ទីបំផុតទៅ តុលាការសម្រេចពន្យារពេលឃុំខ្លួនមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា បន្ដទៀត បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​ហើយ​នោះ ដែល​សេចក្ដី​សម្រេច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ការ​ថ្លែង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក កឹម សុខា ត្រូវបាន​ក្រុម​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បើក​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បួងឃ្មុំ ជា​ទី​ដែល​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ឆ្នាំ​មុន​មក​ម៉្លេះ។

ក្រោយបញ្ចប់ការសួរដេញដោលអស់រយៈពេលមួយព្រឹក មេធាវី​ការពារ​ក្ដី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ លោក ចាន់ ចេន បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះថា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​លោក​បណ្ដោះ​អាសន្ន ៦​ខែ​ទៀត។

​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​បែប​នេះ ដូច​ទៅ​នឹង​សម្ដីរបស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែនដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គ្មានការដោះលែងលោក កឹម សុខា ឡើយនៅថ្ងៃនេះនោះ​ឡើយ។

សវនាការ​សួរ​ដេញ​ដោល​លោក កឹម សុខា នៅ​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​នៅ​ជុំ​វិញ​បរិវេណ​ពន្ធនាគារ​ត្រពាំងផ្លុង ខណៈ​ដែល​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​មួយ​ចំនួន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តាម​ដាន​នោះ​ឡើយ។

លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារជិត ១ឆ្នាំមកហើយ ក្រោយពីអាជ្ញាធរកម្ពុជា​ចាប់ខ្លួនលោកនៅយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»

ប៉ុន្ដែ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ និងក្រុមការងារនៃអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយបញ្ហាឃុំខ្លួនដោយបំពាន ហៅករណីនេះថា ធ្វើឡើងដោយបំពានច្បាប់ និងមានហេតុផលនយោបាយនៅពីក្រោយ៕


រាយការណ៍បន្ថែមដោយលោក ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ