លោកស្រី​ រ៉ូណា ស្មីត ដាក់របាយការណ៍បន្ថែមស្ដី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទៅ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

អ្នករាយការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី រ៉ូណា ស្មីត បានដាក់របាយការណ៍បន្ថែមមួយទៀតស្ដីអំពីបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ជូនទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោង​ប្រជុំនៅខែកញ្ញានេះ។

ឯកសារ​ដែល​ត្រូវ​បាន​រក្សា​ទុកនៅ​លើ​ប្រព័ន្ធ​ឯកសារ​ផ្លូវការ​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា លោកស្រី រ៉ូណា ស្មីត បាន​បញ្ជូន​របាយការណ៍​បន្ថែម​កម្រាស់ ២២​ទំព័រ ដែល​​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ។ របាយការណ៍​បន្ថែម​នោះ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ស្ថានភាព​នៅ​មុន អំឡុង​ពេល និង​ក្រោយ​រ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាល​ពី​ចុង​ខែ​កក្កដា​កន្លងមក។

របាយការណ៍​ជា​ភាសា​អង់គ្លេស​នេះ នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​ទី១០ នៃ​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៣៩ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា​នេះ។

ក្នុងរបាយការណ៍បន្ថែមនោះ លោកស្រី រ៉ូណា ស្មីត រកឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩កក្កដាកន្លងទៅ គឺពោរពេញដោយរឹតត្បិត និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោតនៅក្នុងខេត្តមួយចំនួន  ការយាយីក្រុមអង្គការសង្គមស៊ីវិល ការគ្រប់គ្រងបណ្ដាញសារព័ត៌មាន និងការរារាំងអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមប្រកួតប្រជែង ដោយថា ការបោះឆ្នោតបែបនេះ គឺគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។

ទោះបីជារបាយការណ៍របស់ គ.ជ.ប. បានបង្ហាញថា ពលរដ្ឋប្រមាណ ៨៣ភាគរយបានចេញទៅបោះឆ្នោតក៏ដោយ ប៉ុន្ដែ លោកស្រីអះអាងថា ពលរដ្ឋកម្ពុជាបានទទួលរងការបំភិតបំភ័យ និងបង្ខំឲ្យចេញទៅបោះឆ្នោត ការគំរាមកំហែងពីសំណាក់អាជ្ញាធរ ការទិញសន្លឹកឆ្នោត និងចំណាត់ការផ្លូវច្បាប់ចំពោះអ្នកគាំទ្រ និងអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះរូបភាព «ម្រាមដៃស្អាត» សម្ដែងការមិនពេញចិត្តចំពោះការបោះឆ្នោតនេះ។

លោកស្រី រ៉ូណា ស្មីត លើកឡើងក្នុងរបាយការណ៍ថា ការអំពាវនាវឲ្យធ្វើពហិការចំពោះការបោះឆ្នោតដែលមិនមែនជាកាតព្វកិច្ចកំណត់ដោយច្បាប់នោះ គឺជា​សិទ្ធិបញ្ចេញមតិដែលត្រូវបានធានាដោយច្បាប់សិទ្ធិមនុស្សអន្ដរជាតិ ខណៈអតីតគណបក្សប្រឆាំង ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​។

លោកស្រីបន្ថែម​ក្នុង​របាយការណ៍​ដដែលថា ចក្ខុ​វិស័យ​នៃ​កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ មិនទាន់ត្រូវបានគោរពនោះទេ ដរាបណាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានហាមឃាត់ គ្មានការបែងចែកអំណាចច្បាស់លាស់ និងគ្មានការផ្លាស់ប្ដូរអំណាចដោយសន្ដិវិធីតាមរយៈការបោះឆ្នោតនោះ។

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ឆ្នាំ២០១៨ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគ្រប់គ្រងអាសនៈទាំងអស់ ដែល​នាំ​ទៅ​រក​បង្កើត​សភាឯកបក្ស។

ប៉ុន្ដែ ក្រុមប្រទេសលោកសេរីមួយចំនួន ដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស អូស្ដ្រាលី​ជាដើម បានរិះគន់ការបោះឆ្នោតនេះ​ថា មិនអាចទទួលយកបាន ខណៈគ្មានវត្តមានអតីតបក្សប្រឆាំងចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ