លោក​ ហ៊ុន​ សែន​ ថាការមិន​​រុះ​រើ​តំ​ណែង​រដ្ឋ​មន្ត្រី​អាណ​ត្តិ​ថ្មី​ជាយុទ្ធសាស្រ្តរបស់លោក

លោក ហ៊ុន សែន ជាប់ជាបេក្ឋភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ ព្រឹកថ្ងៃទី ០៦ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយថាការរក្សាទុកតំណែងរដ្ឋមន្ត្រីឲ្យនៅកាន់ក្រសួងដដែលស​ម្រា​​​ប់​អា​​​ណ​ត្តិថ្មីនេះថា ជាយុទ្ធសាស្ត្រឈ្នះៗក្នុងទិសដៅធ្វើកំណែទម្រង់។

តាម​ប​ញ្ជី​រាយនាមនិងតួនាទីមន្ត្រីរដ្ឋាភិបាល សម្រាប់អាណត្តិថ្មី ត្រវបានផ្សព្វផ្សាយ​ជា​សាធារណៈកាលពីថ្ងៃ​ព្រហ​ស្ប​តិ៍​ម្សិ​​​ល​មិ​ញ ក្រោយពីរដ្ឋាភិបាលនីតិកាលទី៦នេះ ត្រូវបាន​បង្កើត​ឡើង រដ្ឋមន្ត្រីទាំង២៨ក្រសួងមិន​ត្រូវបា​ន​ផ្លា​​ស់​ប្តូរទេ។ ករណីនេះ​ជំរុញ​ឲ្យអ្នកតាម​ដាន​ខ្លះ​​​ធ្វើការវិភាគថា ការប្តេ​ជ្ញាចិត្តធ្វើកំណែ​ទម្រង់របស់រដ្ឋាភិ​បាលនៅអា​ណ​ត្តិ​ថ្មី​​​​នេះ អា​ច​នឹ​ង​​មិនទទួលបានជោគជ័យ ដោយថាព្រោះ​ប្រព័ន្ធដឹកនាំ​ជាមនុស្ស​ដដែលៗ។

ប៉ុន្តែក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង ថ្ងៃទី៧ ខែកញ្ញានេះ លោក ហ៊ុន សែន ថ្លែងថាការធ្វើ​កំ​​ណែ​​​​​​ទ​​​ម្រ​ង់​មិ​ន​​​​ចំាបាច់ប្តូរមនុស្សទេឲ្យតែ​មន្ត្រីចា​ស់ៗ​ទាំង​នោះ​ចេះ​​​ធ្វើឲ្យ​ការឲ្យមាន​ប្រសិទ្ធិ​ភា​ព​​​ជាង​មុន។ លោក ហ៊ុន សែន អះអាងទៀតថា ការធ្វើកំណែទម្រង់ដោយផ្តោតតែលើ​ការដោះដូរ​មន្ត្រី លោកថាជា​ន​យោ​​បាយ​អត្តឃាត។

ធ្វើនយោបាយបើសិនជាគ្រាន់តែដើម្បីដោះដូរមនុស្ស ហើយដែលហៅថាកែទម្រង់ ត្រឹមដោះ​ដូរម​​នុ​ស្ស គណបក្សនយោបាយមួយនោះនឹងស្លាប់។ ហើយមេដឹកនាំមួយនោះ​នឹងស្លាប់ដោយឯកោបំផុត។​ នេះ​ដែ​​ល​​ខ្ញុំសុំ​ជំរាប។ ជោគជ័យរបស់ ហ៊ុន សែន ចាប់​ផ្តើមពីមនុស្ស៥នាក់ រហូតមកដល់​មនុស្សរាប់លាន​នាក់ នៅ​ជាមួ​យ​ ហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់បង្កើនថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

មេដឹកនាំរូបនេះ រំឭក​ទៀតថា ការឈ្នះឆ្នោ​តកើតចេញពី​ការខំប្រឹ​ងប្រែង​របស់សមាជិក ហើយថាបើពេ​ល​​ឈ្នះ​ឆ្នោត មេបក្សបែរជាទាត់មន្ត្រី ឬសកម្មជនរបស់ខ្លួនចោល របប​ដឹកនាំនោះ​នឹងទទួលបរាជ័យ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក​ សន ជ័យ និយាយថា ប្រសិទ្ធិភាព​នៃកា​រ​ធ្វើ​កំ​​ណែ​​​​​​ទ​​ម្រង់សង្គម ត្រូវផ្តោតលើធនធានមនុស្ស ឆន្ទៈនៃការកួតប្រជែង​ប្រកប​ដោយ​មនសិការ​ជាតិ មិនផ្តោ​​ត​​​សំ​​​ខា​ន់​​លើអតីភាពនៃការធ្វើនយោបាយទេ។

លោក សន ជ័យ ថា បើមន្ត្រីប្រសូត្រចេញពីក្រុមអ្នកនយោបាយណាមួយ លោកថា​មន្ត្រី​នោះ​ នឹងរកផល​ប្រ​យោ​​ជន៍​ឲ្យបក្សនយោបាយវិញ ច្រើនជាងយកចិត្តម្ចាស់ឆ្នោត។ បើ​តាម​មន្ត្រី​សង្គម​ស៊ីវិលរូបនេះ ដើម្បីធានាសេវាការ​គាំពារសង្គម និងលើកកម្ពស់ជីវភាពពលរដ្ឋ ត្រូវធ្វើកំ​ណែ​ទ​ម្រ​​ង់ក្រសួងសុខាភិបាល និងក្រសួងកសិកម្មកម្មមុនគេ។

មិនបាច់ទៅលើឯណាឆ្ងាយទេ គ្រាន់តែមើលមួយជ្រុងថា ពីពេលនេះតទៅ ឬ៥ឆ្នាំទៅមុខ តើអ្នក​ជំងឺកម្ពុជាហ្នឹងនៅតែនាំគ្នាទៅព្យាបាល នៅប្រទេសថៃ វៀតណាម ដដែលទៅ ។ ហើយក្រ​សួងក​សិកម្មវិញ ទីផ្សារកសិផល នៅតែជាកង្វល់របស់ប្រជាពលរដ្ឋទៅ ហើយព​លរដ្ឋ​នៅ​តែរក​ស៊ី​ធ្វើស្រែខាតអញ្ចឹងទៅ អ្នក​​ខ្លះក៏​​បោះបង់ការងារកសិកម្មចោល ចំណាកស្រុក​ទៅ​ទៅរ​កការងារ​នៅប្រទេសថៃ កូរ៉េអី​អស់ទៅ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក​ សន ជ័យ

ក្រៅ​ពីរដ្ឋមន្រ្តី​នៅតាម​ក្រសួងនីមួួយៗ រដ្ឋាភិបាល​ក៏មាន​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួនសរុប១៩រូបផ្សេងទៀតផងដែរ។ ដោយឡែក​​ប្រធាន​និងអនុប្រធាន​គណបក្សនយោបាយ​ជាង ១០ ដែលបានចូលរួមប្រកួតការបោះឆ្នោត តែមិនឈ្នះឆ្នោត ក៏​ត្រូ​វ​​​​តែង​តាំងជា​រដ្ឋ​​មន្ត្រី​ ឬជាទេសរដ្ឋមន្ត្រីផងដែរក្នុង​អាណត្តិនេះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ