អតីត​បក្ស​ប្រឆាំង​ថា សភាឯកបក្សនឹងនាំឲ្យកម្ពុជាទទួលរងទណ្ឌកម្មពីអន្ដរជាតិ

តំណាងរាស្រ្តជាប់ឆ្នោតបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អតីតគណបក្សប្រឆាំង ប្រកាសមិនទទួលស្គាល់រដ្ឋសភា​ និងរដ្ឋាភិបាលថ្មី ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នោះទេ ដោយថា រដ្ឋាភិបាលនេះកើតចេញពីការបោះឆ្នោត «ក្លែងក្លាយ» និងថា អាចនាំមកនូវគ្រោះថ្នាក់ដល់សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃនេះ អតីតគណបក្សសង្គ្រោះជាតិអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលកំពុងបង្កើតឡើងនេះ គឺមិនឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋពិតប្រាកដនោះទេ និងថា មិនអាចតំណាងឲ្យពលរដ្ឋខ្មែរនៅលើឆាកអន្ដរជាតិបានឡើយ។

អតីតគណបក្សប្រឆាំងមួយនេះ បាន​ចោទថា រដ្ឋសភា «ឯកបក្ស» ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺកើតចេញពីការ​បោះឆ្នោត «ក្លែងក្លាយ» មិនស្របទៅនឹងរដ្ឋធម្មនុញ្ញ ព្រមទាំងគ្មានការចូលរួមពីតំណាងស្ថានទូតធំៗនៅក្នុងពេលបើកសម័យប្រជុំសភាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃម្សិលមិញ។

អតីតគណបក្សសង្គ្រោះជាតិក៏អំពាវនាវទៅសហប្រធាននៃសន្និសីទសន្ដិភាពទីក្រុងប៉ារីស បើកកិច្ចប្រជុំបន្ទាន់ឡើងវិញ ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជាពេលនេះ។

បន្ទាប់ពីកម្ពុជាបានបញ្ចប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅ ក្រុមប្រទេសលោកសេរីមួយចំនួន នាំមុខដោយសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស អូស្ដ្រាលី​ជាដើម បានរិះគន់ការបោះឆ្នោតនេះ ថា មិនអាចទទួលយកបាន ខណៈគ្មានវត្តមានអតីតបក្សប្រឆាំងចូលរួម។

ក្រុមប្រទេសលោកសេរីទាំងនោះ ក៏ព្រមានផងដែរថា ពួកគេនឹងមិនទទួលស្គាល់រដ្ឋាភិបាលថ្មី កើតក្រោយការបោះឆ្នោតបែបនេះនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ