តំណាងទូតប្រទេសលោកសេរីចំនួន៩មិនបានចូលរួមប្រជុំសភាលើកដំបូង

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

តំណាងស្ថានទូតប្រទេសប្រកាន់របបសេរីចំនួន​៩ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត មិនបានចូលរួម ក្នុងពិធីប្រជុំសភាលើកដំបូងសម្រាប់អាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះនោះទេ។​

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនាព្រឹកនេះថា អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យដឹងថា តំណាងទូតចំនួន៩ ក្នុងចំណោមទូតចំនួន៣១ មិនបានចូលរួមសម័យប្រជុំលើកដំបូងនៃសភានីតិកាលទី៦នេះទេ ដូចជា សហរដ្ឋអាមេរិក អូស្ដ្រាលី បារាំង អាល្លឺម៉ង់ កាដាណា អង់គ្លេស ស៊ុយអែត សហភាពអឺរ៉ុប និងប៊ុលហ្គារី។ ចំណែកអង្គការចំនួន៥ ក្នុងចំណោមអង្គការសង្គមស៊ីវិល១១ ក៏មិនបានចូលរួមផងដែរ។

អ្នកនាំពាក្យលោក ឡេង ប៉េងឡុង ថ្លែងថា ទោះបីជាអវត្តមានតំណាងទូតមួយចំនួនក៏ដោយ ប៉ុន្ដែ វាមិនប៉ះពាល់ដល់ដំណើរការ និងមុខមាត់របស់រដ្ឋសភាថ្មីនោះទេ។ លោកអះអាងថា សភាដែលមានគណបក្សតែមួយបែបនេះ គឺមិនផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យនោះទេ ដោយថា ប្រជាធិបតេយ្យនៅកម្ពុជា ខុសពីប្រជាធិបតេយ្យនៅអឺរ៉ុប។

មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន​សាវាង្ស មានប្រសាសន៍ថា នេះជាការបង្ហាញជំហរអវិជ្ជមានចំពោះរដ្ឋាភិបាលថ្មីរបស់កម្ពុជា បន្ទាប់ពីប្រទេសលោកសេរីទាំងនោះបានសំដែងការរិះគន់ និងខកចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា។

ជាចំណុចមួយដែលគេចង់បានការជជែកគ្នារវាងអ្នកនយោបាយនៅស្រុកខ្មែរ អាហ្នឹងហើយជារឿងសំខាន់ បើសិនជាវាអត់មានទេ យើងមិនដឹងថាតើបន្ទាប់មកទៀត នឹងមានវិធានការណាកើតឡើងទេ ប៉ុន្ដែដូចយើងធ្លាប់ដឹងហើយ ដូចសហរដ្ឋអាមេរិក ឬក៏អីហ្នឹង គេចាប់ផ្ដើមមានវិធានការបណ្ដើរៗហើយ ហើយវាជាចំណុយមួយដែលជាមុខមាត់របស់រដ្ឋាភិបាលដែរ […]

មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន​សាវាង្ស

ក្រុមប្រទេសលោកសេរីមួយចំនួន រួមមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អូស្ដ្រាលី អាល្លឺម៉ង់ ស៊ុយអែត និងចក្រភពអង់គ្លេសជាដើម បានហៅការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ខែកក្កដា ថា មិនមានភាពត្រឹមត្រូវ និងយុត្តិធម៌នោះទេ ខណៈមិនមានគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងចូលរួម។

ក្រុមប្រទេសទាំងនេះក៏ធ្លាប់បានព្រមានផងដែរថា ពួកគេនឹងមិនទទួលស្គាល់រដ្ឋាភិបាលថ្មីកើតក្រោយការបោះឆ្នោតនេះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ