លោក ហ៊ុន សែន ប្រាប់​មន្ត្រី​ឲ្យ​លា​លែង​ពី​តួនាទី​តំណាង​រាស្ត្រ បើ​កាន់​តួនាទី​ក្នុង​រដ្ឋាភិបាល

ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលជាសមាជិករដ្ឋាភិបាល​ ត្រូវលាលែង​ពីសមាជិករដ្ឋសភានៅក្នុងអាណត្តិទី៦នេះ​ ដោយថា បើចង់ធ្វើការងារក្នុង​ជួរដ្ឋាភិបាលឲ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។

ក្នុងកិច្ចប្រជុំ​ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងនាព្រឹកនេះ​ថា ព្រះរាជក្រឹត្យព្រះមហាក្សត្រ​ល្ងាចនេះ នឹងប្រកាសតែងតាំរដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមស្ថាប័ន ប៉ុន្តែ លោកថា ក្នុងករណីឃើញមានឈ្មោះក្នុងបញ្ជី មន្ត្រីទាំងនោះ​ត្រូវ​ដាក់ពាក្យលាសុំឈប់ពីតួនាទីសមាជិករដ្ឋសភា ដើម្បីឲ្យក្មេងៗជំនាន់ក្រោយជំនួសការងារនេះ ដោយថា មនុស្សម្នាក់មិនអាច​កាន់តួនាទីជាសមាជិករដ្ឋសភា និងមន្ត្រីក្នុង​ជួរ​​រដ្ឋាភិបាល​​បានទេ។

បើសិនជាឃើញឈ្មោះខ្លួនជារដ្ឋមន្ត្រីប្រតិភូ ឬក៏ជារដ្ឋលេខាធិការ សុំដាក់ពាក្យលាលែង ដើម្បីផ្តល់ឱកាសសម្រាប់អ្នកជំនួសថ្មី មកកាន់ទីកន្លែងក្នុង​រដ្ឋសភា ឯថ្នាក់រដ្ឋលេខាធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ត្រូវ​ធ្វើការខាង​រដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នៅព្រឹកថ្ងៃទី៦កញ្ញានេះ រដ្ឋសភាថ្មីបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ឆ្នាំ២០១៨ ក្នុងនោះ លោក ហ៊ុន សែន ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត។

រី​ឯ​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី ត្រូវ​បាន​បង្កើន​ចំនួន​ដល់ ១០​រូប ដោយ​បន្ថែម​​រដ្ឋ​មន្ត្រី​ការបរទេស​ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន លោក ជា សុផារ៉ា ផង​ដែរ ខណៈ​ដែលសមាសភាពរដ្ឋមន្ដ្រីក៏នៅរក្សាដដែល គឺមានរដ្ឋមន្ដ្រីចំនួន ២៩រូប។

ដោយឡែក បុគ្គលមួយចំនួនត្រូវបានដំឡើងតំណែងជាទេសរដ្ឋមន្ដ្រី គឺមានលោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា លោក យឹម ណុលឡា លោក ជិន ប៊ុនស៊ាន លោក ហូ សិទ្ធី លោក ឃុន ហាំង និងលោក អូស្មាន ហាស្សាន់ ជាដើម៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ