នគរបាលជាតិបន្ថែមកម្លាំងទៅពង្រឹងសន្តិសុខសណ្តាប់ធ្លាប់ក្នុងខេត្តព្រះសីហនុ

ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្តព្រះសីហនុ (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

អគ្គស្នងការនគរបាលជាតិ បាន​សម្រេច​ចាត់​តាំង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ជាង ១០​រូប​បន្ថែម​ទៀត ឲ្យ​ទៅជួយពង្រឹងសន្តិសុខ និង​សណ្តាប់ធ្លាប់នៅខេត្តព្រះសីហនុ ខណៈដែល​ខេត្ត​នេះ​ប្រឈម​មុខ​នឹង​កំណើន​ឧក្រិដ្ឋកម្ម​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​នៅ​ក្នុង​ឆ្នាំ​នេះ។

ក្នុងលិខិតបង្គាប់ការចុះថ្ងៃទី៣១ ខែសីហា ដែលវីអូឌីទើបទទួលបានថ្ងៃនេះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បាន​​ចាត់តាំងក្រុមការងារមន្រ្តីនគរបាលជាតិចំនួន ១១នាក់ ដឹកនាំ​ដោយ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ថោង លឹម ដើម្បីចុះពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងរៀបចំសង្គម ក្នុងខេត្តព្រះសីហនុ។

វីអូឌី​បាន​​ស្វែង​រក​ការ​បក​ស្រាយ​បន្ថែម​ពី​លោក ថោង លឹម ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​ពុំ​បាន​​ទទួល​ទូរស័ព្ទ​នោះ​ឡើយ។

កន្លងមកមានសារព័ត៌មាន និងបណ្តាញសង្គម បានចុះផ្សាយជាបន្ត​បន្ទាប់​អំពីបញ្ហាជនជាតិចិនរស់នៅក្នុងខេត្តព្រះសីហនុ ដោយថា ជនជាតិចិនទាំងនោះបានបង្ក​បញ្ហាជាច្រើនដូចជា ជួញដូរ និងចាក់ចាយគ្រឿងញៀន ការបង្កអំពើហិង្សា បង្កគ្រោះថ្នាក់ចរាចរណ៍ ការជួញដូរផ្លូវភេទ និងបង្កការរំខាន​ផ្សេងៗទៀតដោយមិនគោរពច្បាប់កម្ពុជានោះទេ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា ករណីអគ្គស្នងការនគរបាលជាតិបញ្ជូនក្រុមការងារទៅជួយពង្រឹងសន្តិសុខសណ្តាប់ធ្លាប់នៅខេត្តព្រះសីហនុនេះ មិនមែនដោយសារខេត្តនោះមានឧក្រិដ្ឋកម្មបង្កឡើងដោយជនជាតិចិនច្រើននោះទេ។

លោកបន្តថា រយៈពេល ៨ខែ​ឆ្នាំ២០១៨នេះ មានបទល្មើសដែលបង្កឡើងដោយជនបរទេស និងខ្មែរប្រហែលជិត ១០០​ករណីប៉ុណ្ណោះ ហើយលោករំពឹងថា ក្រុមការងារដែលអគ្គស្នងការនគរបាលជាតិបញ្ជូនមកនេះ នឹងជួយទប់ស្កាត់បទល្មើសទាំង នោះបានកើនតែប្រសើរថែមទៀត។

ជាទូរទៅ បទល្មើសព្រហ្មទណ្ឌដូចជាមិនដល់ ១០០ករណីទេ បើយើងបូកទាំងអស់ ហើយវាអត់អីចម្លែកទេគ្រាន់​តែថា សង្គមហ្វេសប៊ុក គាត់ធ្វើឲ្យមានការភ្ញាក់ផ្អើល បំពុលថា ប្រហែលជាខេត្តព្រះសីហនុនេះមានស្ថានភាពវឹកវរហើយបានជា​នាយឧត្តសនីយ៍អគ្គស្នងការនគរបាលជាតិដាក់កម្លាំងមកដូចផ្កាយដូចជាអីមក

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន

មន្ដ្រីសម្របសម្រួលសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី មានប្រសាសន៍ថា កន្លងមក ជនជាតិចិនពិតជាបានបង្កបញ្ហាទាំងនោះមែន រួមទាំងដណ្តើមមុខរបរ និងបង្កការរំខានដល់ពលរដ្ឋខ្មែរដែលរស់នៅក្នុងខេត្តជាប់សមុទ្រមួយនេះផងដែរ។

អ្នកស្រីសំណូមពរទៅអាជ្ញាធរ ឲ្យ​ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បន្ថែមទៀត ដោយចាត់វិធានការតឹងរឹង ទាន់ពេលវេលា និងកុំឲ្យមានអំពើពុករលួយ ទៅ​លើ​ជនជាតិចិន ដែលបង្ក​បទល្មើសព្រហ្មទណ្ឌ។

ប្រសិនជាមានបទល្មើសព្រហ្មទណ្ឌកើតឡើង យើងមិនពង្រឹងការអនុវត្តច្បាប់ទេ យើងបែរជាធ្វើការសម្របសម្រួល ប្តូរយកជាលុយជាកាក់ ឲ្យគាត់រួចផុតពីការទទួលខុសត្រូវតាមច្បាប់ហ្នឹង អាហ្នឹងធ្វើឲ្យគាត់ហ្នឹងប្រមាថមើលងាយច្បាប់ស្រុកយើងទៀត

មន្ដ្រីសម្របសម្រួលសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី

ស្នងការនគរបាល​ខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់សារព័ត៌មានកាលពីខែកក្តដាថា បច្ចុប្បន្នជនជាតិចិនដែលមករស់នៅខេត្តព្រះសីហនុរយៈពេលវែង និងខ្លីមានប្រហែល ៤ម៉ឺននាក់ ក្នុងនោះមានអ្នកវិនិយោគប្រមាណ ២ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ