តុលាការ​ដោះ​លែង​លោក កឹម សុខា ជាមួយ​លក្ខខណ្ឌ​ហាម​ចេញ​ពី​គេហដ្ឋាន

លោក កឹម សុខា (រូបថត៖ FB)

មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កំហិត​ឲ្យ​នៅ​ក្នុង​គេហដ្ឋាន​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយបុគ្គល​ខាង​ក្រៅ​នោះ​ឡើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ក្នុង​ដីកា​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ សម្រេចដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ម៉ោង ៣​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​នេះ ប៉ុន្តែ ត្រូវ​ស្ថិត​ក្រោម​វិធានការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

ដីកា​សម្រេច​នោះ បាន​ហាម​ឃាត់​លោក កឹម សុខា មិន​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើប​សួរ មិន​អាចទាក់​ទង​ជាមួយ​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ ជនបរទេស ឬ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង និង​មិន​អាច​ជួប​ជុំ​គ្នា​ក្នុង​គោលដៅ​ធ្វើ​សកម្មភាព​នយោបាយ​ណា​មួយ​នោះ​ឡើយ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​អះ​អាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ការ​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ហេតុផល​សុខភាព​ជន​ជាប់​ចោទ។

លោក កឹម សុខា អាយុ ៦៥ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ដែល​ការ​ចោទ​ប្រកាន់​នេះ​រង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ