អង្គការមួយរកឃើញថា សហគមន៍ក្រីក្រជិត៣០០កន្លែងប្រឈមការបណ្តេញចេញ

ពលរដ្ឋមកពីបុរីកីឡា មកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផានប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (រូបភាព៖ ហួត វុទ្ធី)

អង្គការមួយធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាន បានជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់សហគមន៍ ក្រីក្រក្នុងរាជធានីភ្នំពេញ​ ខណៈខ្លួនរកឃើញថា សហគមន៍ក្រីក្រជិត ៣០០កន្លែង កំពុងប្រឈមនឹងការបណ្តេញចេញដោយ​សារ​ការតាំងលំឋានរបស់សហគមន៍ទាំងនោះពុំទាន់មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

សមាគមធាងត្នោត បានធ្វើការស្ទង់មតិមួយកាលឆ្នាំ២០១៧ ដែលចេញផ្សាយនៅថ្ងៃនេះ បានរកឃើញថា សហគមន៍ក្រីក្រ២៧៧កន្លែង បានកំពុងប្រឈមនឹងបញ្ហាជាច្រើន។

របាយការណ៍នោះបញ្ជាក់ថា ៨៣ភាគរយ​នៃការតាំងលំនៅឋានរបស់សហគមន៍ទាំងនោះ គឺពុំមានប័ណ្ណកម្មកសិទ្ធិដីធ្លីទេ និង៧៥ភាគរយ​នៃសហគមន៍នោះ ក៏មិនត្រូវបានចុះបញ្ជីដីធ្លីជាប្រព័ន្ធដែរ ហើយ ៧៩ភាគរយនៃការតាំងលំនៅឋាន​របស់សហគមន៍​ក្រីក្រទាំងនោះ ពុំមានឯកសារលាយលក្ខណ៍ជាអក្សរដើម្បីកំណត់ស្ថានភាពដី និងសិទ្ធិកាន់កាប់ដីនោះដែរ ដែលធ្វើឲ្យពួកគេងាយរងគ្រោះ និងប្រឈមការបណ្តេញចេញ ឬ ផ្លាស់ប្តូរលំនៅឋាន។

របាយការណ៍នេះ ឲ្យដឹងទៀតថា ស្ទើតែពាក់កណ្តាលនៃការតាំងទីលំនៅរបស់សហគមន៍ក្រីក្រទាំងនោះ គឺពុំមានហេដ្ឋានរចនាសម័ន្ធគ្រប់គ្រាន់ ដោយខ្វះសេវាកម្មមូលដ្ឋានដូចជាប្រព័ន្ធទឹកស្អាត ប្រព័ន្ធបង្ហូរទឹកស្អុយ ការប្រមូលសំរាម និងអគ្គីសនីជាដើម។

សមាគមដែលធ្វើការជំរុញការគោរពសិទ្ធិ និងសិទ្ធិលំនៅឋានមួយនេះ លើកឡើងថា ដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយការទទួលខុសត្រូវ រដ្ឋាភិបាលត្រូវតែកែលម្អបញ្ហាឡើងវិញ ដោយស្នើទៅសាលារាជធានីភ្នំពេញត្រូវកសាងហេដ្ឋារចនាសម័្ពន្ធ និងត្រូវ​ផ្តល់សេវាកម្មឲ្យកាន់តែប្រើសើរ ដូចជាកសាងប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម រួមទាំងភ្ជាប់បណ្តាញប្រព័ន្ធទឹកស្អាត់ជូនពលរដ្ឋសហគមន៍ក្រីក្រទាំងនោះផងដែរ។

សមាគមធាងត្នោតក៏ស្នើរទៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ត្រូវធ្វើការងារដោយតម្លាភាព និងត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋសហគមន៍ក្រីក្រទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ