រដ្ឋាភិបាលគ្រោង​បង្កើតខេត្តថ្មីចំនួនពីរបន្ថែមទៀត

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង (រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានចុះ​ហត្ថលេខា​យល់ព្រមឲ្យ​មាន​ការ​សិក្សាដើម្បី​​បង្កើតខេត្តថ្មីចំនួនពីរ តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចង់​​បំបែក​ឲ្យមាន​ខេត្តថ្មី​ពីភូមិសាស្ត្រខេត្តកណ្តាល និង​ ​ភូមិសាស្ត្រ​ខេត្តមណ្ឌល​គិរី​ និង​រតនគិរី។

ក្នុង​លិខិតរបស់ក្រសួងមហាផ្ទៃដែលវីអូឌីទទួលបាននៅថ្ងៃនេះ បញ្ជាក់ថាសំណើរ​សុំ​បង្កើត​ខេត្តថ្មីនេះ​ ដើម្បី​ជួយលើកម្ពស់​ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងងាយស្រួលផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋជាដើម​។

លិខិតរបស់​ក្រសួងមហាផ្ទៃដដែល ស្នើទៅរដ្ឋាភិបាលរៀប​ចំបង្កើតខេត្តថ្មីឲ្យ​ចប់សព្វគ្រប់ នៅខែមករា ឆ្នាំ២០១៩ ដើម្បីទុកពេលវេលាសមស្របងាយស្រួលឲ្យ​​រដ្ឋាភិបាលកំណត់​ចំនួនអាសនៈក្រុម​ប្រឹក្សា​រាជ​ធានី​​ ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលតាមអាណត្តិកំណត់ក្នុងច្បាប់ គឺអំឡុងខែឧសភា ឆ្នាំ២០១៩​ខាង​មុខ​នេះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដំណាក់​​កាលនេះ រដ្ឋាភិបាលត្រូវទំលាក់ថវិកាជាតិឲ្យបានច្រើនដល់ស្រុក ឃុំ សង្កាត់ ជា​ជាង​បង្កើត​ខេត្តថ្មីបន្ថែមទៀត ធ្វើឲ្យខ្ចះខ្ជាយថវិកាជាតិ។

រឿងការបង្កើតខេត្តថ្មី ត្រូវចំណាយថវិការច្រើន។ ហើយទិដ្ឋភាព​បច្ចុប្បន្ន​នេះ ខ្ញុំគិតថាកាត់​បន្ថយការ​ចំណាយទៅអ្វីមិនចាំបាច់គឺជារឿងល្អបំផុតសម្រាប់កម្ពុជា ព្រោះយើងចង់ឃើញការយកថវិកាជាតិទៅពង្រឹងអ្វីដែលមានស្រាប់។ បើឃុំនិងស្រុករឹងមាំ គឺមានភាពសកម្ម មានធនធានគ្រប់គ្រាន់ មានមធ្យោបាយ​គ្រប់​គ្រាន់​[…]ការផ្តល់ សេវា នៅ មូលដ្ឋានលែងជាការបារម្ភ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

បច្ចុប្បន្ននេះ កម្ពុជាមានរាជធានី/ខេត្តសរុបចំនួន​២៥ នៅទូទាំងប្រទេស​។ កាលពីចុងខែធ្នូ​ឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាល​កម្ពុជាបានសម្រេច​​បង្កើតខេត្តត្បូងឃ្មុំដែល​ត្រូវបាន​បំបែក​ចេញ​ពី​ភូមិសាស្រ្ត​ខេត្ត​កំពង់​ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ