ក្រុម​អ្នកកាសែតអន្ដរជាតិថា តុលាការកម្ពុជា​គ្មានភស្ដុតាងគ្រប់គ្រាន់ករណីលោក James Ricketson

លោក ​James Ricketson (ប្រភព៖ Reuter)

អង្គការអន្ដរជាតិចំនួន២ ដែលធ្វើការលើផ្នែកសិទ្ធិសេរីភាពសារព័ត៌មាន បានថ្កោលទោសទៅ​លើ​សេចក្ដី​សម្រេចរបស់តុលាការកម្ពុជាថា ធ្វើឡើងដោយគ្មានភស្ដុតាងគ្រប់គ្រាន់ ចំពោះករណីដែលចោទអ្នកផលិតខ្សែភាពយន្ដជនជាតិអូស្ដ្រាលីថា បានប្រព្រឹត្តអំពើចារកម្ម។

កាលពីថ្ងៃទី៣១ ខែសីហា សាលាដំបូងរាជធានីភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​​លោក​ James Ricketson ឲ្យជាប់​ទោស ៦ឆ្នាំ ក្រោមបទ​​ចារកម្ម និង​លួចប្រមែប្រមូល​ព័ត៌​មាន​​​​ពី​​កម្ពុជា​​​បញ្ជូនទៅឲ្យបរទេស ដែល​ធ្វើ​ឲ្យ​អន្តរាយដល់ការ​ការពារជាតិ។

ភ្លាមៗ​ក្រោយសេចក្ដី​សម្រេច​បែប​នេះ លោក​ James Ricketson​ បាន​ចោទសួរទៅ​ប្រធានចៅក្រមជំនុំជម្រះ លោក សេង លាង ថា «​តើ​លោក​ធ្វើជាចារកម្ម​ឲ្យប្រទេសណា?» ប៉ុន្តែ​ ​​ចៅក្រមរូបនេះ​មិន​បាន​ឆ្លើយ​តប​​​នោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៣១ សីហានោះដែរ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) និងក្លឹបអ្នកកាសែត​បរទេស​នៅ​កម្ពុជា (Overseas Press Club of Cambodia) បានហៅការផ្តន្ទាទោសនេះថា មិនអាចទទួលយកបាន និងថា តុលាការកម្ពុជាមិនបានបង្ហាញភស្ដុតាងគ្រប់គ្រាន់ក្នុងការសម្រេចរបស់ខ្លួននោះទេ ដូចជា នៅមានសំណួរថា តើ​លោក​ James Ricketson ធ្វើចារកម្មឲ្យប្រទេសមួយណាជាដើម។

អង្គការអន្ដរជាតិធ្វើការផ្នែកសេរីភាពសារព័ត៌មានទាំងនេះ បន្ដថា តុលាការកម្ពុជាបានពិនិត្យតែទៅលើរូបភាព និងអ៊ីម៉ែលមួយចំនួនក្នុងកុំព្យូទ័រផ្ទាល់ខ្លួនរបស់លោក James Ricketson តែ​ប៉ុណ្ណោះ ខណៈឯកសារទាំងនេះសុទ្ធសឹងជាវីដេអូឯកសារអំពីជីវិតក្មេងកំព្រា និងភាពក្រីក្រក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃប៉ុណ្ណោះ។

អង្គការអន្ដរជាតិទាំងនេះ ព្រមានថា កម្ពុជានឹងបាក់មុខមាត់នៅលើឆាកអន្ដរជាតិ បើមិនដោះលែងលោក James Ricketson ឲ្យមានសេរីភាពវិញទេនោះ។

លោក​ James Ricketson​ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ កាលពីខែ​​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន ​ដើម្បីផ្ដិតយកសកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ