អ្នកវិភាគ​បញ្ហាសង្គមថាការបង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ត​ល់យោបល់»ធ្វើឲ្យខាតថវិកាជាតិ

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦ គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

អ្នកវិភាគនិងអ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា រដ្ឋាភិបាលបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ​​ធ្វើឲ្យការចាយវាយថវិកាជាតិមិនមានប្រសិទ្ធិភាព​។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម លោក មាស នី មានប្រសាសន៍ថា រដ្ឋាភិបាលបង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»  នេះ គ្រាន់តែធ្វើដើម្បីលំអប្រជាធិបតេយ្យតែប៉ុណ្ណោះ ពោលរដ្ឋាភិបាល​ទំនងជាមិនទទួលយកអនុសាសន៍ឬមតិយោបល់ពីគណបក្សដែលមិនឈ្នះឆ្នោតនោះទេ។ ករណីនេះ​លោ​កថា នឹងធ្វើឲ្យការចាយវាយថវិកាជាតិមិនមានប្រសិទ្ធិភាពទៅវិញ។

យកថវិកាជាតិទៅចាយវាយមិនចាំបាច់ ហើយនៅកន្លែងមួយទៀតដែលចាំបាច់​យើងអត់បានយកទៅប្រើ ដូចខាងសុខភាព អប់រំដែលទាមទារចាំបាច់ ដើម្បីឲ្យជួយទៅដល់សុខ​​ភាពពលរដ្ឋ យើងអត់បានយកទៅប្រើ ហើយយើងយកទៅប្រើគ្រាន់តែឲ្យមានគ្នាបង្ហាញឲ្យល្អមើល​ វាជាបញ្ហាមួយដែលវាមិនមានប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ថវិកាជាតិ

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម លោក មាស នី

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា ការបង្កើត​ «ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ហើយរដ្ឋាភិបាលមិនទទួលយកមតិរិះគន់ចំណុច​ខ្វះខាតរបស់ខ្លួន​ និងមន្ត្រីក្រោមឱវាទទេ នឹងធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល។

បើពលរដ្ឋខ្មែរឲ្យតម្លៃមិនអីទេ បើពលរដ្ឋខ្មែរមិនឲ្យតម្លៃ ជារឿងមួយផ្សេងទៀត គណបក្សកាន់អំណាច​ អាច​ប្រឈមបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា

អ្វីដែលគួឲ្យកត់សំគាល់អ្នកវិភាគរូបនោះ ផ្តល់ជាអនុសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាល​គួរតែ ងាកទៅប្រើប្រាស់ធនធានដែលមានស្រាប់ក្នុងស្ថាប័នរដ្ឋ និងស្ថាប័នរាជ្យ​បណ្ឌិតសភា ប្រសើរជាងបង្កើត​ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយថា អ្នកនយោបាយចាញ់ឆ្នោតទាំងនោះ សមត្ថ​​ភាព​នៅមានកម្រិត​នៅឡើយ។

ប្រធាន​គណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ បានចាត់ទុកការវិភាគនោះថា ធ្វើឡើងដោយមិនមានហេតុផលគ្រប់ជ្រុងជ្រោយ ខណៈគណបក្សក្រៅរដ្ឋាភិបាលមិនទាន់​អនុវត្តការងាររបស់ខ្លួននៅឡើយ។

យើងមិនទាន់បានស្នើអ្វីគេ[រដ្ឋាភិបាល]មួយផង។ ហើយយើងថាគេមិនទាន់ធ្វើតាមយើង ហាក់ដូចជាវាយតម្លៃមុនកកើត ការវិភាគរបស់គាត់ហាក់បីដូចជា មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ រង់ចាំមើលអាយុជីវិតស្ថាប័នមួយនេះ។ ហើយសកម្មភាពការងារមួយនេះឲ្យបានទៅ១ទៅ២ចំណុច​សិន ចាំវិភាគក្រោយក៏មិនទាន់ហួសពេលដែរ

ប្រធាន​គណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់

ប្រធាន​គណបក្សឆន្ទៈខ្មែរលោក គង់ ម៉ូនីកា បង្ហាញជំនឿថា រដ្ឋាភិបាលនិង​ទទួលយកមតិយោបល់ពី   បណ្តុំគណបក្សទាំង១៦ នោះ ដោយថាដើម្បី​ធ្វើឲ្យកម្ពុជា​នឹងកាន់តែរីកចំរើនទៅមុខ។

ខ្ញុំនៅតែមានសុដ្ឋិនិយមថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ និងទទួលយកមតិយោបល់មួយចំនួន ពីឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដោយសារយើងលែងមានគណបក្សប្រឆាំងនៅក្នុង​រដ្ឋសភាទៀតហើយ។ ហេតុដូច្នេះហើយ ខ្ញុំជឿជាក់ថារាជរដ្ឋាភិបាល​អាណត្តិថ្មីនេះនឹងព្យាយាម ធ្វើខ្លួនឲ្យប្រសើរជាងអាណត្តិមុនៗ

ប្រធាន​គណបក្សឆន្ទៈខ្មែរលោក គង់ ម៉ូនីកា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន មិនចាប់អារម្មណ៍នឹងការលើកឡើងរបស់អ្នកវិភាគនោះទេ ដោយថាជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គល។ ប៉ុន្តែលោកថា ការបង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះនឹងជួយរួមចំណែកដោះស្រាយបញ្ហាភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន។

យើងបង្កើន​យន្តការមួយដើម្បីរួមតិយោបល់ ត្រួតពិនិត្យអំពីការអនុវត្តកម្មវិធីនយោបាយ ផ្តល់យោបល់ ផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់នានា ដែលគណៈរដ្ឋមន្ត្រីបញ្ជូននីតិបញ្ញត្តិ ដើម្បីអនុម័ត ហើយនិងការតាមដាន សកម្មភាពរបស់មន្ត្រីរាជការ របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាមិនប្រក្រតីណាមួយសុទ្ធតែចំនេញ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន

អ្នកនាំពាក្យបក្សកាន់អំណាច​រូបនោះ អះអាងថា ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកន្លងមក​ទទួលបានប្រាក់ខែចន្លោះពីជាង១លានរៀល និងជាង២លានរៀលក្នុងមួយខែ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន​បើកកិច្ចប្រជុំមួយនៅវិមានសន្តិភាពកាលពីថ្ងៃទី២១ ខែសីហា ជា  មួ​យ​​​មេដឹកនាំគណបក្សចំនួន១៦ ដើម្បី​ពិភាក្សា​បង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ​ជួយ​រិះ​គន់ចំណុច​ខ្វះខាតរបស់រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យប្រទេសជាតិរីកចំរើន។

កាលពីម្សិលមិញព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី បាន​ចេញព្រះ​រាជ​ក្រឹត្យតែងតាំង​​មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន១៥ដែល​មិនទទួលបាន​អាសនៈក្នុងការបោះឆ្នោត​កាលពីខែកក្កដា​ទៅក្នុង​​សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្រ្តី​រហូតដល់​​​ទេស​រដ្ឋ​មន្ត្រី៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ