លោក សុខ ទូច៖ ថ្មបីដុំនិងតំបន់ផ្សេងទៀតតាមព្រំដែននៅតែជាកម្មសិទ្ធិរបស់កម្ពុជា

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

ក្រុមស្រាវជ្រាវកិច្ចការព្រំដែននៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនៅខេត្ត​មួយចំនួន មិនធ្វើឲ្យកម្ពុជា​បាត់បង់ទឹកដីនោះទេ រួមទាំងតំបន់ថ្ម៣ដំផងនៅតែជាកម្មសិទ្ធិរបស់កម្ពុជា។

ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែននៅរាជបណ្ឌិត្យសភា លោក សុខ ទូច មានប្រសាសន៍ថា ការបោះបង្គោលព្រំដែននៅតាមខេត្តមួយចំនួន​រវាងកម្ពុជា​និងវៀតណាមកន្លងទៅ​ មិនធ្វើឲ្យកម្ពុជា​បាត់​បង់​ទឹកដី​ដូចការរិះគន់មួយចំនួន​នោះទេ ដោយលោកលើកករណីជាក់ស្តែងនៅតំបន់ថ្មបីដុំ ស្ថិត​ក្នុង​ភូមិ​ថ្មបីដុំ​ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ស្ថិតនៅក្នុងទឹកដីកម្ពុជា​នៅឡើយ។

ខេត្តតាកែវថ្មបីដុំ តាមពិតអ្នកថា ចេះតែថាទេ ថ្មបីដុំគេបោះបង្គោលរួចទៅហើយ ថ្មបីដុំនៅក្នុងដីខ្មែរទេ ដោយយើងសំអាងទៅលើធាតុគោល៤សំខាន់ គឺភូមិថ្មបីដុំ ឃុំថ្មបីដុំ កាស៊ីណូថ្មបីដុំ អ្នកតាថ្មបីដុំ ទាំងអស់នេះមិនអាច​កែប្រែបានទេ វាជារបស់ខ្មែរ ទោះបីក្នុងករណីណាក៏ដោយ

ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែននៅរាជបណ្ឌិត្យសភា លោក សុខ ទូច

មួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយថា តំបន់ថ្មបីដុំ ក្នុងខេត្តតាកែវ ត្រូវវៀតណាមគ្រប់គ្រង ហើយថា មានតំបន់ខ្លះក្នុងខេត្តស្វាយរៀងវៀតណាមបោះបង្គោលលើទឹកដីខ្មែរ។​

លោក សុខ ទូច បញ្ជាក់ថា នៅដើមរដូវ​ប្រាំងខាងមុខ​នេះ ក្រុមការងាររបស់លោកគ្រោងចុះទៅស្រាវ​ជ្រាវ​បន្តក្នុង​​​ឃុំប៉ក់យៃ ខេត្តរតនគិរី ស្ថិតនៅន្លោះបង្កោល៣០ទៅបង្គោល៤២ ដែលជាតំបន់ចម្រូងចម្រាស់​​នៃប្រទេសទាំងពីរ។

ចំណែក ខេត្តដែលនៅមានភាពចម្រូងចម្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម​ រួមមានខេត្ត ស្វាយរៀង រតនគិរី មណ្ឌលគិរី កំពត តាកែវ និងខេត្តកណ្ដាល។ នេះ បើតាម លោក វ៉ា គឹមហុង។

គួរ​បញ្ជាក់ថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានធ្វើឡើងកាលពីឆ្នាំ២០០៦ក្នុងបណ្តោយព្រំដែនកម្ពុជានិងវៀត​ណាម​ប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានកំណត់ថាត្រូវបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង កាលពីចុងឆ្នាំ២០១៧ អះអាងថា ការបោះបង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម បានរួចរាល់ជាង ៨៤ភាគរយ នៅក្នុងចំណោមព្រំដែនសរុប៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ