កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកជាផ្លូវការនៅថ្ងៃនេះ ខណៈនាយទាហាន ២នាក់ទៀត ក៏ត្រូវបានតែងតាំងឲ្យកាន់តំណែងដឹកនាំកងទ័ពផងដែរ។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨នេះ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិនាយទាហាន ៣រូបតាមសំណើរបស់លោក ហ៊ុន សែន ដែលសុំតែងតាំងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជាមេបញ្ជាការកងទ័ពជើងគោក តែងតាំងលោក ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរស័ក្ដិលោក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
លោក ហ៊ុន ម៉ាណែត បានកាន់តំណែងជាមេបញ្ជាការស្ដីទី នៃកងទ័ពជើងគោក បន្ទាប់ពីលោក មាស សុភា បានលាលែងពីតំណែងទៅឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតសភា កាលពីចុងខែកក្កដាកន្លងមកនេះ។
លោកក៏បានកាន់តំណែងជាអគ្គមេបញ្ជាការស្ដីទីនៃកងទ័ពផងដែរ កាលពីថ្ងៃទី២៤ ខែសីហាកន្លងមកនេះ ក្រោយពីអគ្គមេបញ្ជាការស្ដីទី លោក សៅ សុខា ដែលអះអាងថា ត្រូវទៅពិនិត្យជំងឺនៅប្រទេសសិង្ហបុរី៕