លោក សម រង្ស៊ី ទាម​ទារ​ឲ្យ​ស្រោច​ស្រង់​​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ក្រោយ​​ការ​ដោះ​លែង​លោក​ កឹម សុខា

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បាន​ថ្លែង​ថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ​ ក្នុងការស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ។

ក្នុងកិច្ចប្រជុំមួយនៅប្រទេសកាណាដានៅថ្ងៃនេះ លោក សម រង្ស៊ី ថ្លែងថា ទោះបីជាមានការដោះលែងអ្នកទោសជាបន្ដបន្ទាប់ក៏ដោយ ប៉ុន្ដែ លោកថា វាមិនទាន់អាចស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញនោះទេ។

លោក​ សម រង្ស៊ី លើក​ឡើង​ថា ជំហានបន្ទាប់នោះ គឺរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ដំណើរការជាប្រក្រតីឡើងវិញ អនុញ្ញាតឲ្យមន្ដ្រីអតីតបក្សប្រឆាំង ១១៨រូប មានសិទ្ធិធ្វើនយោបាយ និងទាមទារឲ្យមានការបោះឆ្នោតឡើង​វិញ ដោយមានការចូលរួមពីអតីតបក្សប្រឆាំង និងការចូលរួមពីសហគមន៍អន្ដរជាតិ។

ក្នុងកិច្ចប្រជុំនោះ លោក សម រង្ស៊ី ថ្លែងថា៖

សូមរក្សាជំហរថា ការដោះលែងលោក កឹម សុខា នេះ អត់គ្រប់គ្រាន់ទេ អត់គ្រប់គ្រាន់ទេ គ្រាន់តែជាវិធានការមួយ ដោះស្រាយបញ្ហាប្រទេសកម្ពុជា។ គេសម្លាប់លទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ មិនទាន់រស់ឡើងវិញទេ។ មានទៀត ជាជំហានបន្ដបន្ទាប់ទៀត យើងត្រូវតែទាមទារការអនុញ្ញាតបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំនៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីលោកត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈជាង១ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួនលោកកាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំមុន។

ការរំលាយគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួនលោក កឹម សុខា បានជំរុញឲ្យមានប្រតិកម្មរិះគន់ និងថ្កោលទោសជាបន្ដបន្ទាប់មកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដូចជា ការរិះគន់ចំពោះបញ្ហាសិទ្ធិមនុស្ស ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការព្រមានមិនទទួលស្គាល់រដ្ឋាភិបាលថ្មីកើតក្រោយការបោះឆ្នោត ដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ