ចិន​ថា​ខ្លួន​មិនបានប្រើ«អន្ទាក់​បំណុល»​ដូចការ​ចោទ​ប្រកាន់នោះ​​ទេ​​

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying (រូបភាព៖ វេបសាយបរទេស)

ចិន​​ បានច្រាន​ចោល​ចំពោះការចោទប្រកាន់​ដែលថាខ្លួនកំពុង​ប្រើ​«អន្ទាក់​បំណុល​» ដើម្បី​អូសទាញ​ប្រទេស​មួយ​ចំនួន​ឲ្យស្ថិត​ក្រោមឥទ្ធិពលរបស់ចិន។

​ការលើកឡើងរបស់​ចិនបែបនេះ ធ្វើ​ឡើងស្រប​អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​និងសារ​ព័ត៌មានដែល​មាន​ ​និន្នាការ​ទៅ​លោក​ខាង​លិច​​មួយ​ចំនួន​បានចេញផ្សាយ​ជាបន្តបន្ទាប់​ ថា​​ការ​ផ្ដល់​ប្រាក់​កម្ចីរបស់​ចិន​​ដល់​ប្រទេស​មួយ​ចំនួនមាន​លក្ខណៈជាអន្ទាក់​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​ស្ថិត​​ក្រោម​​កណ្ដាប់​ដៃ​ខ្លួន​។

ក្នុងសន្និសីទសារព័ត៌មានមួយ​កាល​ពីថ្ងៃសុក្រសប្ដាហ៍​មុន​ អ្នក​នាំពាក្យក្រសួងការបរទេស​ចិន​ អ្នកស្រី ហួ ឈុន​អ៊ីង​ មានប្រសាសន៍​ថា​ចិនមិន​មាន​អន្ទាក់បំណុល​ណាមួយនោះឡើយ។ អ្នក​ស្រី បន្ត​​​ថា​ចំនួន​ប្រាក់​កម្ចី​ដែល​ចិន​ផ្ដល់​ឲ្យប្រទេស​មួយចំនួនជា​ផ្នែក​មួយតូច​តែប៉ុណ្ណោះ បើប្រៀបធៀប​នឹង​កម្ចី​ដែល​ប្រទេសទាំងនោះ​ជំពាក់​បរទេស។ អ្នកនាំពាក្យ​រូបនេះ​បាន​ចោទ​ជាចម្ងល់​ថា​តើប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​​លោក​ខាង​លិច​​​ចេះ​​ពាក្យ​«អន្ទាក់​បំណុល​»នេះមក​ពីណា។

អ្នកស្រី ហួ ឈុន​អ៊ីង​ ក៏បាន​ចោទ​ជាសំណួរ​ផងដែរថា​នៅពេល​ដែល​លោក​ខាង​លិច​ផ្ដល់ប្រាក់កម្ចី​​ដល់​ប្រទេស​ណាមួយ​«ហេតុ​អ្វី​គេ​មិន​ហៅ​ថា​ជា​អន្ទាក់​ដែរ​ទៅ?» ហើយ «ហេតុអ្វី​នៅពេល​ដែល​ប្រាក់កម្ចី​នោះ​ជារបស់​ចិន​បែរ​ជាគេ​ថា​ជា​អន្ទាក់​ទៅវិញ?»។ អ្នកស្រីបន្ថែម​ថា​ការ​ចោទប្រកាន់​នេះ​មិន​សម​ហេតុ​ផល​អ្វី​ទាល់​តែសោះ។

អ្នកស្រី ​បាន​លើក​ឡើង​ពី​ករណីរបស់​ប្រទេសស្រីលង្កាថាស្រីលង្កា​ជំពាក់​បំណុល​ខ្លួន​តែ​១០ភាគរយ​ប៉ុណ្ណោះ​នៃ​បំណុល​បរទេសសរុប​ដែល​ប្រទេស​នេះ​ជំពាក់​បរទេស​នៅ​ឆ្នាំ​២០១៧ ហើយ​អ្នកស្រី​បន្ត​ទៀត​​ ដូច្នេះ​វិបត្តិបំណុល​របស់​ស្រី​លង្កា​មិនមាន​ពាក់​ព័ន្ធអ្វី​ជាមួយ​ចិន​នោះ​ទេ។​

ទំនាក់​ទំនង​រវាង​ចិន​និង​ស្រី​លង្កា​ ចាប់​ផ្ដើម​មាន​ភាព​ល្អូកល្អឺន​នៅ​ឆ្នាំ២០០៧ នៅ​ពេល​ដែល​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​ផ្ដល់​ការ​គាំទ្រ​ទាំង​ផ្នែក​យោ​ធា​និង​ការទូត​ដល់អតីត​រដ្ឋាភិបាល​របស់​លោក ​រ៉ាចា​ប៉ាក់​សា ក្នុង​ការ​​​បោស​សម្អាតក្រុម​ឧទ្ទាម​ខ្លាតាមិល​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ចិនបាន​លូក​ដៃ​កាន់​តែ​ជ្រៅ​ចូល​ក្នុង​ប្រទេស​ស្រី​លង្កា​ដែល​គេអាចមើល​ឃើ​ញ​តាម​រយៈ​គម្រោង​សាងសង់ធំ​​ៗ​ជាច្រើន​ជាមូយ​នឹងប្រាក់​កម្ចី​ដែល​មាន​​អត្រា​ការ​ខ្ពស់​។

រយៈពេល​១០​ឆ្នាំ​ក្រោយ​បំណុល​ចិន​ចេះ​តែកើន ហើយ​លទ្ធ​ភាព​​សង​មិន​​មាន​ទៀត​នោះ ប្រទេស​ស្រី​លង្កា ​ក៏បាន​បង្ខំ​ចិត្ត​ប្រគល់​​កំពង់​ផែហាំបាន​តូតា​ ដែល​ជាកំពង់​ផែ​ដ៏ធំរបស់​ខ្លួន​ទៅ​ឲ្យ​ចិន​​ក្នុង​រយៈ​ពេល​៩៩ឆ្នាំ​។

តាម​ការចុះផ្សាយរបស់​សារព័ត៌មានវ៉ាស៊ី​ន​តុនប៉ុស្តិ៍​​របស់​សហរដ្ឋ​អាមេរិក​ ក្រៅពីស្រីលង្កា​ ប្រទេស​ប៉ា​ គីស្ថាន​ និងប្រទេសមួយចំនួន​នៅទ្វីប​អាព្រិចក៏កំពុងតែ​ប្រឈម​នឹង​បញ្ហា​បំណុល​ចិន​នេះ​ដូចគ្នា​​តាម​រយៈ​គម្រោង​ខ្សែក្រវ៉ាត់​នឹងផ្លូវ​។

អ្នកនិពន្ធសៀវភៅ​ដែល​និយាយ​ពី​ទំនាក់​ទំនង​ចិននិង​អាមេរិក​ លោក​ចន ប៉ុមហ្រ្វេដ និយាយថា​កម្រោង​ ​ខ្សែក្រវ៉ាត់និងផ្លូវដែល​​​ចិន​បាន​បង្កើតឡើងនៅឆ្នាំ២០១៣ មាន​លក្ខណៈជា​អន្ទាក់​បំណុល​បែបការទូត​។ លោក ​បន្តថា​នៅពេល​ប្រទេស​ទាំងនោះមិនមាន​លទ្ធភាពផង​បំណុល ចិន​នឹង​ឲ្យ​​ប្រទេស​ទាំង​នោះ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​​ជាមិនបានជាមិនខាន​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ