តុលាការ​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ក្រោម​ហេតុ​ផល​សុខភាព

លោក កឹម សុខា ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី១០ ខែកញ្ញា ដោយអនុញ្ញាតឲ្យលោកកឹម សុខា ចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញ (រូបភាព៖ FN)

សាលាដំបូងរាជធានីភ្នំពេញ អះអាងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំ គឺដោយសារបញ្ហាសុខភាពរបស់លោក ប៉ុន្ដែ ការដោះលែងនេះ គឺធ្វើឡើងតែ ៣ថ្ងៃប៉ុណ្ណោះ មុនសហភាអឺរ៉ុបគ្រោងបើក​កិច្ចប្រជុំបន្ទាន់មួយនៅសប្ដាហ៍នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញគូសបញ្ជាក់ថា មូលហេតុដែលតុលាការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនេះ គឺដោយសារបញ្ហាសុខភាពរបស់លោក និងមានការធានាថា លោក កឹម សុខា មិនអាចរត់គេចពីនីតិវិធីរបស់តុលាការឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន សាលាដំបូងរាជធានីភ្នំពេញ អះអាងទៀតថា ខ្លួននៅតែបន្ដនីតិវិធីស៊ើបសួរក្នុងសំណុំរឿង«ក្បត់ជាតិ» បើទោះបីជាលោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក៏ដោយ។

បន្ថែមលើសពីនេះ តុលាការថា លោក កឹម សុខា នឹងដាក់ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមច្បាប់ និងភ្ជាប់កាតព្វកិច្ចមួយចំនួន ក្រោយការដោះលែង។

យ៉ាងណាក៏ដោយ  ការដោះលែងមេដឹកនាំអតីតបក្សប្រឆាំងកំពុងជាប់ឃុំនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅមុនកិច្ចប្រជុំមួយនៅសភាសហភាពអឺរ៉ុប ដែលគ្រោងប្រជុំសម្រេចពីបញ្ហាសិទ្ធិមនុស្ស និងការបន្ដឃុំខ្លួនលើលោក កឹម សុខា នាថ្ងៃទី១៣កញ្ញាខាងមុខនេះ។

ចំណែក អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏បានដាក់របាយការណ៍បន្ថែមមួយទៀត ដែលនិយាយពីការបោះឆ្នោត បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ។

របាយការណ៍របស់លោកស្រី រ៉ូណា ស្មីត នឹង​ស្ថិត​នៅលើ​​របៀប​វារៈ​ទី១០ នៃ​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៣៩ ដែល​នឹង​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា​។

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ក្នុងពន្ធនាគារអស់រយៈជាង ១ឆ្នាំ ក្រោមការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលថា «ក្បត់ជាតិ» ពាក់ព័ន្ធនឹងការថ្លែងសារនយោបាយរបស់លោកនៅប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ