ឥណ្ឌាលុបចោល​ច្បាប់​​ដាក់​ទោស​អ្នកស្រលាញ់​​ភេទដូចគ្នា​ដែល​​​រួមភេទជាមួយគ្នា​

ការដើរក្បួនមោទនភាពកាលពីឆ្នាំ ២០១៧ នៅទីក្រុង New Delhi ដើម្បីបង្ហាញ និងទាមទារសិទ្ធស្រលាញ់ភេទដូចគ្នា (រូបភាព៖ Rebecca Conway for The New York Times)

ឥណ្ឌា បាន​លុបចោល​ទាំងស្រុង​នូវច្បាប់​ដែល​ដាក់​ទោស​ទណ្ឌ​លើ​អ្នកស្រលាញ់​​ភេទដូចគ្នា​ទាំងឡាយណាដែល​​​រួមភេទដោយមិនមានការ​បង្ខិតបង្ខំ​។

អគ្គលេខាធិការគណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក Sam Zarifi បាន​សរសេរនៅលើបណ្ដាញ ​Twitter របស់លោក ​ថា​តុលាការកំពូលឥណ្ឌា​នៅថ្ងៃនេះ បាន​ចេញសម្រេចថា​កថាខណ្ឌ «៣៧៧ ដែល​​​ដាក់​ទោស​អ្នកស្រលាញ់​​ភេទដូចគ្នាដែល​រួមភេទជាមួយគ្នា​តាមការព្រមព្រៀង»​​លែង​មាន​ទៀតហើយ។​

តាមប្រភពដដែល តុលាការកំពូលឥណ្ឌាចេញ​សេចក្តីសម្រេច​បែប​នេះ ដោយ​សារ​តែហេតុផល​ថា​កថាខណ្ឌ៣៧៧ នេះ​រំលោភរដ្ឋ​ធម្មនុញ្ញឥណ្ឌា ក៏ដូចជាច្បាប់​អន្តរ​ជាតិ​ផងដែរ។

នេះជាជោគជ័យមួយដ៏ធំសម្រាប់​ក្រុម​អ្នកស្រលាញ់ភេទដូចគ្នានៅឥណ្ឌា​ដែល​បានតស៊ូមតិអស់រយៈពេលជាច្រើ​នឆ្នាំមក​ហើយដើម្បីឲ្យ​តុលាការប្រទេសនេះលុប​ចោលខណ្ឌ «៣៧៧» នេះ ​។ ​

កាលពីឆ្នាំ​២០០៩​កន្លងទៅ​ តុលាការថ្នាក់ក្រោម​ឥណ្ឌាធ្លាប់​បាន​ លុបចោល​ច្បាប់​នេះម្ដង​រួចមកហើយ។ ប៉ុន្តែ​ភ្លាមៗបន្ទាប់​ពីមានការសម្រេចនេះ​ ក្រុម​មេដឹក​នាំសាសនាឥស្លាម ហិណ្ឌូ និង គ្រឹស្តសាសនា បាន​ប្ដឹងជំទាស់។ រហូត​ដល់​ឆ្នាំ២០១៣ តុលាការឥណ្ឌា​បានសម្រេច​ឲ្យប្រើ​ប្រាស់​ច្បាប់​នេះឡើងវិញ។

កថាខណ្ឌ «៣៧៧»​ នេះ ត្រូវបានចក្រភព​អង់គ្លេស​អនុម័តនៅឆ្នាំ១៨៦០ ហើយ​អង់គ្លេស​​ក៏បាននាំយកច្បាប់នេះទៅ​ប្រើ​ក្នុង​ដែន​ដីអាណានិយម​របស់​ខ្លួន​ចំនួន​៤១​ ដែល​ពេលនោះ​ក៏មាន​ឥណ្ឌាផងដែរ។​ ចក្រភព​អង់គ្លេស​ បាន​លុបចោល​ច្បាប់នេះនៅឆ្នាំ​១៩៦៧ ប៉ុន្តែប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​របស់​ខ្លួនមួយចំនួន​នៅ​តែរក្សា​ច្បាប់នេះដដែល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ