អតីតអ្នកជាប់ឃុំមួយចំនួនបារម្ភ​ពី​បញ្ហាជីវភាព និង​សុវត្ថិភាពក្រោយចេញពីពន្ធនាគារ

លោក អ៊ួន ឈិន (ឆ្វេង) អ្នកស្រី ទេព វន្នី (កណ្ដាល) និងលោក អ៊ុំ សំអាន (ស្ដាំ)

អតីតអ្នកជាប់ពន្ធនាគារដែល​ជា​អតី​តអ្នកសារព័ត៌មាន សកម្ម​ជនដីធ្លី អ្នកវិភាគនយោបាយ​ និង​សកម្មជន​បក្សប្រឆាំង​​មួយ​ចំនួន​ បានលើកឡើងថា ពួកគេកំពុង​ជួបបញ្ហា​ប្រឈមក្នុងជីវភាពប្រចាំថ្ងៃ និងហើយ​អ្នកខ្លះ​ថា​កំពុង​បារម្ភពី​សុវត្ថិភាពរបស់​ខ្លួន​ បើទោះបី​ជា​តុលាការសម្រេច​ដោះលែងឲ្យមានសេរីភាពវិញក៏ដោយ​។

អតី​តបុគ្គលិកវិទ្យុអាស៊ីសេរី លោក អួន ឈិន បានរៀប​រាប់ថា លោកពិបាករកការងារធ្វើ ដោយសារគ្មានសម្ភារៈកាត់តរូបភាព​ដើម្បីផលិតវីដេអូ​ឯកសារ ព្រោះ​ឧបករណ៍ទាំងត្រូវ​បានសមត្ថកិច្ចរឹបអូសមិនទាន់ប្រគល់ឲ្យរូបលោក​នៅឡើយ។

[ឧបករណ៍​កាត់តរូបភាព]ទាំងអស់នៅក្នុង​កណ្តាប់ដៃសមត្ថកិច្ចដែលគេរឹបអូសយកទៅធ្វើជាវត្ថុតាង រាល់ថ្ងៃគ្រាន់តែចង់បានរបស់ដើម្បី​ធ្វើនេះធ្វើនោះ ថត រកស៊ី ទៅថតរូប្លែកៗដាក់យូធូប

អតី​តបុគ្គលិកវិទ្យុអាស៊ីសេរី លោក អួន ឈិន

ទោះជាយ៉ាងណា លោក ឈិន នៅតែមានក្តីសង្ឃឹមថា មេធាវីរបស់លោកនឹងស្នើទៅតុលាការ ដើ​ម្បីសុំយក​ឧបករណ៍កាត់តរូប​ភាពត្រឡប់មក​វិញ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារឲ្យល្អប្រសើរដូច​ដើមវិញ។​

ចំណែក​សម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍​​ថា ក្រោយពីចេញពន្ធនាគារប្រមាណពីរ​សប្ដាហ៍មក​នេះ អ្នកស្រីមិនទាន់​មានថវិកាប្រកបមុខ​របរទ្រ​ទ្រង់​ជីវភាពគ្រួសារនៅឡើ​យ។ បច្ចុប្បន្ននេះ អ្នកស្រី​ជួយការងារលាងម៉ូតូមុខ​ផ្ទះ ដែលជាកន្លែងម្តាយ បើក ដើម្បី​​រកលុយទ្រទ្រង់ជីវភាពគ្រួសារ​។

ខ្វះខាតខ្លាំងណាស់ អត់អាចរកអ្វីទ្រទ្រង់អ្វីបានទេ គ្រាន់ថារស់ទាំងវេទនា​ ចេះតែទ្រាំរស់ឲ្យបាន១ថ្ងៃៗ បានប៉ុណ្ណា ហូបប៉ុណ្នឹង។​ បើសិនជាយើងមានបញ្ហាសុខភាព ឈឺ ត្រូវ​ការចំណាយលុយមើលទាំងម្តាយ ទាំងខ្លួនឯង ទាំងម្តាយ និងកូន គឺយ៉ាប់កាន់តែខ្លាំង អត់មានសមត្ថភាពតែម្តង​

សម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី

​រីឯ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ​លោក គឹ​ម សុខ កាលពីពេលថ្មីៗនេះបានភៀសខ្លួនទៅក្រៅប្រទេស បន្ទាប់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក ដាក់ពន្ធនាគារម្ដងទៀត ប្រសិនបើអ្នកវិភាគនយោបាយរូបនេះមិនបង់​ប្រាក់ចំនួន ៨០០លានរៀលឲ្យទៅគណបក្សកាន់អំណាចទេនោះ។

លោក គឹម សុខ អះអាងថា ការភៀសខ្លួនរបស់លោក​ទៅកន្លែងសុវត្ថិភាព ដោយសារមានអ្នកគំរាមរូបលោកនិង​កូនស្រីកាលពីចុងខែសីហា ថា បើ​នៅតែ​និយាយរិះគន់រដ្ឋាភិបាល នឹង​មានរឿង​អាក្រក់កើតឡើងលើរូប​លោកនិងកូនស្រី​។

ដោយឡែក​ អតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឯណោះវិញ មានប្រសាសន៍ថា ក្រោយពីព្រះមហាក្សត្រលើកលែងទោសឲ្យរូបលោកមានសេរីភាពវិញក៏ដោយ ប៉ុន្តែលោកថារាល់ថ្ងៃនេះ នៅតែមានអ្នកស្លៀកសំលៀកបំពាក់ស៊ីវិល​តាមលោកគ្រប់ជំហាន ។

យើង​ចេញឡាន គឺឡាន ឬម៉ូតូតាមយើងរហូត។​ យើងចូលផ្លូវ​តូចឃើញបត់ទៅតាមយើង។​​ ​យើងបារម្ភខ្លះដែរ ប៉ុន្តែដូចជាគេមិនធ្វើអ្វីយើងទេ គេគ្រាន់តែឃ្លាំមើលខ្លាចយើង​ធ្វើសកម្មភាពនយោបាយ​ណាមួយក្នុងនាមសសង្គ្រោះជាតិ ​តាមការគិត​របស់យើង

អតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន

លោក អ៊ុំ​ សំអាន បញ្ជាក់ថា នឹងរកមុខ​របរសមរម្យមួយ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ បើ​សង្គ្រោះជាតិរស់ឡើងវិញ លោកនឹងចូល​ធ្វើ​នយោបាយជាមួយអតីតបក្សប្រឆាំងនោះវិញ ដោយមិនធ្វើនយោបាយ​ជាមួយបក្សផ្សេងឡើយ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​ម្នាក់​ទៀត​​ លោក មាជ សុវណ្ណារ៉ា កាលពី​ថ្ងៃ​ទី​០១​ កញ្ញា បានសម្រេចិត្ត​សាង​ផ្នួស១ ​សប្ដាហ៍​ ដោយធ្វើនៅវត្តដំណាក់ ខេត្តសៀមរាប ដើម្បី​​សងគុណ​ម្ដាយ​ឪពុក និង​បិណ្ឌបាត​បញ្ចប់​ហិង្សា​នយោបាយ បញ្ជ្រាប​មេត្តាធម៌​ដោយ​បញ្ឈប់​នូវ​វប្បធម៌​គំរាមសម្លាប់ ចាប់​ដាក់គុក និង​រត់ចោល​ស្រុក​ជាដើម​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ឆ្លើយយ៉ាងខ្លីថា លោកមិនចាប់អារម្មណ៍នឹងលើកឡើងរបស់អតីតអ្នកជាប់ឃុំទាំងនោះទេ ដោយថាការលើកឡើងនោះគ្រាន់តែជាការបញ្ចេញមតិយោបល់តែប៉ុណ្ណោះ​។

យើងអត់បាននៅជាមួយគាត់ គាត់ចង់ថាអ្វីថាទៅ ជារឿង​របស់គាត់ ប៉ុន្តែការពិតគាត់ត្រូវ​តែមានភស្តុតាង​របស់គាត់ ប៉ុន្តែអ្វីដែលគាត់និយាយជារឿង​ខ្លាច​ស្រមោលខ្លួនឯង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា

ក្នុងរយៈពេល​៣​សប្ដាហ៍ចុងក្រោយនេះ អ្នកវិភាគ​បញ្ហាសង្គម សកម្មជនដីធ្លី អ្នកសារព័ត៌មាន​ និង អ្នកទោសនយោបាយ សរុបចំនួន១៩ ត្រូវបានលើកលែងទោសនិង​ដោះលែងចេញពីពន្ធនាគារជាបន្ត​បន្ទាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ