សវនាការពន្យារពេលឃុំខ្លួនលោក កឹម សុខា ធ្វើឡើងក្រោម​ការរឹតបន្ដឹង​សន្ដិសុខ

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ក្រុម​កម្លាំង​សន្តិសុខ​ចម្រុះ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​បរិវេណ​ពន្ធនាគារ​ត្រពាំងផ្លុង ជា​ទី​ដែល​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​បន្ថែម​ទៀត ជុំ​វិញ​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​លោក ក្រោយ​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​ហើយ​នោះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺជាសវនាការពន្យារពេលឃុំខ្លួនប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា ដែលបានជាប់ឃុំអស់រយៈពេលជិត ១ឆ្នាំមកហើយនោះ ប៉ុន្ដែ សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានរឹតបន្ដឹងសន្ដិសុខខ្លាំង ក្រោយការព្រមានពីនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បើកសវនាការមួយពាក់ព័ន្ធនឹងនីតិវិធីពន្យារពេលឃុំខ្លួនលោក កឹម សុខា ដែលធ្វើឡើង​នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ខែសីហានេះ។ ការបើកសវនាការនេះ គឺដើម្បីពិនិត្យថាតើ លោក កឹម សុខា ត្រូវពន្យារពេលឃុំខ្លួន ៦ខែទៀត ឬអនុញ្ញាតឲ្យនៅក្រៅឃុំ។

ប៉ុន្ដែ សវនាការនេះ គឺពោរពេញដោយការរឹតបន្ដឹងសន្ដិសុខខ្លាំងពីសំណាក់កម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ នៅតាមផ្លូវចូលទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួន មិនត្រូវបានអនុញ្ញាតនោះទេ។

ការរឹតបន្ដឹងនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញ បានថ្លែងថា នឹងគ្មានការដោះលែងលោក កឹម សុខា នោះទេ។

លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនអ្នកដែលបានឃោសនាដើម្បីប្រមូលកម្លាំង ​ឲ្យទៅទ​ទួ​​ល​​មេដឹកនាំបក្សប្រឆាំងរូបនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ