លោក សម រង្ស៊ី ថា សំណុំរឿងលោក កឹម សុខា ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អាមេរិក និងអាល្លឺម៉ង់

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានស្នើទៅតុលាការកម្ពុជា ឲ្យចោទប្រកាន់មេដឹកនាំ​សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងដែរ ក្នុងសំណុំរឿង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ដែលត្រូវ​បាន​រដ្ឋាភិបាលចោទថា «ក្បត់ជាតិ»។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា មានជនជាប់ចោទ ២នាក់ទៀត ដែលតុលាការកម្ពុជាគួរចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងនឹង​លោក កឹម សុខា គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។

លោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរនេះបានជួយអតីតគណបក្សសង្គ្រោះជាតិក្នុងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលធនធានមនុស្សឲ្យយល់ដឹងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរៀបចំគោលនយោបាយរបស់អតីតបក្សបក្សប្រឆាំងមួយនេះ តាមរយៈវិទ្យាស្ថានជាតិប្រជាធិបតេយ្យ វិទ្យាស្ថានសាធារណ​រដ្ឋអន្ដរជាតិ និងអង្គការអាល្លឺម៉ង់ Konrad Adenauer Fondation។

ប៉ុន្ដែ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ លោក សម រង្ស៊ី ក៏បានលើកឡើងថា លោកសុំឲ្យតុលាការកម្ពុជាចោទប្រកាន់រូបលោកទន្ទឹមគ្នានឹងលោក កឹម សុខា ផងដែរ ក្នុងឋានៈលោកជាស្ថាបនិកគណបក្សសង្គ្រោះជាតិ និងមានការទទួលខុសត្រូវខ្ពស់បំផុតនៅពេលនោះ។

ការស្នើឡើងរបស់លោក សម រង្ស៊ី នេះ គឺបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចបន្ត​​ពេលឃុំខ្លួនបណ្ណោះអាសន្នលើលោក កឹម សុខា ចំនួន ៦ខែទៀត បន្ទាប់ពីលោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន​កាលពីយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំមុន ជុំវិញវីដេអូឃ្លីប ដែលលោកថ្លែងនៅប្រទេសអូស្ដ្រាលី​កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ