ពលរដ្ឋខេត្តព្រះសីហនុចោទអាជ្ញាធរថា ចុះ​រុះរើផ្ទះសម្បែង​ពួកគាត់​ពុំ​ជូនដំណឹងជាមុន

គេហដ្ឋានដែលត្រូវបានអាជ្ញាធរឈូសឆាយរុុះរើចេញ (រូបភាព៖ ហ្វេសប៊ុក Entry Sor)

ប្រជាពលរដ្ឋរស់នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរខេត្តនេះ បានដាក់ម្លាំងជាច្រើនរួមទាំង​គ្រឿងចក្រ ដើម្បីរុះរើសផ្ទះសម្បែងរបស់​ពួកគេ ដោយ​ពលរដ្ឋ​ហៅ​សកម្មភាព​នេះ​ថា ជា​ការ​បណ្ដេញពួកគេចេញទាំងបង្ខំ និង​ដោយពុំបានជូនដំណឹងជាមុន។

លោក ហោ សុខលី ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ពូធឿង ស្ថិត​ក្នុង​ឃុំ​បិតត្រាំង បាន​ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរបានឈួសឆាយផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពូធឿង​អស់ ៦៥​ខ្នង ចាប់​តាំងពី​ថ្ងៃ​ទី​២៩ ខែ​សីហា​កន្លង​មក ដោយមិនបានជូនដំណឹងនោះឡើយ។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅថ្ងៃនេះ អាជ្ញាធរខេត្តបានដាក់កម្លាំងជាច្រើន ដើម្បីរុះរើសផ្ទះ និងបានគំរាមកំហែងពួកគាត់ឲ្យចាកចេញពីទីតាំងដីនេះផងដែរ។

ពួកវាមកគំរាមកំហែងយើងពេក ប្រមាថបាញ់ ប្រមាថអីអញ្ចឹង។ គេគំរាមកំហែងដេញចាប់បាញ់យើង​ ហេតុការណ៍ហ្នឹង​និយាយជួនកាល​គេ​អត់ជឿទេ ដែលថា មិនដែលសមត្ថកិច្ចមកគំរាមកំហែងប្រជាពលរដ្ឋ ក៏ប៉ុន្តែ ការពិត គឺអញ្ចឹងមែន ​ហើយប្រជាពលរដ្ឋមានតែដៃទទេ។ អាងពួកគាត់មានអាវុធអញ្ចឹង គំរាមកំហែងពួកបងប្អូន

លោក ហោ សុខលី ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ពូធឿង ស្ថិត​ក្នុង​ឃុំ​បិតត្រាំង

មេឃុំបិតត្រាំង លោក មាជ ចាន់ ទទួលស្គាល់ថា លោកពិតជាបានចេញលិខិតឲ្យប្រជាពលរដ្ឋរស់នៅទីនោះមែន ប៉ុន្តែ លិខិតដែលលោកចេញឲ្យប្រជាពលរដ្ឋនោះ មិនបានដល់ ៣០០​គ្រួសារនោះទេ។ លោកបន្តថា លោកចេញលិខិតឲ្យប្រជាពលរដ្ឋ​រស់នៅទីតាំងនោះ  ដោយសារ លោកមិនដឹងថា តំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

ខ្ញុំរៀបចំទៅសម្របសម្រួលជាមួយគាត់​ថា មីងពូទាំងអស់ បើស្រឡាញ់ខ្ញុំ អាណិតខ្ញុំជាមេឃុំ ដីនេះ នៅក្នុងនាមជាដីអនុក្រឹត្យហើយ។​ អញ្ចឹង ខ្ញុំគ្មានសិទ្ធិណាទៅរំលោភ ឬទៅធ្វើអីមួយចុះហត្ថលេខារំលោភអនុក្រឹត្យរបស់រដ្ឋាភិបាលទេ។ ខ្ញុំធ្វើនេះខុសគ្នា ខ្ញុំបានជម្រាបជូនគាត់អញ្ចឹងទៅ សម្របសម្រួលជាមួយគាត់ ក៏ប៉ុន្តែ អត់មានសម្របសម្រួលជាមួយយើងទេ គាត់ថា លោកមេឃុំឯងកុំភ័យ។ ខ្ញុំទៅពីរ​បីដង ទៅប្រាប់គាត់ម៉េចក៏គាត់មិនចេញដែរ។ នេះវិធានការមួយរបស់គណៈមេបញ្ជាការឯកភាពខេត្ត

មេឃុំបិតត្រាំង លោក មាជ ចាន់

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​ដឹង​ថា តំបន់​ក្បាលឆាយ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ ដើម្បី​រក្សា​ប្រភព​ទឹក​សម្រាប់​ផ្គត់​ផ្គង​ទៅ​ខេត្ត​ព្រះសីហនុ និង​មិន​អនុញ្ញាត​ឲ្យ​នរណា​ទៅ​រំលោភ​បំពាន​នោះ​ឡើយ។

លោក​ថែម​ទាំង​​ព្រមាន​ថា ​នឹង​ចាត់​វិធានការ​កាន់​តែ​តឹង​តែង​បន្ថែម​ទៀត​ទៅ​លើ​ពលរដ្ឋ​ទាំង​នោះ ដែល​លោក​ថា បាន​រស់នៅ​ដោយ​ខុស​ច្បាប់ លើ​ដី​ត្រូវ​បាន​កំណត់​ជា​តំបន់​ការពារ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

ប្រហែលជាមិនត្រឹមតែរុះរើទេ លើកក្រោយអាចមានវិធានការផ្លូវច្បាប់តឹងរឹងជាងនេះទៅទៀត ព្រោះរឿងអនុក្រឹត្យ១១៦ហ្នឹង រដ្ឋបាលខេត្តយើងខ្ញុំ គឺប្ដេជ្ញា​ចិត្តខ្ពស់ណាស់ ត្រូវតែការពារឲ្យបានដាច់ខាត ព្រោះអានេះជាប្រភពទឹកមួយសំខាន់ណាស់ អ្នកតំបន់ក្បាលឆាយយើងហ្នឹង។ ក្បាលឆាយយើងហ្នឹង ចិញ្ចឹមទឹកទុកសម្រាប់ប្រើប្រាស់ក្រុងព្រះសីហនុទាំងមូល ហើយក្រុងព្រះសីហុន បើអត់មានទឹកក្បាលឆាយនេះទេ អត់មានទឹកប្រើប្រាស់ទេ ។ អញ្ចឹងបើយើងបណ្ដោយឲ្យបងប្អូនចេះតែយកអស់ទៅ នឹងប៉ះពាលធ្ងន់ធ្ងរដល់ប្រភពទឹកក្បាលឆាយហ្នឹង

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន

អ្នកនាំពាក្យសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ជូន​ដំណឹង​ទៅ​ដល់​ពលរដ្ឋ​ជាមុន និង​មិន​ត្រូវ​អនុវត្ត​ការ​គំរាម​កំហែង និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ​ឡើយ បើទោះបី​ជា​ពលរដ្ឋ​រស់​នៅ​ស្រប​ច្បាប់ ឬ​ក៏​ខុស​ច្បាប់​ក្ដី។

ជាផ្លូវច្បាប់ហាមឃាត់បុគ្គលគ្រប់រូប មិនត្រូវប្រើប្រាស់ការគំរាមកំហែង ដើម្បីប្រើអំណាចប្រើឥទ្ធិពលទៅប្រជាពលរដ្ឋណាផ្សេងទៀតនោះទេ។ ប្រសិនជាមានការគំរាមកំហហែងទី១ វាប៉ះពាល់ជាបទល្មើសផ្លូវច្បាប់ , ទី២ វារំលោភសិទ្ធិប្រជាពលរដ្ឋក្នុងការទាមទារតវ៉ា ព្រោះគាត់ភ័យខ្លាចអញ្ចឹងគាត់មិនហានចេញតវ៉ាជាដើម

អ្នកនាំពាក្យសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា

លោក ហោ សុខលី អះអាងបន្ត​ថា បច្ចុប្បន្ននេះ ផ្ទះ​សម្បែង​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ភូមិ​ពូធឿង កំពុងប្រឈម​មុខ​នឹង​ការ​រុះរើស​ចេញ ហើយ​លោក​ស្នើ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​ដោះ​ស្រាយ​ដល់​ពួកគាត់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ