មេដឹកនាំ​វៀតណាមប្រាប់មន្រ្តី​ខ្លួនឲ្យ​កាត់បន្ថយ​រនាំង​នានា​ដើម្បីបង្កើនការនាំចេញ​

នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc (Reuters)

នាយករដ្ឋមន្រ្តី​វៀតណាម​ បាន​ណែនាំ​ឲ្យមន្ត្រីក្រោម​ឱវាទនិង​ភាគី​ពាក់​ព័ន្ធនានាធ្វើកំណែទម្រង់​និងកាត់បន្ថយ​រនាំងនានា​ដើម្បីឲ្យ​​ការនាំចេញ​ផលិតផលរបស់់ខ្លួន​​ទៅកាន់​ទៅផ្សារអន្តរជាតិ​មាន​ការកើនឡើងថែមទៀត​។

​ការ​ណែនាំនេះ​ជាផ្នែកមួ​យ​នៃ​សេចក្តី​ចង្អុល​បង្ហាញជាផ្លូវការ​​របស់​ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី​វៀតណាម  ដែលនិយាយ​ពី​កិច្ចការ​និង​ដំណោះស្រាយ​ដើម្បី​អភិវឌ្ឍន៍​​និង​លើកកម្ពស់ការនាំចេញផលិតផល។ នេះបើត​ាម​ការចុះផ្សាយ​របស់​សារព័ត៌មា​ន​វៀតណាម​​ញូវ។

នាយករដ្ឋមន្រ្តី​វៀតណាម​រូបនេះ​ ក៏បាន​ស្នើឲ្យ​រដ្ឋមន្រ្តីនិង​ស្ថាប័ន​នានាដែល​ធ្វើ​ការ​ពាក់ព័ន្ធនឹង​ការផលិត​និងការនាំចេញធ្វើការ​សិក្សាឡើងវិញពីបទ​បញ្ញត្តិផ្សេងៗ​ទាក់​ទងនឹងផលិតកម្ម​ និង​ការនាំចូល​វត្ថុធាតុដើម ដើម្បី​បង្កើនភាពងាយស្រួលដល់សហគ្រាស​ក្នុងការ​ផលិត​។ បន្ថែម​លើ​នេះលោក ង្វៀន សួនហ្វុក ក៏ប្រាប់​ដល់មន្រ្តីរបស់ខ្លួន​ផ្សព្វផ្សាយ​ឲ្យបាន​ទូ​លំទូលាយ​ពី​ព័ត៌មាន​​ទាក់​ទងនឹងការនាំ​ចេញ​ផងដែរ។

បញ្ហាមួយចំនួន​ដែល​ធ្វើឲ្យការនាំចេញ​របស់​វៀតណាម​ប្រឈមនៅពេល​នេះមានដូចជា​ការផ្លាស់ប្តូរ​គោល​នយោបាយ​នាំចូល​របស់​ប្រទេស​នានាដែល​វៀតណាម​ត្រូវនាំទំនិញខ្លួន​​ទៅលក់  រនាំងបច្ចេកទេស​ ហានិភ័យក្នុងការ​ទូទាត់​ប្រាក់​ និង​ការឃោសនា​អវិជ្ជមាន​ទាក់​ទង​នឹង​ការនាំចេញ​ផលិតផល​វៀតណាម។ ​តាម​វៀតណាម​​ញូវ ក្រសួងឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​   នឹង​ធ្វើ​ការសិក្សានិង​ដោះស្រាយ​បញ្ហាទាំងនេះ។​

លោក ង្វៀន សួនហ្វុក ក៏បានសង្កត់​ធ្ងន់​​ពី​ការធ្វើ​កំណែទម្រង់ក្នុងវិស័យ​កសិកម្មផងដែរ​ដើម្បី​ឲ្យការនាំ​ចេញផលិត​ផល​នេះ​មាន​ការ​កើនឡើងជាងមុន។ លោក​បាន​លើកឡើងថា​ក្រសួងនិង​ស្ថាប័ននីមួយៗ​ត្រូវ​ធ្វើ​ឲ្យមានភាព​ប្រសើរឡើង​នូវគុណភាព​​ផលិតផលកសិកម្ម​ដែល​បំពេញ​តាម​លក្ខណ្ឌសុវត្ថិភាពម្ហូប​អាហារ​។ លោកបន្ថែម​ថា​​ក្រសួងនិង​ស្ថាប័នក៏ត្រូវតែយក​ចិត្តទុកដាក់ក្នុងការស្វែ​ងរក​ដំណោះស្រាយ​និងកាត់​បន្ថយឧបសគ្គនានា​ ដើម្បី​បង្កើនការនាំចេញ​ ផលិត​ផល​កសិកម្មនិងម្ហូបអាហារ​​របស់​វៀតណាម​មាន​ដូច​ជា​គ្រឿងសមុទ្រ បន្លែ កាហ្វេ ស្វាយ​ចន្ទី ម្រេច អង្ករ និង​ដំឡូងមី​ជាដើម។

តាម លោក ង្វៀន សួនហ្វុក ផលិត​សំខាន់​ៗ​ដែល​វៀតណាម​នាំចេញភាគច្រើន​​ជា​ផលិត​វាយនភណ្ឌ ម្ហូបអាហារ​ និង​ផ្លែឈើ។​

កាលពីឆ្នាំ២០១៧កន្លងទៅការនាំចេញរបស់​វៀតណាម​មាន​ទំហំជាទឹក​ប្រាក់​ជាង​២០០ពាន់លាន​ដុល្លា​ដែលកើនឡើង​ជាង​២១ភាគរយបើ​ប្រៀបធៀប​ទៅនឹង​ការនាំចេញក្នុងឆ្នាំ​២០១៦៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ